អន់​នោះ​ ! ណុប បាយ៉ារិទ្ធ និយាយចំៗឱ្យ លីម តិចម៉េង ក្រោយឃើញមានសន្ទុះគាំទ្រខ្លាំងៗ…

ក្រោយទទួលបានជោគជ័យក្លាយជាម្ចាស់ពានរង្វាន់លេខ ១ ក្នុងកម្មវិធី Cambodian Idol រដូវកាលទី ៤ មក លីម តិចម៉េង មិនត្រឹមតែធ្វើឱ្យមហាជនអ្នកគាំទ្រស្រឡាញ់ចូលចិត្តចំពោះសមត្ថភាព ទេពកោសល្យរបស់លោកទេ តែរូបលោកក៏បានឆក់យកបេះដូងមហាជនជាមួយនឹងអត្តចរិតឫកពារដ៏ល្អពេញដោយគុណធម៌គួរឱ្យសរសើរ។

យ៉ាងណាមិញ អ្វីដែលធ្វើឱ្យមហាជនកាន់តែស្ងប់ស្ងែងចំពោះ ម្ចាស់ជ័យលាភីរូបនេះ ខណៈទទួលបានជោគជ័យឃើញលើបណ្ដាញសង្គមរបស់លោក បានបង្ហាញនូវការរំឭកដឹងគុណបន្តបន្ទាប់ចំពោះបុគ្គលដែលបានជួយលោកឱ្យស្គាល់លើវិថីសិល្បៈ រហូតទទួលបានឈ្មោះបោះសំឡេងមានទស្សនិកជនស្រឡាញ់ភ្លូកទឹកភ្លូកដី។

ស្របពេលនោះដែរ បន្ទាប់ពីបានឃើញទង្វើដ៏ប្រពៃរបស់ លីម តិចម៉េង ក៏បានឃើញលោក ណុប បាយ៉ារិទ្ធ ចូលបញ្ចេញមតិបង្ហាញការសរសើរខ្លាំងដល់ម្ចាស់ជ័យលាភីរូបនេះ ចំពោះទឹកចិត្តដ៏ល្អរបស់លោកបង្ហាញចំពោះអ្នកមានគុណរបស់ខ្លួន។

ក្នុងនោះ លោក ណុប បាយ៉ារិទ្ធ បាននិយាយរៀបរាប់ថា ៖ «ល្អណាស់ប្អូន ការដឹងគុណគឺជាគុណធម៌ដែលមិនអាចកាត់ថ្លៃ គ្មានថ្ងៃស្រយុត មនុស្សដែលយកអាសាយើងពេលពិបាក គឺជាមនុស្សដែលមានគុណបំណាច់លើយើង សេចក្តីល្អ និង ជាពន្លឺបំភ្លឺប្អូនជារៀងរហូត»។

ជាមួយគ្នានោះ លីម តិចម៉េង ក៏បានធ្វើការឆ្លើយតបទៅកាន់ លោក ណុប បាយ៉ារិទ្ធ ដែលបង្ហាញការគោរពស្រឡាញ់ប្រៀបដូចគ្រូម្នាក់របស់លោកផងថា ៖ «អរគុណបងដូចគ្នាណ៎ាបងប្រុស បងក៏ជាគ្រូម្នាក់របស់ប្អូនដែរ គឺជារៀងរហូត»។

លើសពីនេះ លោក ណុប បាយ៉ារិទ្ធ ក៏បានបង្ហាញទឹកចិត្តទុកខ្លួនជាបងប្រុសម្នាក់ចំពោះ លីម តិចម៉េង រៀបរាប់ជាមួយអារម្មណ៍ស្រឡាញ់ពេញចិត្តយ៉ាងកក់ក្ដៅថា ៖ «អរគុណប្អូន ទុកត្រឹមជាបងប្រុសបងសប្បាយចិត្តណាស់ហើយ កុំគិតដល់គ្រូអី ព្រោះបងពិតជាអត់បានជួយបង្ហាត់បង្រៀនអ្វីដល់ប្អូនក្រៅអំពីការចែករំលែកបទពិសោធ កែលម្អ ជំរុញទឹកចិត្តតាមរយៈការផ្តល់យោបល់ទេ ដូច្នេះជាបងប្រុសម្នាក់ឃើញប្អូនបានល្អ បានពូកែ បានជោគជ័យបងរំភើបចិត្ត និង មានមោទកភាពចំពោះប្អូនណាស់។ ពិសេសឃើញប្អូនមានអត្តចរិតល្អ មានសម្តីសម្តៅប្រកបដោយការគិតពិចារណារាល់ការនិយាយ ដឹងអ្វីគួរមិនគួរ សមមិនសម ពិសេសរស់ឱ្យមានគុណធម៌ គឺបងសប្បាយចិត្តពន់ពេកណាស់ ហើយក៏ជឿថាអ្នកគាំទ្ររបស់ប្អូនក៏ដូចជាមហាជនទូទាំងប្រទេសគាត់ និង ញញឹមសប្បាយចិត្តដោយសមបំណងដែលគាត់ចង់បាន»៕

Related posts

Leave a Comment