កម្មវិធីប្រឡងចម្រៀងលំដាប់ថ្នាក់ពិភពលោកCambodian Idolរដូវកាលទី៤ បានឈានដល់វគ្គផ្ដាច់ព្រ័ត្រហើយ នៅយប់ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២២នេះ ជាមួយនឹងបេក្ខជនជើងខ្លាំងចំនួន៤រូបប្រជែងគ្នាដណ្ដើមពានដ៏អស្ចារ្យសម្រាប់វិស័យសិល្បៈមួយនេះ។
បេក្ខជន៤រូប ដែលប្រជែងគ្នាដណ្ដើមពាននោះ រួមមាន បេក្ខជនជើងខ្លាំង លីម តិចម៉េង,ថុល សុភិទិ, នាង ដាវីន និងគ្រូពេទ្យរូបសង្ហា ស៊ឹម ច័ន្ទពន្លឺ។ នៅក្នុងការប្រកួតប្រជែងវគ្គផ្ដាច់ព្រ័ត្រនេះ បេក្ខជនម្នាក់ៗ មានការច្រៀងរហូតដល់ទៅ៥បទឯណោះ។
ក្រោយពីពួកគេបង្ហាញសមត្ថភាពរួចហើយនោះ នៅទីបំផុតកម្មវិធីប្រឡងចម្រៀងកម្រិតពិភពលោកមួយនេះ បានរកឃើញម្ចាស់ពានហើយ គឺបានទៅលើបេក្ខជន លីម តិចម៉េង ដែលមកពីកំពង់ចាម ដោយទទួលបានសារសំឡេងច្រើនជាងគេពីទស្សនិកជននោះ។
ជាមួយគ្នានេះដែរ ក្នុងវគ្គផ្តាច់ព្រ័ត្រនៃកម្មវិធីនេះ គឺមានលោកជំទាវ ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា ជាគណៈអធិបតី។ អ្វី ដែលកាន់តែចាប់អារម្មណ៍ទៀតនោះ សម្ដេចតេជោ បានប្រកាសឧបត្ថម្ភដល់បេក្ខជនទាំង៤នាក់ ដោយម្នាក់ៗទទួលបានទឹកប្រាក់ចំនួន៦លានរៀល។
បន្ថែមលើនេះ ក្រោយពីដឹងលទ្ធផលនេះរួចមក សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានចូលរួមអបអរសាទរ តាមរយៈការបង្ហោះរូបថតម្ចាស់ជយលាភី ជាមួយនឹងការថ្លែងថា «សូមអបអរសារចៅលីម តិចម៉េង! ទីបំផុតជោគជ័យត្រូវបានទៅលើអ្នកឈ្នះ»៕