បន្ទាប់ពីបេក្ខជន ថុល សុភិទិ ក្លាយជាបេក្ខភាពមួយរូប ក្នុងចំណោមបេក្ខជន៤នាក់ ដែលនឹងត្រូវប្រកួតប្រជែងគ្នាដណ្ដើមពានរង្វាន់Cambodian Idol រដូវកាលទី៤នៅសប្ដាហ៍ក្រោយនោះ, យាយខ្លា ដែលមានបទពិសោធន៍ផ្នែកចម្រៀងជាង៣០ឆ្នាំ ចេញមុខវិភាគសំឡេងបេក្ខជនរូបនេះ ខ្ទេចដូចបាយម៉ាន។
បង្ហោះភ្ជាប់ជាមួយរូបថត បេក្ខជន ថុល សុភិទិ កាលពីថ្ងៃទី២២ ខែសីហា យាយខ្លា បានវិភាគ តាមរយៈសំណេរយ៉ាងវែងអន្លាយថា «ឆ្លងកាត់បទពិសោធន៍ច្រៀងខ្លួនឯងទាំងសំឡេងប្រុស ទាំងសំឡេងស្រីរយៈពេលយ៉ាងតិច៣០ឆ្នាំជាងដែរ ឆ្លងកាត់បទពិសោធន៍និពន្ធទំនុកច្រៀង រាប់រយបទ ឆ្លងកាត់បទពិសោធន៍រៀនសូត្របច្ចេកទេសនៃការប្រើប្រាស់សំឡេងច្រៀង និងឆ្លងកាត់បទពិសោធន៍ធ្វើជាគណៈកម្មការផ្តល់ពិន្ទុដែរ
ខ្ញុំសូមវិភាគសំឡេងបេក្ខជន១រូប ដែលនឹងត្រូវដណ្តើមពាននៅថ្ងៃអាទិត្យសប្ដាហ៍នេះ គឺ
ថុល សុភិទិ : សំឡេងថ្លាហើយធ្ងន់ណែនច្បាស់ល្អ ស្រែកបានខ្ពស់ល្អ ចេះប្រើសំឡេងខ្មោចបានល្អ ចេះធ្វើសំឡេងvoi បានល្អ ចេះលើកដាក់ថ្នាក់ថ្នមបានល្អបំផុត មានរលកសំឡេងស្មើល្អ
មានចង្វាក់ល្អ ដាក់អារម្មណ៍បានល្អ ច្រៀងមានដង្ហើមល្អ មានអឿនពិសេសៗថ្មីៗប្លែកៗពីបទដើមដែលអាចខាបយកចិត្តអ្នកស្តាប់ឲ្យស្លុងទៅតាមអត្ថន័យនៃបទចម្រៀង និយាយរួមទៅគឺគាត់មានភាពជាខ្លួនឯង១រយភាគរយ គាត់ចេះបត់បែននិងប្តូរស្ទីលទៅតាមបទគ្រប់ប្រភេទបានល្អ
អ្វីដែលពិសេសបំផុតសម្រាប់បេក្ខជនរូបនេះ គឺគាត់ចូលចិត្តលើកយកបទចម្រៀងដែលមិនសូវមានគេស្គាល់យកមកប្រឡង ដែលជាការប្រថុយប្រថានខ្ពស់ក្នុងការទាញយកប្រជាប្រិយភាពពីទស្សនិកជន
ប៉ុន្តែផ្ទុយទៅវិញបច្ចេកទេសច្រៀងរបស់គាត់ អាចខាបយកចិត្តអ្នកស្តាប់បានដោយងាយហើយធ្វើឲ្យបទ ដែលមិនល្បីទៅជាល្បីកក្រើកនឹកស្មានមិនដល់ឈានដល់កម្រិតកំពូល ការរើសបទមកប្រឡង ក៏ត្រូវទៅតាមវិញ្ញាសានៃកម្មវិធីបានល្អបំផុតដែរ ចំណែកចំណុចខ្វះខាតរបស់គាត់មានតិចតួចតួចណាស់ ចំពោះកាយវិការទឹកមុខការតុបតែងខ្លួនក៏បានល្អ។
ខាងលើជាគំនិតយោបល់របស់យាយ ដែលយល់ឃើញលើបេក្ខជន ថុល សុភិទិ ដែលគាត់អាចទាញអារម្មណ៍យាយឲ្យលង់និងចំណាយពេលចង់តាមដានការបញ្ចេញសមត្ថភាពរបស់គាត់នៅក្នុងកម្មវិធីនេះរហូតមក។
បញ្ជាក់ : បេក្ខជនដែលប្រឡងកន្លងមក ដែលអាចខាបយកចិត្តយាយបាន មាននី រតនា ឈិន ម៉ានិច្ច និងចុងក្រោយនេះគឺ ថុល សុ ភិទិ នេះហើយ។ សូមបងប្អូនកុំមើលរំលងបេក្ខជនម្នាក់នេះណា បើគាត់មិនបានពានស្តាយណាស់សម្រាប់យាយ»។
ងាកមក បេក្ខជន ថុល សុភិទិ ដែលជាប់បានត្រឹមTop 3 កាលពីវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនោះ បានបង្ហោះសារបញ្ជាក់ជំហររបស់ខ្លួននៅថ្ងៃទី២៣ ខែសីហានេះ ថា «ការតស៊ូ អត់ធ្មត់ ព្យាយាម ខ្ញុំតែងតែទន្ទេញជាប់ក្នុងចិត្ត ជានិច្ច មិនថាឧបសគ្គ ធំ ប៉ុណ្ណា ខ្ញុំ តែងតែ រឹងមាំ ប្រាប់ខ្លួនឯង ថា ស៊ូឡើង នៅមានរឿងជាច្រើនទៀតដែល ត្រូវជួប ប្រទះ
វាគ្រាន់តែជាការចាប់ផ្ដើម ដែល ជួយដាស់តឿន អោយខ្ញុំបានស្គាល់អ្វី ទៅ ជាបញ្ហា អ្វីទៅជាមេរៀន ដែលធ្វើអោយខ្ញុំ ដឹងថា នេះគឺជាផ្លូវជីវិត ដែរស្រលាញ់ខាង ផ្នែក សិល្បៈ សិល្បៈចម្រៀងគឺជា ផ្នែកមួយនៃជីវិត របស់ខ្ញុំ មិនថាអ្នកពិបាកចាប់យកប៉ុណ្ណាទេ ខ្ញុំនៅតែ មានមហិច្ឆតា សម្រាប់ខ្លួនឯង ដើម្បីបំពេញក្ដីស្រមៃមួយនេះអោយបាន អរគុណ ពុកម៉ែ បងប្អូន»៕