រំលេចដល់ឈ្មោះ បេក្ខជន ឡាច ណុច ប្រិយមិត្ត ច្បាស់ជានឹកឃើញភ្លាមថា នៅក្នុងវគ្គJugde Audion រូបគេ បាននាំសង្សារដ៏ស្រស់ស្អាតមកលើកទឹកចិត្ត ហើយប្រាប់គេថា បងប្អូន ដល់ពិធីករ លោក ជា វិបុល សួរបញ្ជាក់ម្ដងទៀត ទើបប្រាប់ថា ជាសង្សារនោះ។
ការនិយាយបែបនេះ នៅពេលនោះ បានធ្វើឲ្យអ្នកលេងបណ្ដាញសង្គមមួយចំនួន កា,,ត់ យកវីដេអូទៅបង្ហោះ បង្កឲ្យមានការចាប់អារម្មណ៍ជាខ្លាំង ទាំងរូបសម្រស់របស់សង្សារ ទាំងការនិយាយលេងថា ទៅផ្ទះវិញ ដឹងតែសង្សារសុំបែក ជាដើម នោះ។
តាំងពីពេលនោះមក បេក្ខជន ឡាច ណុច នៅតែបន្តធ្វើបានល្អរហូតដល់វគ្គLive Showសប្ដាហ៍ទី៥ ក៏នៅតែធ្វើបានល្អដដែល។ តែមិនមែន ការធ្វើបានល្អ ច្រៀងពីរោះ សុទ្ធតែទទួលបានសំឡេងបោះឆ្នោតច្រើនពីទស្សនិកជននោះឡើយ ហើយជាលទ្ធផលរូបគេ ក៏បានធ្លាក់ត្រឹមសប្ដាហ៍នោះតែម្ដង។
ការធ្លាក់នេះ បានធ្វើឲ្យបេក្ខជន វ័យក្មេងជាងគេក្នុងចំណោមបេក្ខជនដទៃទៀតនោះ បានត្រឹមស្រក់ទឹកភ្នែក សោកស្ដាយប៉ុណ្ណោះ។ ទោះយ៉ាងណា តាំងពីបង្ហាញខ្លួនក្នុងកម្មវិធីនេះ រូបគេ មិនដែលបង្ហាញពីជីវិតដ៏កម្សត់របស់ខ្លួនឲ្យមហាជន នោះឡើយ។ តែក្រោយពីធ្លាក់ ក៏ទម្លាយខ្ទេចគ្មានសល់។
ជាក់ស្ដែង កាលពីថ្ងៃទី១៨ ខែសីហា ឡាច ណុច បានបង្ហោះវីដេអូ អមដោយសាររៀបរាប់យ៉ាងកម្សត់ថា «បែកបាក់ បាត់បង់ ឯការ បរាជ័យ កើតមកភ្លាម ម៉ែ ឪ បែកបាក់គ្នាចែកផ្លូវគ្នា លោកតា យកមកចិញ្ចឹមតាំងពីកើត រស់នៅ ដាក់ឈ្មោះ ត្រកូល លោកតា (ឡាច) ដូចជា ឪ អ៊ំស្រី ធ្វើការរកស៊ីជួយមួយគ្រួសារ រៀនបានតិចតួច
តាឈឺជំងឺប្រចាំកាយ អ៊ំស្រី រាប់រងមួយគ្រួសារ ខ្ញុំបានឈប់រៀន ជួយលក់ទឹកនៅផ្ទះ អ៊ំស្រី ខ្ញុំរស់នៅ ដោយ គ្មានជំនាញ ចេះតែ ស្រែក ច្រៀង លេង ជាសំណាងល្អខ្ញុំបាទបាន ប្រឡង កម្មវិធី Cambodian Idol 4 តាម ក្ដីស្រមៃ របស់ខ្លួនឯង តែពេលនេះខ្ញុំបាន បរាជ័យទាំងទឹកភ្នែក បានឲ្យពិភពលោកឃើញ រស់នៅបែបឯកាទៀតហើយ..»៕