កាលពីពេលថ្មីៗកន្លងទៅនេះ បុរសជនជាតិថៃម្នាក់ បានបង្ហោះ រូបភាពប៉ុន្មានសន្លឹកបង្ហាញរថយន្តស៊េរីទំនើបម៉ាក Bugatti Chiron sport 110 ANS Limited Edition ដែលមានចំនួនតែ២០គ្រឿងប៉ុណ្ណោះ នៅជុំវិញពិភពលោកនោះ ធ្វើឲ្យមានការចាប់អារម្មណ៍ជាខ្លាំង។
រថយន្តនេះ ត្រូវបានគេដឹងថា មានតម្លៃថ្លៃកប់ពពក ប្រហែលជាង៤លាន ដុល្លារ សហរដ្ឋអាមេរិក ឯណោះ ហើយអ្វី កាន់តែចាប់អារម្មណ៍ទៀតនោះ ត្រង់ថា រថយន្តថ្លៃកប់ពពកមួយគ្រឿងនេះ ពាក់ស្លាកលេខ កម្ពុជា-Boss បង្ហាញវត្តមានលើទឹកដីថៃ។
បើយោងតាមគណនីហ្វេសប៊ុកឈ្មោះ «Leng Pich» បានបង្ហោះវីដេអូ បង្ហាញពីសកម្មភាពរថយន្តនេះ ធ្វើចរាចរលើដងផ្លូវប្រទេសថៃ អមដោយសារបញ្ជាក់កាលពីថ្ងៃទី២២ ខែសីហា ថា «កំពូលរថយន្ត Bugatti Chiron sport 110 Anniversary Limited Edition
ពាក់ស្លាកលេខ កម្ពុជា-BOSS ឃើញវត្តមាននៅទីក្រុងបាងកក ប្រទេសថៃ ដែលវាមានតែ ២០គ្រឿងប៉ុណ្ណោះ នៅជុំវិញពិភពលោក ត្រូវបានគណនីហ្វេសប៊ុកឈ្មោះ Bew Phattarit ថតបង្ហោះនៅថ្ងៃទី២១ សីហា ២០២២នេះ កំពុងល្បីកក្រើកបណ្ដាញសង្គមនៅប្រទេសថៃ និងកម្ពុជា កំពូលរថយន្តនេះមានតម្លៃប្រមាណជា $៤លានដុល្លារជាងVideo credit: Bew Phattarit»។
ក្រោយពីមានការចាប់អារម្មណ៍រួចមក ស្រាប់តែមានប្រភពទម្លាយថា ម្ចាស់រថយន្តលំដាប់ខ្ពស់មួយនេះ មានឈាមជ័រជាកូនខ្មែរ ពោលគឺជាកូនប្រុសរបស់ឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី ជាដន្លងរបស់ សម្តេចតេជោ ហ៊ុន សែន និងត្រូវជាបងប្រុសបង្កើតរបស់ លោកជំទាវ យឹម ឆៃលីន ភរិយារបស់ឯកឧត្តម ហ៊ុន ម៉ានី។
ប្រភពបន្តថា ម្ចាស់រថយន្តខាងលើ បានរៀបការជាមួយភរិយាជនជាតិថៃ ជាអ្នកជំនួញ និងលំដាប់ហាយសូខ្លាំងនៅក្នុងប្រទេសថៃ ដោយកន្លងមក រូបលោក និងភរិយា តែងបង្ហាញនូវរថយន្តផ្ទាល់ខ្លួនប្រណីតៗជាច្រើន តម្លៃសុទ្ធតែខ្ទង់លានដុល្លារ នៅក្នុងផ្ទះជាច្រើនគ្រឿង៕