មានការចាប់អារម្មណ៍ជាខ្លាំងក្រោយពីថ្មីៗនេះ គឹម លីហ្សា បានប្រកាសថា ខ្លួនជា Single Momនៅតាមបណ្តាញសង្គម ប៉ុន្តែបើគេក្រឡេកមើលគណនីយហ្វេសប៊ុករបស់ស្វាមីនាង នៅតែបន្តចែករំលែករូបភាពយ៉ាងផ្អែមល្ហែមជាមួយភរិយា គឹម លីហ្សា ហាក់ដូចមិនមានរឿងអ្វីរកាំរកូសនោះឡើយ។
ខណៈជីវិតប្តីប្រពន្ធកំពុងរួមរស់ក្រោមដំបូលរួមគ្នាក៏ពិតមែន តែ គឹម លីហ្សា តែងបង្ហោះសារប្លែកៗហាក់ចង់បង្ហាញថា ជីវិតគូរបស់នាងឈានដល់ផ្លូវបែក ដោយនាងថែមទាំងហ៊ានហៅខ្លួនឯងចំៗថាជា Single Mom មិនតែប៉ុណ្ណោះនាងថែមទាំងសុំទោសកូនដោយ និយាយថា យើងរស់នៅតែបីនាក់ប៉ុណ្ណោះ។
អ្វីដែលចាប់អារម្មណ៍ដ្បិត គឹម លីហ្សា លើកឡើងបែបនេះក្តី តែបើគេក្រឡេកមើលហ្វេសប៊ុករបស់ ស្វាមីនាងនៅតែបន្តបង្ហាញរូបភាពផ្អែមល្ហែមដែលលោក និងភរិយា គឹម លីហ្សា បានទៅដើរលំហែនៅតាមបណ្តា ខេត្តនានា ដែលមានដូចជាខេត្តកំពត និងមណ្ឌលគីរី ជាដើម។
ក្នុងនោះក៏មានការចង់ដឹងថាតើអ្វីជាមូលហេតុដែល គឹម លីហ្សា តែងបង្ហាញពីការបែកបាក់គ្នានៅក្នុងគ្រួសារបែបនេះ ហើយតាមដឹងនេះក៏មិនមែនជាលើកដំបូងដែលនាងប្រកាសបែបនេះដែរ។ មានការលើកឡើងផ្សេងៗគ្នាពីសំណាក់មហាជនថាមូលហេតុ គឹម លីហ្សា លើកឡើងបែបនេះអាចជាយុទ្ធសាស្ត្រទីផ្សារជំនួញព្រោះថាសព្វថ្ងៃ គឺម លីហ្សា ក៏ជាអ្នករកស៊ីម្នាក់ដែលមានមុខរបរពេញដៃដែលមានទាំងអនឡាញ និងហាងទៀតផង។
គួរបញ្ជាក់ថា គឹម លីហ្សា បានចាកចេញពីការងារសិល្បៈក្រោយពីនាងបានរៀបការជាមួយលោក គាវ វុទ្ធី ជាពលរដ្ឋខ្មែររស់នៅប្រទេសអូស្ត្រាលីកាលពីចុងឆ្នាំ ២០១៣ និងបានចាកចេញទៅរស់នៅជាមួយស្វាមីនៅទីនោះ ប៉ុន្តែប៉ុន្មានឆ្នាំចុងក្រោយនេះនាងបានត្រឡប់មករស់នៅស្រុកកំណើតវិញដោយប្រកបអាជីពជាអ្នកជំនួញដែលត្រូវបានគេមើលឃើញថាជោគជ័យមិនធម្មតាឡើយ។ រួមរស់ជាមួយគ្នាប្រមាណជិត ១០ឆ្នាំ គឹម លីហ្សា និងស្វាមីទទួលបានចំណងដៃកូនប្រុសពីរនាក់ដែលមានមុខមាត់គួរឱ្យក្នាញ់៕