វណ្ណដា ត្រឡប់ពីសម្ដែងនៅសិង្ហបុរីវិញ អ្នកគាំទ្រទៅព្រលានយន្ដហោះចាំ​ ដេីម្បី​…

ដូចដែលប្រិយមិត្តមួយចំនួននិយមតាមដានសិល្បៈក្នុងស្រុកបានដឹងរួចមកហើយ កាលពីថ្ងៃទី ១០ និង ថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ ២០២២ កន្លងទៅនេះ វណ្ណដា ដែលជាតារារ៉េបដ៏ល្បីប្រចាំប្រទេសកម្ពុជា និង មិត្តរួមផលិតកម្ម ២ រូប ទៀត គឺ លោក វណ្ណថាន និង កញ្ញា Sophia Kao បានចូលរួមសម្តែងក្នុងកម្មវិធី «ASEAN Music Showcase Festival 2022» នៅឯប្រទេសសិង្ហបុរី។

ដោយឡែក កាលពីថ្ងៃទី ១២ ខែកញ្ញា ឆ្នាំ២០២២ កន្លងទៅ គេបានសង្កេតឃើញថា លោក វណ្ណថាន បានត្រឡប់មកប្រទេសកម្ពុជាមុនតារា ២ រូបទៀតពោលគឺលោក វណ្ណដា និង កញ្ញា Sophia Kao ដោយហេតុអ្នកទាំងពីរចង់ចំណាយពេលផ្ទាល់ខ្លួនបន្ថែម ១ ថ្ងៃទៀតនៅឯក្រៅប្រទេស។

យ៉ាងណាមិញ កាលពីរសៀលថ្ងៃទី ១៣ ខែកញ្ញា កន្លងទៅថ្មីៗនេះ តារារ៉េបលោក វណ្ណដា និងកញ្ញា Sophia បានត្រឡប់មកវិញជាមួយ​នឹង​ទឹកមុខស្រស់ស្រាយ ដោយមានអ្នកគាំទ្រមួយក្រុមបានអង្គុយរង់ចាំទទួលរូបគេទាំងពីរ នៅឯអាកាសយានដ្ឋានអន្តរជាតិ ភ្នំពេញ ។

តួយ៉ាង តាមរយៈ Fanpage របស់ វណ្ណដា មួយដែលមានឈ្មោះថា «THE VANNDA» បានបង្ហោះរូបជាច្រើនសន្លឹកជាមួយតារាសំណព្វទាំង ២ ព្រមទាំងភ្ជាប់ជាមួយនឹង caption ថា៖ «Our Mission 2 is complete. សប្បាយរកលេខដាក់គ្មានទេ សុទ្ធតែមនុស្សមិនដែលស្គាល់គ្នា តែទីបំផុតក៏មកឈរកន្លែងនេះជាមួយគ្នា ដែលមានឈ្មោះជាអ្នកស្និទ្ធស្នាលគ្នា។ អរគុណ VD FAM (ឈ្មោះអ្នកគាំទ្ររបស់ វណ្ណដា) ដែលបានចូលរួម ថ្ងៃនេះ»។

គួរឱ្យដឹងផងដែរថា បន្ទាប់ពីការប្រគំតន្រ្តីនៅឯប្រទេសសិង្ហបុរីរួចហើយ វណ្ណដា នឹងមានការប្រគំតន្រ្តី SKULL TOUR ចុងក្រោយគេ គឺនៅភ្នំពេញ ដែលនឹងប្រព្រឹត្តនៅថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ២០២២ ខាងមុខនេះហើយ៕

Related posts

Leave a Comment