គេនៅចាំបានថា ពិធីការិនី ដ៏ល្បី អ្នកនាង ប៉ែន ស្រីពេជ្រ បានចូលរោងការបញ្ចប់ភាពនៅលីវ កាលពីថ្ងៃទី០៨ ខែមករា ឆ្នាំ២០២១ ជាមួយបុរសសង្ហាម្នាក់ឈ្មោះ ឆេង ពន្លកនេត្រា ក្រោយពីស្គាល់គ្នា អស់រយៈពេល៥ឆ្នាំនោះ។
ពិធីមង្គលការពួកគេ បានរៀបចំធ្វើឡើងនៅ ភោជនីយដ្ឋាន ទន្លេបាសាក់ II ក្រោមការអញ្ជើញចូលរួមពីសំណាក់ភ្ញៀវកិត្តិយសយ៉ាងច្រើនកុះករ ជាពិសេសវត្តមានរបស់តារាល្បី ញាំងឲ្យកម្មវិធីទាំងមើលទៅពិតជាស្រស់ស្អាតទាក់ចិត្តមហាជននោះ។
ក្រោយរៀបការ ពួកគេ ក៏មានដំណក់ឈាមរួមគ្នា ហើយ ទីបំផុត ប៉ែន ស្រីពេជ្រ បានសម្រាលកូនដោយធម្មជាតិកាលពីយប់មិញ នៅមន្ទីរពេទ្យេឯកជនល្បីមួយ។ ការទទួលបានសមាជីកថ្មីរបស់ពិធីការិនីរូបនេះ ក៏ទទួលបានការចូលរួមត្រេកអរពីសំណាក់មិត្តភក្តិ និងអ្នកគាំទ្រជាច្រើន។
ប៉ែន ស្រីពេជ្រ បានបង្ហាញអារម្មណ៍រីករាយ ក្រោយបានឃើញមុខកូនស្រីដំបូង ដោយរៀបរាប់តាមរយៈការបង្ហោះសារថា «គ្រាន់តែឮសំឡេង កូនស្រីយំ ភាពឈឺចាប់ម្តាយ ក៏រលាយអស់ភ្លាម អគុណកូន ស្វាគមន៍មកកាន់ពិភពលោក ដ៏ស្រស់បំព្រង ឆេង ពេជ្រវិមាន (ELLY )។ ថ្ងៃអង្គារ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២ នៅពេលវេលាម៉ោង៩.១៩នាទីយប់ សម្រាលដោយធម្មជាតិ ២គីឡូ៨ខាំកន្លះ ៣៧សប្តាហ៍»។
ពេលនេះ សុខភាព ប៉ែន ស្រីពេជ្រ និងកូនស្រីក៏ល្អជាធម្មតាបើទោះនាងធ្វើការដល់ថ្ងៃសម្រាលក៏ដោយ ហើយបើក្រឡេកមើលមុខមាត់កូនស្រីដំបូងរបស់ពិធីការិនីរូបនេះវិញ មានមុខមាត់គួរឱ្យស្រឡាញ់ខ្លាំងណាស់៕