កាលពីយប់ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២២, កម្មវិធីប្រកួតសម្រស់Miss Grand Cambodia 2022 បានឈានដល់វគ្គបង្ហាញឈុតតំណាងខេត្ត-ក្រុងចំនួន៣៥នោះ ស្រាប់តែបេក្ខភាព២រូប បានបង្ហាញឈុតល្បែងស៊ីសងទៅវិញ ធ្វើឲ្យមហាជនរិះគន់យ៉ាងចាស់ដៃ។
ជាការកត់សម្គាល់, បេក្ខភាពមួយចំនួនតំណាងឲ្យខេត្ត-ក្រុងផ្សេងគ្នា ភាគច្រើនសុទ្ធតែទទួលបានការគាំទ្រ សរសើរនូវរូបសម្រស់ស្រស់ស្អាតជាមួយឈុតប្រណីត ដែលមានភាពទាក់ទាញភ្នែកជាមួយអត្ថន័យរបស់ខេត្តនីមួយៗ។
ទោះយ៉ាងណា មានឈុតតំណាងក្រុងចំនួន២ បានធ្វើឲ្យមហាជនសម្ដែងការមិនពេញចិត្ត និងផ្ទុះការរិះគន់ពេញបណ្ដាញសង្គម។ ចំពោះឈុតទាំងពីរ ដែលផ្ទុះការរិះគន់ពីទស្សនិកជន រួមមាន,តំណាងក្រុងបាវិត និងក្រុងប៉ោយប៉ែត។
បេក្ខភាពពីររូប ដែលបានបង្ហាញពីឈុតល្បែងស៊ីសងនេះ ត្រូវបានមហាជនយល់ថា មិនបានឆ្លុះបញ្ចាំងពីកិត្តិយសជាអត្តសញ្ញាណតំណាងជាតិ តំណាងខេត្តតំណាងឲ្យប្រជាជនកម្ពុជាទេ ហើយប្រទេសកម្ពុជា ក៏មិនមែនរីកចម្រើនដោយសារតែល្បែងស៊ីសងនោះដែរ។
ជាក់ស្ដែង ទំព័រហ្វេសប៊ុក «បុរាណាចារ្យ» បានសម្តែងការមិនពេញចិត្តដោយលើកឡើងថា «យើងសូមសម្ដែងការមិនពេញចិត្តឈុតទាំង២នេះ ព្រះរាជាណាចក្រកម្ពុជា មិនបានរីកចម្រើនដោយសារល្បងស៊ីសងទេ ហើយល្បែងស៊ីសងគ្មានកិត្តិយសជាអត្តសញ្ញាណតំណាងជាតិ តំណាងខេត្ត តំណាងឱ្យប្រជាជនកម្ពុជាទេ។ ល្បែងស៊ីសងមិនមែនជាមោទកភាពនៃប្រទេសកម្ពុជាយើងទេ»។
ប្រភពបានលើកឡើងទៀតថា «កុំថាឡើយអេតមីន ដែលមិនពេញចិត្តសូម្បីតែបារមីដូនតាបារមីជំនាងឆាកក៏មិនពេញចិត្តដែរ លោកបានប្រើឥទ្ធិឫទ្ធីផ្តាច់សំឡេងអត្ថាធិប្បាយ និងភ្លេងភ្លាមៗទាន់ហន់។
ក្នុងនាមយើងជាខ្មែរកាន់ព្រះពុទ្ធសាសនាយើងឃើញរូបសន្លឹកបៀរ គ្រាប់អាប៉ោង ជាប់គ្នានឹងប្រាសាទ អង្គរវត្តដូចនេះតើយើងមានសេចក្តីអៀនខ្មាសដែរឬទេ? មានសេចក្តីខ្មាសអៀននូវអំពើបាបដែរឬទេ?»៕