កាលពីពេលថ្មីៗកន្លងទៅនេះ, អតីតតារាសម្ដែង វ៉ាង ស្រីណូ បានបង្ហាញការហួសចិត្ត នៅពេលគេបា..ញ់លុយច្រឡំចូលកុងនាង ហើយនាងបា..ញ់ទៅគេវិញ តែគេមិនខលមក ធ្វើការអរគុណនាងនោះ។
នៅក្នុងវីដេអូ ដែលបង្ហោះពេញបណ្ដាញសង្គមនោះ, វ៉ាង ស្រីណូ បានរៀបរាប់ថា ខ្លួនត្រូវបានគេបា..ញ់លុយច្រឡំចំនួន១ ៤០០០ដុល្លារ ហើយនាងក៏សម្រេចបា..ញ់ឲ្យគេវិញចំនួន១៣ ៧០០ដុល្លារ ដោយទុក៣០០ដុល្លារ ជាលុយហេងៗស្រាប់ខ្លួនឯង។
ទោះយ៉ាងណានៅក្នុងការវីដេអូនោះ នាងបានសម្ដែងការហួសចិត្តត្រង់ថា ម្ចាស់លុយមិនខលមកនាងផ្ទាល់នោះទេ ឲ្យអ្នកផ្សេង ដែលធ្លាប់ស្គាល់នាងខលមក។ ពេលនាងផ្ញើឲ្យវិញហើយ មិនឃើញធ្វើការអរគុណដល់នាងនោះទេ។
ងាកមកអ្នកលេងបណ្ដាញសង្គមវិញ ភាគច្រើនមិនបានគាំទ្រវ៉ាង ស្រីណូ នោះទេ ដោយម្នាក់ៗចូលខំមិនព្រោងព្រាតថា នាងចង់បានលុយគេ៣០០ដុល្លារយកលេសថា ហេងៗ ជាពិសេសពេលដឹងថា ការហេងរបស់នាង ជាការស៊យរបស់អ្នកផ្ញើច្រឡំ ព្រោះជាលុយក្រុមហ៊ុន មិនមែនលុយអ្នកផ្ញើច្រឡំនោះទេ, អ្នកផ្ញើនោះ ត្រូវរកលុយ៣០០បន្ថែមសងក្រុមហ៊ុនវិញ។
ក្រោយពីរឿងនេះល្បីសុសសាយពេញព័ត៌មាននោះ វ៉ាង ស្រីណូ បានបង្ហោះសារគួរឲ្យអស់សំណើចថា «គិតទៅធ្វើបុណ្យពីមុនអស់លុយរាប់ម៉ឺនដុល្លារមិនល្បីទេ មកល្បីផ្អើលពេញហ្វេសបុកនឹងរឿងលុយABA 300$ ណឹងវិញអគុណអ្នកសែរ អគុណអ្នកតែស្ករ អគុណអ្នកបញ្ចេញយោបល់យកមុខយកមាត់ គេអ្នកធ្វើអត់ល្អទេ ល្អតែអ្នកបញ្ចេញយោបល់អស់ឯងណឹងហើយ Jing Jung Vangជុង វ៉ាង»។
ជុំវិញរឿង កំពុងល្បីលើបណ្ដាញសង្គមនេះ តារាចម្រៀង ម៉ា ចាន់បញ្ញា បានលើកជាមតិរបស់ខ្លួនថា «មនុស្សឥឡូវផ្លាស់ប្ដូរអស់ហើយ។ ជឿជាក់លើរឿងអ្វីមួយបែរជាយកចំនួនLike share ជាគោលការណ៍ទៅវិញ លែងស្គាល់អ្វីទៅជាគុណភាព រឿងពិតឬរឿងមិនពិត ខ្មៅជាស យកខុសជាត្រូវអស់រលីង។
អ្នកខ្លះបែរជាដៀលត្មិះមនុស្សចាស់ដ្បិតគាត់មិនយល់ពីបច្ចេកវិទ្យាថា មិនដឹងអី ហើយបង្ហោះយកចំនួនអ្នកមើលជាសាធារណៈធ្វើខ្លួនមិនខ្វល់ពីផលប៉ះពាល់ ដល់សីលធម៌ ឯអ្នកខ្លះរើសលុយគេបានសោះ បែរជាយល់ថា គេដាច់ខាតត្រូវតែមានសាគុណទើបត្រូវ។ ខ្លួនខុសទៅហើយ មិនអស់ចិត្តបែរជាហ៊ានបង្ហោះវីដេអូអន់ចិត្តជាសាធារណៈតាំងខ្លួនជាអ្នកត្រូវទៀត។
អ្នកខ្លះទៀត ខ្លួនឯងធ្វើត្រូវសោះបែរជាយល់ថាខ្លួនឯងខុស ដោយសារតែមតិមហាជនយល់ថាវាជាកំហុសទាំងដែលគេមិនដឹងពីការពិតថ្លឹងថ្លែងត្រឹមត្រូវ ហើយត្រូវបានមនុស្សបាក់ស្បាតមួយចំនួនមកសំណូមពរអោយបំបិទមាត់ ដើម្បីយល់ថាមិនតបតគឺរស់នៅសុខជាង (អត្មានិយម)។ ឱ! សង្គមមនុស្សអើយ ម៉េចក៏បានគុណធម៌ សីលធម៌ សេចក្ដីថ្លៃថ្នូរ ការគោរពទៅណាអស់ហើយ»។
ដោយឃើញការបង្ហោះសារបែបនេះ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានចូលទៅខំមិនប្រាប់ថា «ស្រុកគេហៅតុលាការ Internet ស្រុកខ្មែរហៅតុលាការហ្វេសប៊ុក !»៕