គេនៅចាំបានថា ម្ចាស់ពានកម្មវិធីចម្រៀងលំដាប់ពិភពលោក The Voice Cambodia រដូវកាលទី១ លោក ប៊ុត សីហា បន្ទាប់ពីស្ងប់ស្ងាត់ពីវិថីសិល្បៈនោះ ស្រាប់តែកាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១កន្លងទៅ លោក បានសាងភាពភ្ញាក់ផ្អើលមួយសម្រាប់អ្នកគាំទ្រ ដោយចូលទៅខំមិនសុំជំនួយពីអ្នកស្រី ទ្រី ដាណា។
ការចូលទៅខំមិនសុំជំនួយនេះ កើតឡើង ក្រោយពីអ្នកស្រី ទ្រី ដាណា បានបង្ហោះរូបថត អមដោយសាររៀបរាប់ដូច្នេះថា «សូមប្រាប់រឿងពិតមួយណាបងប្អូន កុំឃើញអ្នកមានលុយអ្នកលក់មាសពេជ្រ និងអ្នកជំនួញពូកែអីណានោះ, តាមការពិតចែដាណា ជម្រាបបន្តិចថា សំលៀកបំពាក់ ដែលចែដាណាពាក់រាល់ថ្ងៃ តម្លៃ៧០០០រៀល,៨០០០រៀលទៅ៨ម៉ឺនរៀលអីអស់ហើយ មិនដែលចំណាយលុយទិញរបស់ប្រ៊េនៗ ឬសំលៀកបំពាក់ប្រ៊េនអីទេ តាំងតែពីដើមមករហូតដល់ពេលនេះ។
ព្រោះចែដាណាស្តាយលុយ និងគិតថា មិនចង់ចំណាយអីអោយអស់ច្រើនលើការស្លៀកពាក់នោះឡើយ មើលតែមួយឈុតនេះចុះ អាវតម្លៃ៧០០០រៀលខោតម្លៃ៤៥០០០រៀលតែប៉ុណ្ណោះ មិនមែនគ្មានលុយទិញខោអាវប្រេនដូចគេទេ តែចង់ទុកលុយដែលទិញអាវខោប្រេននោះជួយអ្នកក្រល្អជាង
តែមានអ្នកខ្លះសួរខ្ញុំច្រើនមែនទែនឃើញសម្លៀកបំពាក់ ដែលខ្ញុំស្លៀកពាក់កន្លងមកប្រហែលថាខ្ញុំទិញថ្លៃហើយ ថ្ងៃនេះមកជម្រាបឲ្យដឹងថា សម្លៀកបំពាក់ខ្ញុំពេលខ្លះខ្ញុំទិញផ្សារអូឫស្សី ផ្សារថ្មី និងតាមអនឡាញ ហើយចង់ជម្រាបប្រាប់ថា ទោះសម្លៀកបំពាក់ខ្ញុំមិនថ្លៃ
ប៉ុន្តែខ្ញុំមានក្តីសុខក្នុងការស្លៀកពាក់ ហើយពេល ដែលខ្ញុំស្លៀកសំលៀកបំពាក់មិនថ្លៃមិនប្រេន តែខ្ញុំមានលុយពេញហោប៉ៅរបស់ខ្ញុំ ពេលដែលខ្ញុំចេញដើរ ខ្ញុំសុខចិត្តជ្រើសរើសយកសម្លៀកបំពាក់ថោកប៉ុន្តែលុយចាយពេញដៃ ខ្ញុំមិនជ្រើសរើសយកសម្លៀកបំពាក់ថ្លៃ ប៉ុន្តែពេលចេញដើរគ្មានលុយចាយនោះទេ»។
