គេនៅចាំបានថា កាលពីដើមឆ្នាំ២០២២ ម្ចាស់ពានរង្វាន់កម្មវិធីចម្រៀងលំដាប់ពិភពលោក The Voice Cambodia រដូវកាលទី១ លោក ប៊ុត សីហា បានសន្យា ឈប់ធ្វើឲ្យឪពុកម្ដាយរបស់ខ្លួន ពិបាកចិត្ត ក្រោយពីជ្រុលខ្លួនមួយពេលតាមមិត្តភ័ក្ដិ នោះ។
បង្ហោះភ្ជាប់ជាមួយរូបថតរបស់អ្នកម្ដាយ នាពេលនោះ ប៊ុត សីហា បានរៀបរាប់ថា «អរគុណ..អ្នកម្តាយ ដែលបានផ្តលកំណើតខ្ញុំ ទោះបីក្នុងគ្រួសារអ្នកស្រុកស្រែ ជីវភាពមិនសូវជាធូរធារ តែពុកម៉ែ ផ្ដល់ក្តីស្រលាញ់ដល់កូនចៅគ្រប់គ្នា..
ក្នុងមួយជីវិតរបស់កូននេះ ក៏សងគុណលោកទាំងពីរមិនគ្រប់ឡើយ.. អោយកូនសុំទោសផងណា..ដែលពេលកន្លងមកធ្វើអោយពុកម៉ែ ពិបាកចិត្តគិតពីខ្ញុំ កូនសន្យាឈប់ធ្វើអោយម៉ែ ពិបាកចិត្តទៀតហើយ មើលថែសុខភាពវិញណាម៉ែណា.. »។
ក្រោយពីសន្យាជាមួយអ្នកម្ដាយរួចមក ប៊ុត សីហា ក៏មិនទាន់មានទីផ្សារសិល្បៈឡើងវិញឡើយ។ ប៉ុន្តែ ថ្មីៗនេះ រូបគេ ដាច់ចិត្ត ជិះម៉ូតូកញ្ចាស់ពីខេត្តកំពង់ស្ពឺ ស្កាត់មកជួបអ្នកស្រី ទ្រី ដាណា ដើម្បីសុំជំនួយ អាចឲ្យខ្លួនធ្វើបទចម្រៀងបម្រើអារម្មណ៍អ្នកគាំទ្រឡើងវិញនោះ។
ជាការឆ្លើយតប អ្នកស្រី ទ្រី ដាណា បានផ្ដល់ឱកាសឲ្យ ហើយរៀបរាប់ក្នុងសំណេរបែបនេះថា « «អ្នកណាខ្លះស្គាល់ប្អូន ប៊ុត សីហា ឥឡូវគាត់ចង់វិលចូលសិល្បៈវិញ និងមានបំណងចង់ចេញចម្រៀងថ្មីៗ តែគ្មានលទ្ធភាព។
អ្នកណា ក៏ធ្លាប់មានកំហុសដែរ តែសំខាន់ចេះកែខ្លួន អាចចាប់ផ្ដើមអ្វីៗជាថ្មីឡើងវិញសម្រាប់ខ្ញុំ ស្រលាញ់អ្នកមានសមត្ថភាព ចូលចិត្តផ្ដល់ឱកាស និងជួយដល់អ្នកដទៃ ដែលមានឆន្ទៈពិតៗ។ សង្ឃឹមពួកគាត់ អាចសម្រេចគោលបំណងខ្លួនឯង និងជូនពរសម្រេចគោលដៅ»។
ក្រោយពីជួបអ្នកស្រី ទ្រី ដាណា រួចមក ប៊ុត សីហា បានបង្ហោះរូបថតជាមួយអ្នកម្ដាយ ហើយពោលពាក្យយ៉ាងកម្សត់ថា «តាណុយ ឲ្យស្អាតដូចបងៗលោកគ្រូៗបុគ្គលិកធនាគារម្តងមើល តែតាណុយស្អាតមានអ្នកណាដឹងថា យើងអត់លុយសំខាន់ស្អាតសិន មែនអត់បងប្អូន? នេះជាអ្នកមានគុណ សំឡេងរង៉ូវៗរាល់ថ្ងៃដើម្បីតែកូនក្បាលខូចម្នាក់នឹង ម៉ែចាស់ហើយ តើបានអ្វីនិងឆ្ងាញ់ដូចយើងក្មេងទៅ បើកូនមិនទាន់រកអីបានច្រើនផង ខុសមួយពេល ម៉ែអើយម៉ែ ស្តាយដល់ហើយ»។
គួរបញ្ជាក់ថា នៅក្នុងជំនួបជាមួយអ្នកស្រី ទ្រី ដាណា គេមិនដឹងថា ប៊ុត សីហា ទទួលបានជំនួយអ្វីខ្លះពីថៅកែហាងពេជ្រចិត្តធម៌រូបនេះឡើយ។ តែបើតាមម្ចាស់ពានThe Voice Cambodia រដូវកាលទី១រូបនេះ បានបញ្ជាក់ ក្នុងសំណេរលើទំព័រហ្វេសប៊ុកខ្លួនថា «ធ្វើខ្លួនបែបនេះស្អាតនៅបងប្អូន ចង់ស្លៀកពាក់ឲ្យឡូយ
ពិសេសចង់ថតបែបកូរ៉េៗម្តង មិចដែរបងប្អូន?កុំភ្លេចជួបគ្នាស្អែកជួយទិញផលិតផល ដែលខ្ញុំLiveផងបងប្អូន បើបាន150ក្នុងមួយសប្ដាហ៍នោះខ្ញុំអាចនឹង មានអ្វីគ្រប់យ៉ាងដើម្បីធ្វើបទចម្រៀងឲ្យបងប្អូនពេញចិត្តម្ដង ពិសេសបើបាន300កញ្ចប់ក្នុង1Liveខ្ញុំនឹងបានរង្វាន់ម៉ូតូ1គ្រឿងជិះសម្រាប់ដើរច្រៀងហើយចឹងកុំភ្លេចណាបងប្អូន ជួយទិញម្នាក់តែ១ខ្ញុំនិងបានគ្រប់តាមអ្វីដែលក្រុមហ៊ុនជួយខ្ញុំហើយ កុំភ្លេចណាបងប្អូន»៕