នៅក្នុងកម្មវិធីលំដាប់ថ្នាក់ពិភពលោកCambodian Idolរដូវកាលទី៤ វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ គេនៅចាំបានថា កាលពីយប់ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២២កន្លងទៅនេះ កំពូលតារាចម្រៀង ឱក សុគន្ធកញ្ញា បានលើកសរសើរបេក្ខជន ស៊ឹម ច័ន្ទពន្លឺមិនដាច់ពីមាត់ ក្រោយបកស្រាយចម្រៀងរួមគ្នា ជាមួយបេក្ខជន លីម តិចម៉េង អមដោយការសម្ដែងយ៉ាងល្អ ក្នុងបទ «ដំរីថ្នមស្នេហ៍»។
ពេលបកស្រាយចប់, គណៈកម្មការ ឱក សុគន្ធកញ្ញា សរសើរស៊ឹម ច័ន្ទពន្លឺថា អ្នកណា ដែលចាប់ក្រុមជាមួយពន្លឺ ខ្លួនយល់ថា មានសំណាងណាស់ ព្រោះពន្លឺ ជាបក្ខជនមួយរូប បង្កើតទស្សនីយភាពប្លែក ហើយល្អ នៅលើឆាកតែម្ដង, មិនមែនតែច្រៀងមួយមុខនោះទេ។
ជាលទ្ធផលនៅពេលនោះ បេក្ខជន ស៊ឹម ច័ន្ទពន្លឺ បានទទួលសំឡេងសារច្រើនជាងគេ ជាប់Top 4ក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ក្លាយជាបេក្ខភាពដណ្ដើមពានរង្វាន់កម្មវិធីលំដាប់ថ្នាក់ពិភពលោកខាងលើ នៅសប្ដាហ៍ក្រោយនេះ ខណៈTop 1បានទៅលើ បេក្ខជន លីម តិចម៉េង, Top 2 នាង ដាវីន , Top 3 ថុល សុភិទិ។
ការលើកឡើងរបស់កំពូលតារាចម្រៀង ឱក សុគន្ធកញ្ញា មានទាំងអ្នកគាំទ្រ និងអ្នកមិនពេញចិត្ត ជាហេតុធ្វើឲ្យមានការជជែកវែកញែកពេញបណ្ដាញសង្គម។ ក្រោយពីមានការជជែកវែកញែកបែបនេះ គេមិនឃើញ កំពូលតារាចម្រៀងស្រីរូបនេះឆ្លើយតបបែបណាឡើយ។
ទោះយ៉ាងណា អ្នកនាង ឱក សុគន្ធកញ្ញា បានបង្ហោះរូបថតដ៏ស្រស់ស្អាតជាច្រើនសន្លឹក អមដោយCaptionយ៉ាងចាក់ដោតថា «មិនបាច់សម្ដែងទេ…សម្ដែងយូរទៅនាំតែហត់ធម្មតាៗបែបធម្មជាតិ ទើបបានយូរអង្វែង កុនជីវិត វាតែប៉ុណ្ណឹងឯង ជីវិតពោរពេញដោយការសម្តែង វាមិនខុសពីយកបញ្ហា មកសន្សំទុកក្នុងខ្លួននោះទេ»។
តាមរយៈការបង្ហោះនេះ បើទោះកំពូលតារាចម្រៀងស្រីរូបនេះ មិនបានសំដៅឆ្លើយតបទៅនឹងរឿងអ្វីក៏ពិតមែន តែអ្នកគាំទ្រមួយចំនួន បានបញ្ចេញមតិភ្ជាប់ជាមួយបេក្ខជនប្រឡង ជាពិសេសបេក្ខជន ស៊ឹម ច័ន្ទពន្លឺ និង លីម តិចម៉េង តែម្ដង។
ជាក់ស្ដែងក្នុងចំណោមនោះ ពួកគេលើកឡើងថា «មិនបាច់សម្តែងទេ ធម្មតាៗដូចបងតិចម៉េង គង់តែមានអ្នកមើលឃើញ ហើយគេមកស្រលាញ់គាត់ ដោយមិនចាំបាច់សម្តែងដូចគេ ខ្លួនក្រប្រាប់ថា ក្រ ខ្លួនមានប្រាប់ថា មាន មិនចេះទាមទារផលប្រយោជន៍ពីអ្នកណា ចូលចិត្តធ្វើអោយមហាជនមានស្នាមញញឹម ដូចបងកញ្ញាដែរ,
តិចម៉េង ពិតជាមានសំណាងណាស់ដែលបានចាប់ដៃគូជាមួយប្អូន ស៊ឹមច័ន្ទ ពន្លឺ, ជឿហើយអាយដល អ្នកបានរួមក្រុមជាមួយពន្លឺមានសំណាង, ធម្មតាៗ ដូចពូម៉េង គង់តែមានអ្នកមើលឃើញ ហើយគេមកស្រលាញ់ឯង ដោយមិនហត់សម្តែង»៕
គួរបញ្ជាក់ថា បើទោះCaptionខាងលើ ហាក់មិនឆ្លើយតបចំ ចំណុចទៅនឹងបញ្ហាកន្លងមកក៏ពិតមែន តែបើក្រឡេកមើលCaptionរបស់កំពូលតារាចម្រៀងស្រីរូបនេះ កាលពីថ្ងៃទី២២ ខែសីហា ទំនងឆ្លើយតបទៅនឹងការរិះ,,,គន់មួយចំនួន ដោយលើកឡើងថា «មនុស្សម្នាក់ៗអ្នកណាក៏មានចំណុចខ្សោយ ក៏មានចំណុចមិនល្អរៀងៗខ្លួន
តែមនុស្សខ្លះគេក៏ព្យាយាមកែតម្រូវនូវរាល់អ្វីដែលខ្វះចន្លោះ គេព្យាយាមធ្វើឲ្យល្អតាមដែលអាចធ្វើបាន មនុស្សម្នាក់ មិនអាចបំពេញចិត្តមនុស្ស១០នាក់ ឲ្យបានល្អឥតខ្ចោះនោះទេ តែមនុស្សម្នាក់ (យើងគ្រប់គ្នា) មានសិទ្ធិកែតម្រូវ នូវរាល់ចំណុចអវិជ្ជានោះ។
ត្រូវចេះ appreciate នូវរឿងល្អៗដែលខ្លួនឯងបានធ្វើ ចេះលើកទឹកចិត្តខ្លួនឯង រឿងណាគួរបង្ហាញ រឿងណាគួរ លាក់ទុក លាក់ទុកតែចេះកែតម្រូវឲ្យវាបានល្អ កុំបើកចំហ នូវរាល់ចំណុចខ្សោយរបស់ខ្លួនច្រើនពេក ពេលខ្លះវាជាអាវុធ ចាក់យើងបានគ្រប់ពេល។ ដរាបណាយើងនៅដើរបាន និយាយបាន និង មើលឃើញ នោះ ចំណុចខ្សោយ ចំណុចមិនល្អ និង ចំណុចល្អ វានឹងនៅជាមួយយើង ព្រមៗគ្នា ឲ្យយើងបំពេញចន្លោះ មិនចេះអស់នោះទេ»៕