បើនិយាយពីទំនាក់ទំនងរវាង តារាចម្រៀងប្រុស ករុណា ពេជ្រ និង តារាចម្រៀងស្រី សុគន្ធ និសា កន្លងទៅមហាជនបានដឹងហើយថា អ្នកទាំងពីរ ធ្លាប់ជាតារាចម្រៀងរួមទ្រនំជាមួយគ្នា ប៉ុន្តែទោះបីជាពេលនេះ អ្នកទាំងពីរ បានបែកទ្រនំគ្នាពិតមែន ប៉ុន្តែនៅតែរាប់អានគ្នាជាមិត្តល្អជាច្រើនឆ្នាំមកហើយ ដែលជារឿយៗតែឃើញបង្ហាញការរាប់អានយ៉ាងស្និទ្ធស្នាលនៅលើបណ្ដាញសង្គម។
ម៉្យាងវិញទៀត គេឃើញថា តារាចម្រៀងប្រុសស្រីមួយគូនេះ មិនត្រឹមតែរាប់អានគ្នាជាមិត្តភក្តិល្អធម្មតានោះទេ តែទំនាក់ទំនងរបស់អ្នកទាំងពីរ គឺមានភាពស្និទ្ធស្នាលនឹងគ្នាខ្លាំងប្រៀបដូចនឹងបងប្អូនបង្កើតអ៊ីចឹង។
ជាក់ស្ដែងថ្មីៗនេះ អ្វីដែលកាន់តែធ្វើឱ្យមហាជនចាប់អារម្មណ៍ខ្លាំងទៀត គឺ លោក ករុណា ពេជ្រ បានទម្លាយរូបភាព និង មូលហេតុដែល លោក និង អ្នកនាង សុគន្ធ និសា ព្រមទាំងមិត្តម្នាក់ទៀតដែលត្រូវបានគេស្គាល់ថា ជាជំនួយការផ្ទាល់របស់តារាចម្រៀង សុគន្ធ និសា ហើយអ្នកទាំងបី មានទំនាក់សិទ្ធស្នាលគ្នាខ្លាំង មានបញ្ហាអ្វីមិនដែលចោលគ្នា ប្រៀបដូចជាបងប្អូនបង្កើត ព្រោះតែមានចំណុចពិសេសៗជាច្រើន។
ក្នុងនោះ លោក ករុណា ពេជ្រ ធ្លាប់បានរៀបរាប់ថា ៖ «ហេតុអីបានយើង មិនចោលគ្នា… មូលហេតុ ព្រោះយើងមិនដែលចង់បានប្រយោជន៍ពីគ្នា ហើយយើងជាអ្នកសិល្បៈដូចគ្នា ប៉ុន្តែមិនចេះសម្តែង ក៏ប៉ុន្តែយើងចូលចិត្តនិយាយត្រង់គ្រប់កាលៈទេសៈ មិនចេះឈ្លោះគ្នា ព្រោះយើងជាអ្នកឱ្យតម្លៃគ្នាដោយពិតប្រាកដមិនក្លែងក្លាយ…ការរាប់អានគ្នា សុំតែប៉ុណ្ណឹងបានហើយណា លោកស្រី»៕