បន្ទាប់ពីប្រកួតប្រជែងអស់រយៈពេលជាច្រើនសប្ដាហ៍កន្លងមកនោះ, កម្មវិធីប្រឡងចម្រៀងលំដាប់ថ្នាក់ពិភពលោកCambodian Idolរដូវកាលទី៤ បានរកឃើញម្ចាស់ពានហើយ គឺបានទៅលើបេក្ខជន លីម តិចម៉េង មកពីខេត្តកំពង់ចាម។
ក្នុងការបង្ហាញសមត្ថភាព កាលពីយប់ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២២ ពីសំណាក់បេក្ខជន លីម តិចម៉េង កាន់តែធ្វើឲ្យមហាជន ពិសេសអ្នកគាំទ្រឃើញច្បាស់ពីសមត្ថភាព ទេពកោសល្យក្នុងវិស័យសិល្បៈ របស់កំលោះតូចរូបនេះ ក្រៅពីមានអត្តចរិតល្អ, ប្រវត្តិគ្រួសារកម្សត់ហើយនោះ។
ប្រការនេះហើយ ទើបពេលបេក្ខជន មកពីខេត្តកំពង់ចាមរូបនេះ លើកពាន ត្រូវបានមហាជន រួមទាំងបុគ្គលល្បីៗ រហូតថ្នាក់ដឹកនាំចូលរួមអបអរសាទរនោះ។ ងាកមក លោក ឌួង ឆាយ មិនត្រឹមតែចូលរួមអបអរសាទនោះទេ ថែមទាំងប្រកាសឧបត្ថម្ភថវិកាដល់កំលោះតូចរូបនេះថែមទៀតផង។
លោកឌួង ឆាយ បានបង្ហោះសារជាបន្តបន្ទាប់ថា «ជយោ លីម តិចម៉េង អ្នកឃុំបុសខ្នុរ ស្រុកចំការលើ ខេត្តកំពង់ចាមជាប់ហើយ។ មិនដែលតាមដានទេលើកទី 1 ដោយសារអ្នកបុសខ្នុរចូលរួមប្រលង។ ជីវប្បវត្តិគ្រួសារគាត់កម្សត់ណាស់,
ខ្ញុំនឹងឧបត្ថម្ភថវិកា 1,000$ ជូនដល់ លីម តិចម៉េង ដែលជាអ្នក បុសខ្នុរ ស្រុកចំការលើ ខេត្តកំពង់ចាម ដែលមានជីវប្រវត្តិកម្សត់ជាក្មេងគង្វាលនិងមានការតស៊ូ។ ខ្ញុំស្គាល់ផ្ទះ និងគ្រួសារតិចម៉េងដោយសារខ្ញុំធ្លាប់ជាអនុប្រធានក្រុមការងារគណៈពង្រឹងមូលដ្ឋានឃុំបុសខ្នុរ។ ឌួង ឆាយ»។
ជាការឆ្លើយតបទៅនឹងទឹកចិត្តអាណិត ស្រឡាញ់ រហូតឧបត្ថម្ភថវិកានោះ កំលោះតូច លីម តិចម៉េង បានចូលទៅខំមិន ធ្វើការអរគុណដល់ អតីតឧកញ៉ារូបនេះ។ ក្រៅពីនេះ ក៏មានអ្នកលេងបណ្ដាញសង្គមជាច្រើនទៀត បានសរសើរនូវទឹកចិត្តរបស់លោកឌួង ឆាយ ផងដែរ៕