ប្រិយមិត្ត បានជ្រាបរួចមកហើយថា យុវជន លីម តិចម៉េង ជាបេក្ខជនលេចធ្លោជាងគេតាំងពីបង្ហាញសមត្ថភាពដំបូងក្នុងកម្មវិធីCambodian Idolរដូវកាលទី៤ ក្នុងវគ្គJugde Auditionរហូតមកដល់វគ្គLive Showនោះ។
លីម តិចម៉េង តែងតែធ្វើបានល្អជានិច្ចជាមួយនឹងសំឡេងក្រអួនក្រអៅរបស់រូបគេ ហើយចំនួនអ្នកគាំទ្រកើនឡើងជាលំដាប់ ជាពិសេស ក្រោយពីដឹងប្រវត្តិគ្រួសាររបស់រូបគេទៀតនោះ សន្ទុះនៃការគាំទ្រកាន់តែខ្លាំង។
នៅក្នុងការឡាយមួយកាលពីពេលថ្មីៗកន្លងនេះ តិចម៉េង បានប្រាប់ថា ឪពុករបស់ខ្លួនធ្វើការជាអ្នកបើកឡានដឹកសិស្សនៅចម្ការលើ នៅសាលារៀន ប៊េដអែល។ ចំណែកម្ដាយ ធ្វើសន្តិសុខផង និងអ្នកលក់អីវ៉ាន់ចាប់ហួយផង នៅរោងចក្រនៅកំបូល។
បេក្ខជនលេចធ្លោមកពីខេត្តកំពង់ចាមរូបនេះ បញ្ជាក់ទៀតថា លោកមានប្អូនបង្កើត២នាក់ ប្អូនទី២ ឈ្មោះលីម តិចហុង ហើយប្អូនពៅខ្លួនឈ្មោះ លីម មួយចេង ខណៈខ្លួនជាកូនបងនៅក្នុងគ្រួសារ។ លោកថា រឿងគ្រួសារនេះ លោកអាចប្រាប់បានតែប៉ុណ្ណឹងប៉ុណ្ណោះ។
ក្រឡេកមកមើល យប់ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២២ ជាវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនោះ លីម តិចម៉េង នៅតែបន្តធ្វើបានល្អដដែលរហូតមានអ្នកទស្សនាច្រើនជាងគេលើទំព័រហ្វេសប៊ុកCambodian Idol នៅពេលរូបគេបង្ហាញសមត្ថភាព ហើយអ្វីដែលកាន់តែពិសេសទៀតនោះ ម្ដាយតិចម៉េង ជាសន្តិសុខ បានស្កាត់ពីខេត្តមកលើកទឹកចិត្តកូនដល់ស្ទូឌីយោ ថែមទាំងមានបាច់ផ្កា អមដោយកម្រងលុយខ្មែរទៀតផង។
ការ ដែលម្ដាយស្កាត់ មកលើកទឹកចិត្តនេះ សូម្បីតិចម៉េងខ្លួនឯងក៏មិនដឹងនោះដែរ ទើបនៅលើឆាកនោះ លោកស្រក់ទឹកភ្នែកពោលពាក្យថា បាច់ផ្កានេះ ជាបាច់ផ្កាអ្នកម្ដាយខ្លួន ហើយសូម្បីតែខ្លួនក៏មិនដឹងថាអ្នកម្ដាយមក នោះដែរ។
គួរបញ្ជាក់ថា នៅក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនេះ លីម តិចម៉េង បានជាប់Top 1ក្លាយជាបេក្ខភាពដណ្ដើមពានរង្វាន់លំដាប់ថ្នាក់ពិភពលោកCambodian Idolរដូវកាលទី៤ នៅសប្ដាហ៍ក្រោយនេះ ខណៈសន្ទុះនៃការគាំទ្ររបស់លោកមិនដល់១ឆ្នាំនោះ ត្រូវបានគណៈកម្មការ ឆន សុវណ្ណរាជ ថា ប្រហែល តារា ដែលខំសាង៥ -៦ឆ្នាំឯណោះ៕