អ្នកតាមដានព័ត៌មានមួយចំនួន បានជ្រាបរួចមកហើយថា នាយ សែ ភិន ហៅ នាយចយ និង ភរិយា ប៉ិន ក្វាន់ឌី បានរៀបអាពាហ៍ពិពាហ៍ កាលពីថ្ងៃ២៧ ខែកុម្ភៈ ឆ្នាំ២០១៨ នៅវិមានពិភពថ្មីសែនសុខ។ ពិធីរៀបមង្គលការនេះ ត្រូវបានរៀបចំយ៉ាងអធិកអធម អមដោយតារាកំប្លែងល្បីៗជាច្រើននាក់។
ក្រោយរៀបការ នាយ ចយ រួមនឹងភរិយាជាទីស្រឡាញ់ ក៏ទទួលបានសមាជិកថ្មី ជាកូនដំបូងរបស់ពួកគេ ដោយកើត កាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៩ ក្រោមការសាទរពីអ្នកសិល្បៈ និងអ្នកគាំទ្រជាច្រើនទៀត។
គិតមកទល់នឹងពេលនេះ នាយចយ និងភរិយាអ្នកនាងខ្វាន់ឌី បានរៀបការជាមួយគ្នាអស់រយៈពេលប្រមាណជាង៤ឆ្នាំមកហើយ ហើយកូនប្រុសរបស់ពួកគេ មានអាយុប្រមាណជិត៣ឆ្នាំ។ ក្នុងរយៈពេលនេះ ពួកគេ បានចាប់ដៃគ្នារកស៊ី ហើយកាន់តែស្រឡាញ់គ្នាទ្វេដង ខុសពីមតិរិះគន់ដំបូងថា ភរិយានាយចយ ស្រឡាញ់នាយ ដោយសារតែលុយនោះ។
ទោះយ៉ាងណា ភរិយានាយចយ ឧស្សាហ៍បង្ហោះសារដាស់តឿនដើម្បីកុំឲ្យប្ដីមានថ្មីខ្លាំងណាស់។ ជាក់ស្ដែងកាលពីថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២២កន្លងទៅ ភរិយា នាយចយ បានបង្ហោះរូបថត២សន្លឹក និងសារដាស់តឿនស្វាមីរបស់ខ្លួនថា «ថើបប្តីមួយខ្សឺត រួចប្រាប់ប្តីថា : ចាំទុកណាប្តី ថ្ងៃដែលបងមានស្រី គឺជាថ្ងៃដែលបងបាត់បង់ប្រពន្ធកូន ក៏ដូចជាបើកឱកាសអោយប្រុសដទៃមកមើលថែប្រពន្ធកូនបងជំនួសបង
សាកស្រមៃមើលថាបើកូនបងទៅហៅប្រុសដទៃថា ប៉ា បងឈឺចាប់ទេ? សាកស្រមៃមើលថា បើប្រពន្ធបង ធ្លាប់គេងអោបរាល់ថ្ងៃ ទៅអោបប្រុសផ្សេងបងឈឺចាប់ទេ? ពេលប្រពន្ធធ្វើល្អ ស្រលាញ់បង បារម្ភបង បងមើលមិនឃើញ ចុះបើប្រពន្ធទៅធ្វើទង្វើទាំងអស់នេះជាមួយប្រុសផ្សេងបងស្តាយក្រោយទេ? ដូច្នេះ ! កុំក្បត់ចិត្តគេ បើមិនចង់អោយខ្លួនឯងឈឺចាប់លឺនៅប៊េប៊ី»។
បន្ថែមលើនេះ នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២២នេះ អ្នកនាង ក្វាន់ឌី បានប្ដូរប្រូហ្វាល់ថ្មី ហើយដាក់Captionដាស់តឿននាយចយទៀតថា «ធ្វើខ្លួនជាមួយកូនអោយស្អាតៗដើម្បីទុកជាការដាស់តឿនប្តី : -កុំផឹកច្រើន -កុំមានស្រី ព្រោះប្រពន្ធដូចអូនបើមេម៉ាយអត់យូរទេដឹងនៅលោកប្តី»។
ដោយឡែក កាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២កន្លងទៅនេះ ភរិយានាយចយ បានបន្តបង្ហាញក្ដីបារម្ភខ្លាចប្ដីមានស្រីថ្មីថា «អូនមិនខ្លាចនឹងនៅពីក្រោយបង ឈរមើលភាពជោគជ័យរបស់បងឡើយ អ្វីដែលអូនខ្លាចគឺពេលបងជោគជ័យអ្នកនៅពីក្រោយបងមិនមែនអូន»។
តាមរយៈការបង្ហោះសារជាញឹកញាប់នេះ គេមិនដឹងថា នាយចយ មានមន្តស្នេហ៍ អាចអន្ទងនារីផ្សេងឲ្យស្រឡាញ់នាយ ឬយ៉ាងណានោះទេ ទើប បានជាភរិយា តែងតែបង្ហោះសារដាស់តឿន និងបង្ហាញក្ដីបារម្ភបែបនេះនោះ៕