នោះ! រឿង Miss Grand កំពុងក្ដៅ ស្រាប់តែ លីវ ជីលី ប្រកាន់ជំហរច្បាស់ៗដល់ ពេជ្រ វត្តីសារ៉ាវឌ្ឍី ថា…

នៅប៉ុន្មានថ្ងៃចុងក្រោយនេះមហាជនអ្នកគាំទ្រវិស័យបវរកញ្ញាជាច្រើនកំពុងផ្ទុះការជជែកវែកញែករឿងទំព័រហ្វេសប៊ុកផេកផ្លូវការរបស់ស្ថាប័ន Miss Grand Cambodia បានប្ដូរឥរិយាបថមកសុភាពទន់ភ្លន់ខុសពីមុនឆ្ងាយ ដោយកាលពីប៉ុន្មានថ្ងៃមុនស្ថាប័នខាងលើបានបង្ហោះសារនៅលើផេកផ្លូវការសុំទោសមហាជន ហើយសុំឱ្យអ្នកគាំទ្រជួយបោះឆ្នោតឱ្យ Miss Grand កម្ពុជា ដើម្បីមានឱកាសបានទៅទទួលទានអាហារពេលល្ងាចជាមួយស្ថានិក Miss Grand International គឺលោក Nawat។

ទោះបីជាទំព័រផេក Miss Grand Cambodia ហាក់បន្ទន់ឥរិយាបថយ៉ាងណាក្ដី ប៉ុន្ដែក្នុងនោះគេឃើញមានមហាជនជាច្រើនបាននាំគ្នាចូលទៅបញ្ចេញយោបល់ក្នុងអត្ថន័យឌឺដងដល់អ្នកកាន់ផេក (admin) ហើយបើងាកទៅមើលចំនួន Like, Comments, Share របស់បវរកញ្ញាតំណាងឱ្យកម្ពុជាគឺកញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី នៅលើហ្វេសប៊ុកផ្លូវការរបស់ MGI ឯណោះវិញ ឃើញថាមិនសូវមានមហាជនចូលទៅច្រើនផុសផុលដូចឆ្នាំមុនៗឡើយ។

រឿងរ៉ាវមួយនេះកំពុងក្លាយជាប្រធានបទក្ដៅ ដោយត្រូវអ្នកគាំទ្រវិស័យបវរកញ្ញាមួយចំនួនបានចេញមុខនិយាយសុំចិត្តមហាជនកុំប្រកាន់ខឹងរឿងពីមុនហើយពួតដៃគ្នាចូលទៅបោះឆ្នោតឱ្យបវរកញ្ញាខ្មែរយើង ចំណែកអ្នកខ្លះទៀតក៏បណ្ដោយទៅតាមដំណើរ។ ឃើញបែបនេះ ស្រាប់តែម្ចាស់មកុដ Miss Grand Cambodia 2020 កញ្ញា លីវ ជីលី បានបង្ហោះសារលើកហេតុផលសូមឱ្យទស្សនិកជនជួយគ្នាម្នាក់បន្តិចដើម្បីមុខមាត់កម្ពុជាយើង។

លីវ ជីលី បានរៀបរាប់ថា ៖ «មិនថាកាលៈទេសៈបែបណាក៏ដោយ ក្នុងនាមនាងខ្ញុំជាខ្មែរ មានបេះដូងនិងឈាមជ័រជាខ្មែរ 🇰🇭 សូមជម្រាបដល់បងប្អូនដែលគាំទ្រវិស័យបរវកញ្ញាទាំងអស់គ្នា ពួកយើងត្រូវតែពួតដៃគ្នា រួបរួមសាមគ្គីគ្នាក្នុងគ្រានេះ ព្រោះនាងខ្ញុំធ្លាប់យល់អារម្មណ៍មួយនេះពិតជាត្រូវការកម្លាំងចិត្តពីបងប្អូនខ្លាំងបំផុត ពេលខ្លះអាចបាក់ទឹកចិត្តក៏ថាបាន សង្ឃឹមពុកម៉ែបងប្អូនជួយគាំទ្រពេញទំហឹង ព្រោះគាត់ជាបរវកញ្ញាខ្មែរយើង១រូប ត្រូវទៅប្រកួតនៅលើឆាកអន្តរជាតិ ប្រសិនបើយើងមិនគាំទ្រ តើបាននរណាមកគាំទ្រនាងទៅ សង្ឃឹមថាពុកម៉ែបងប្អូននៅតែបន្តការគាំទ្រវិស័យមួយនេះឱ្យរីកចម្រើន»៕

Related posts

Leave a Comment