បើទោះបីជា បច្ចុប្បន្នតារាចម្រៀងសាន់ដេលោក ខាន់ ជេមស៍ មានភាពល្បីល្បាញ និងមានកេរ្ដ៍ឈ្មោះបោះសំឡេង ហើយមានមុខជំនួញជាច្រើនក្នុងដៃក៏ពិតមែន ប៉ុន្តែប្រហែលមានមនុស្សមិននាក់ច្រើនឡើយ ដែលបានដឹងពីប្រវត្តិតស៊ូជូរចត់របស់តារាចម្រៀងកម្សត់រូបនេះ។
ម្ចាស់បទ «សម្រែកបេះដូង» លោក ខាន់ ជេមស៍ ធ្លាប់ទម្លាយថា កាលពីឆ្នាំ1998 លោកគឺជាកម្មករចុះទូកនៅប្រទេសថៃ ហើយនៅឆ្នាំ2002 ជាអ្នកចម្រៀងប្រចាំនៅបៀរហ្គាឌិន រហូតមកដល់ឆ្នាំ 2007 ទើបមានវាសនាបានក្លាយជាតារាចម្រៀងល្បី ហើយបច្ចុប្បន្នជាសហគ្រិនក្ដោបក្ដាប់ជំនួញណែនដៃ។
បើងាកទៅមើលជីវិតឯកជនវិញ តារាចម្រៀងប្រុសរូបនេះ មានគ្រួសារមួយប្រកបដោយភាពកក់ក្ដៅ ព្រោះបើគិតមកដល់ពេលនេះ ខាន់ ជេមស៍ និង ភរិយាបណ្ដូលចិត្ត បានរួមរស់ជាប្ដីប្រពន្ធអស់រយៈពេលជាង ២០ ឆ្នាំមកហើយ។
ចំណងអាពាហ៍ពិពាហ៍ប្ដីប្រពន្ធអ្នកទាំងពីរ ទទួលបានចំណងដៃកូន៤ នាក់ ក្នុងនោះស្រី ២ នាក់ និង ប្រុស ២ នាក់ ដោយកូនស្រីច្បងរបស់តារាចម្រៀងប្រុសរូបនេះ ហាក់ធំពេញវ័យទន្ទឹមខ្លួនទៅហើយ ថែមទាំងស្រស់ស្អាតគួរឱ្យស្រឡាញ់ទៀតផង។
កាលពីប៉ុន្មានខែមុន, តារាចម្រៀងល្បីឈ្មោះរូបនេះ បានបង្ហោះរូបថត២សន្លឹក ហើយរៀបរាប់ថា ចំណងស្នេហ៍អមតៈ
ថ្ងៃទី 16/05/2022 គម្រប់ខួបចំណងស្នេហ៍២២ឆ្នាំ របស់ពួកយើងទាំងពីរនាក់
អរគុណអូនគ្រប់យ៉ាង ដែលអូនផ្ដល់ឱ្យបង ជឿជាក់បង និងកាន់ដៃបងរយៈពេល២២ឆ្នាំ រហូតបង្កើតបានចំណងស្នេហ៍អមតៈ កូន៤នាក់ ស្រី២ប្រុស២ ជាមួយគ្នា។
ថ្ងៃនេះបងចង់ឱ្យមនុស្សគ្រប់រូប ដឹងថា «ទោះបីជាមានរឿងអ្វីកើតឡើង ក៏ក្ដីស្រលាញ់ដែលបងមានចំពោះអូន មិនដែលថយចុះឡើយ គឺក្ដីស្រលាញ់មានតែកើនឡើង និងស្មោះត្រង់ចំពោះអូនជានិច្ច។ ជាតិនេះបងសុំត្រឹមធ្វើជាប្ដីល្អ ឪពុកល្អ និងមេគ្រួសារល្អសម្រាប់អូនតែម្នាក់គត់ សុខ សុចិន្តា»។
ទោះយ៉ាងណា យ៉ាងណា នៅពេល តារាចម្រៀង ខាន់ ជេមស៍ ទើបបើកបង្ហាញវត្តមានភរិយាជាសាធារណៈដំបូងៗ ក៏មានមតិមួយចំនួនតូចលើកឡើងថា ភរិយារបស់លោកមានមុខមាត់មិនសូវស្អាត ឬចាស់ជាងលោកជាដើម ប៉ុន្ដែពាក្យសម្ដីទាំងអស់នោះ ខាន់ ជេមស៍ មិនខ្វល់ឡើយ ហើយកាន់តែស្រឡាញ់ភរិយាដលើសដើម។
នៅពេលនោះ គេមិនដឹងថា ហេតុអ្វី បានជា លោកស្រឡាញ់ភរិយាដល់ថ្នាក់នេះនោះឡើយ តែថ្មីៗកន្លងទៅ ខាន់ ជេមស៍ ដាច់ចិត្តទម្លាយថា កត្តា ដែលធ្វើឱ្យលោកបាក់ចិត្តស្រឡាញ់ប្រពន្ធគ្មានថ្ងៃប្រែ ព្រោះលោកស្រឡាញ់ចិត្តថ្លើមរបស់នាង មិនមែនតែលើមុខមាត់ទេ៕ ដើម្បីជ្រាបច្បាស់សូមទស្សនាវីដេអូ ខាងក្រោមនេះនេះ ៖