លើក​ទី​១! នាង ដា​វីន វ៉ា​ដាច់ ថុល សុ​ភិ​ទិ ឈាន​ទៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​សប្ដាហ៍​ក្រោយ ​ដោយ​ជាប់​រហូតដល់​Top…(​មាន​វីដេអូ​)

នាង ដា​វីន ជា​បេក្ខជន​ខ្លាំង​មួយរូប​ក្នុងចំណោម​៦​រូប ដែល​ឈាន​ដល់​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​នៃ​កម្មវិធី​លំដាប់ថ្នាក់​ពិភពលោក​Cambodian Idol​រដូវ​កាល​ទី​៤ នា​យប់​ថ្ងៃ​ទី​២១ ខែ​សីហា ឆ្នាំ​២០២២។


កាលពីពេល​ថ្មីៗ​កន្លង​ទៅ​នេះ នាង ដា​វីន ត្រូវបាន​ពូ​ណុ​យ បញ្ជាក់​ច្បាស់ៗ​ថា ជា​កាមេរ៉ា​មែន​របស់​ក្រុម​ពួក​លោក​រយៈពេល​១​ឆ្នាំ​មក​ហើយ រាល់​វីដេអូ ដែល​ធ្វើ​ឲ្យ​ទស្សនិកជន​សើច​នោះ​, គឺ​នាង ដា​វីន ជា​អ្នក​ថត​។​

តារា​កំប្លែង ល្បីឈ្មោះ​ដំបូង​តាមរយៈ​ការលេង​ទីក​តុ​ក​រូបនេះ បន្តថា នាង​ដា​វីន តស៊ូ​ណាស់ តាមពិត​លោក​បានដឹងថា​, ដា​វីន ធ្វើការ​ពេល​ថ្ងៃជា​មួយ​លោក ហើយ​ពេលយប់​ច្រៀង​បន្ថែម​នៅក្នុង​ហាង​, តែ​មិន​នឹកស្មានថា​, សមត្ថភាព​ដាវី​ន អាចឈាន​ដល់​វគ្គ​នេះ​, រហូត​ឈានទៅ​វគ្គ​បន្តបន្ទាប់​សោះ​។​

ក្រោយពី​ពូ​ណុ​យ បង្ហាញ​ពី​ការងារ និង​ភាព​តស៊ូ​របស់​ដាវី​ន មក​ឃើញថា បេក្ខជន​រូបនេះ កាន់តែ​ទទួល​បាន​ការ​គាំទ្រ​មួយ​កម្រិត​ទៀត ហើយ​អ្វីៗ​កាន់តែ​គួរ​ឲ្យ​សរសើរ​ថែមទៀត​នោះ នៅ​ក្នុង​ការ​បង្ហាញ​សមត្ថភាព​ច្រៀង​នៅ​យប់​ថ្ងៃ​ទី​២១ ខែ​សីហា ឆ្នាំ​២០២២​ ដា​វីន ធ្វើ​បាន​ល្អ​ទាំង​បទ ទោល និង​បទ​ឆ្លើយឆ្លង។


ចំពោះ​បទ​ទោល ដា​វីន បាន​លើក​យក​បទ «​ស្រលាញ់​អ្នកណា​ក៏​គេ​មាន​សង្សារ​» ជា​សំនៀង​ដើម​របស់ ចាន់ សុ​បញ្ញា​ ​មក​បកស្រាយ​បាន​យ៉ាង​ពីរោះ រណ្ដំ ហើយ​ត្រូវ​គណៈកម្មការ​សរសើរ​ពេញ​ៗ​មាត់​ទៀត​ផង​។ ចំពោះ​បទ​ទី​២ ជា​ការ​ចាប់​ដៃគូ​ច្រៀង​ឆ្លើយឆ្លង​ជាមួយ កញ្ញា មាស នី​តា ក្នុង​បទ «​ក្រមុំ​ដេក​យំ​មេម៉ាយ​ដើរ​សើច​»​។​

​ក្នុង​បទ​ទី​២​នេះ ដា​វីន កាន់តែ​ធ្វើ​បានល្អ និង​ទាក់ទាញ​ថែមទៀត​។ ជា​លទ្ធផល​នាង ដា​វីន បាន​ជាប់​Top 2 ក្នុង​សប្ដាហ៍​នេះ វ៉ា​ដាច់ បេក្ខជន​លេចធ្លោ ថុល សុ​ភិ​ទិ ដែល​ជាប់​បាន​ត្រឹមតែ​Top 3 ដើម្បី​បន្ត​ដំណើរ​ទៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​ដោយ​សុវត្ថិភាព​នោះ​។

គួរ​បញ្ជាក់ថា បេក្ខជន​ទាំង​៤​នាក់ ដែល​ទទួល​បាន​សំឡេង​សារ​បោះឆ្នោត​ច្រើន​ជាង​គេ ឈានទៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​សប្ដាហ៍​ក្រោយ​នោះ រួមមាន បេក្ខជន លីម តិច​ម៉េង ជាប់​Top 1 ,​នាង ដា​វីន ជាប់​Top 2, ថុល សុ​ភិ​ទិ ជាប់​Top 3 និង ស៊ឹម ច័ន្ទ​ពន្លឺ ជាប់​Top 4​នោះ​៕


Related posts

Leave a Comment