នៅពេលនោះ តារាចម្រៀង ប៊ុត សីហា ក៏ចូលទៅខំមិនយ៉ាងភ្ញាក់ផ្អើលថា «សួស្តីចែ ខ្ញុំម្ចាស់អាខោនដែរ cmn នេះ ខ្ញុំប៊ុតសីហាខ្ញុំមានបញ្ហាចង់ប្រាប់ឲ្យជួយ.តែមិនដឹងទំនាក់ទំនងផ្ទាល់ជាមួយនឹងចែតាមលេខទូរសព្ទណាមួយទេ.?? សុំចែអាចឆ្លើយតបនឹងប្អូនតិចតាម.Chat fb បានអត់? អរគុណ..»។
នៅពេលនោះ គេមិនឃើញអ្នកស្រីទ្រី ដាណា ធ្វើការឆ្លើយតបយ៉ាងណាឡើយ។ តែថ្មីៗនេះ លោកប៊ុត សីហា បានប្រកាសចូលសិល្បៈវិញ ស្រាប់តែមានឱកាសជួបអ្នកស្រីទ្រី ដាណាតែម្ដង។ នៅថ្ងៃនេះ លោក ប៊ុត សីហា ដៃគូ បានស្កាត់ទៅជួបអ្នកស្រីទ្រី ដាណា ហើយតាមរយៈវីដេអូ ដែលអ្នកស្រី ទ្រី ដាណា បង្ហោះឃើញថា អ្នកស្រី មិនដែលស្គាល់ លោកប៊ុត សីហានោះឡើយ។
ទោះយ៉ាងណាអ្នកស្រី បានឲ្យ ប៊ុត សីហា ណែនាំខ្លួន និងច្រៀងឲ្យអ្នកស្រីស្ដាប់សាកមើល។ ក្រោយ ប៊ុត សីហា ច្រៀងបទ «គ្មានអ្នកណាកែប្រែចិត្តបងចប់» នោះ អ្នកស្រី ទ្រី ដាណា បានលាន់មាត់សរសើរថា សក្ដិសមជាម្ចាស់ពាន។
ក្នុងនោះ អ្នកស្រី ទ្រី ដាណា បានសួរពីគោលបំណងរបស់ប៊ុត សីហា ផងដែរ ហើយជាការឆ្លើយតប ម្ចាស់ពានThe Voice Cambodia រដូវកាលទី១រូបនេះ បានប្រាប់ថា ខ្លួនចង់ចូលសិល្បៈវិញ តែមានការខ្វះខាត។
នៅពេលនោះ អ្នកស្រី ទ្រី ដាណា បានបន្តសួរពាក់ព័ន្ធនឹងរឿងកន្លងមក ហើយដោយដឹងថា ប៊ុត សីហា សន្យាកែប្រែខ្លួនជាថ្មីនោះ អ្នកស្រី មានការពេញចិត្តក្នុងការផ្ដល់ឱកាសឲ្យ តែការជួយបានប៉ុណ្ណានោះ អ្នកស្រី ទ្រី ដាណា សុំលាក់សិន។
បន្ថែមលើនេះ អ្នកស្រី បានបង្ហោះរូបថត ពេលប៊ុត សីហា មកជួបអ្នកស្រី ហើយរៀបរាប់ថា «អ្នកណាខ្លះស្គាល់ប្អូន ប៊ុត សីហា ឥឡូវគាត់ចង់វិលចូលសិល្បៈវិញ និងមានបំណងចង់ចេញចម្រៀងថ្មីៗ តែគ្មានលទ្ធភាព។ អ្នកណាក៏ធ្លាប់មានកំហុសដែរ តែសំខាន់ចេះកែខ្លួន អាចចាប់ផ្ដើមអ្វីៗជាថ្មីឡើងវិញសម្រាប់ខ្ញុំ ស្រលាញ់អ្នកមានសមត្ថភាព ចូលចិត្តផ្ដល់ឱកាស និងជួយដល់អ្នកដទៃ ដែលមានឆន្ទៈពិតៗ។ សង្ឃឹមពួកគាត់អាចសម្រេចគោលបំណងខ្លួនឯង និងជូនពរសម្រេចគោលដៅ»៕