កាលពីយប់ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២២ កម្មវិធីប្រឡងចម្រៀងលំដាប់ថ្នាក់ពិភពលោក Cambodian Idol រដូវកាលទី៤នេះ បានបិទបញ្ចប់យ៉ាងរលូន, ដោយប្រើរយៈពេលជាងកន្លះឆ្នាំ ទើបប្រសូតបានម្ចាស់ជយលាភី គឺបេក្ខជន លីម តិចម៉េង។
ក្រោយពីរកឃើញម្ចាស់ពាន Cambodian Idol រដូវកាលទី៤រួចមក ស្រាប់តែនៅយប់ថ្ងៃដដែល គណនីទីកតុកមួយ ទម្លាយពីទំនាក់ទំនងរបស់អ្នកទាំង២ក្នុងបណ្ដាញសង្គមទីកតុក ដោយលើកឡើងថា លីម តិចម៉េង , ថុល សុភិទិ និង នាង ដាវីន គឺជាមិត្តភ័ក្ដិគ្នាដ៏ជិតស្និទ្ធ ស្គាល់គ្នាជាង១០ឆ្នាំមកហើយ។
ក្នុងវីដេអូទីកតុកនោះ,ថុល សុភិទិ បានរៀបរាប់យ៉ាងដូច្នេះថា «បងប្អូនជួយមើលណា ខ្ញុំចង់បកស្រាយថា, Best Friend ខ្ញុំមាន៣នាក់នឹង, ហើយអាម៉េងជាមួយខ្ញុំគឺស្គាល់គ្នាជាង១០ឆ្នាំមកហើយ, ហើយនេះគឺជាគ្រុបខ្ញុំមានតែ៣នាក់ទេ, អ្នកទាំងអស់គ្នាត្រូវយល់ត្រូវដឹងផង, អរគុណច្រើន»។
សូមរំលឹកបន្តិចផងដែរថា, អំឡុងពេលដំណើរការនៃកម្មវិធីប្រឡងលំដាប់ថ្នាក់ពិភពលោក Cambodian Idol រដូវកាលទី៤នេះ, មានរឿងចម្រូងចម្រាសជាច្រើន, ជាពិសេសហ្វេនៗអ្នកទាំង២ តែម្ដង។ ដល់ថ្នាក់គ្រាន់តែឃើញអ្នកទាំង២រវល់រៀងខ្លួនឃ្លានឆ្ងាយពីគ្នាតែបន្តិច, ហ្វេនៗនាំគ្នាថា អ្នកទាំងពីរឈ្លោះគ្នា។
ទោះយ៉ាងណា កន្លងមក ពួកគេទាំង២ បានធ្វើការបកស្រាយរួចមកហើយថា រវាងពួកគេ នរណាជាម្ចាស់ជយលាភីក៏មិនជាអ្វីដែរ, ព្រោះពួកគេគឺជាពួកម៉ាកគ្នាយ៉ាងជិតស្និទ្ធរយៈពេលជិត១០ឆ្នាំមកហើយ៕