និយាយដល់ឈ្មោះ ង៉ា ស្រីណាន ប្រិយមិត្តភាគច្រើនច្បាស់ជាបានស្គាល់រួចមកហើយថា រូបនាង ជាកូនស្រីបណ្ដូលចិត្តរបស់តារាកំប្លែង សេន ចិន្តា ហៅ ស្រីអ៊ីត ដោយបច្ចុប្បន្ននាង កំពុងទទួលការទំនុកបម្រុង និងត្រួសត្រាយផ្លូវបានយ៉ាងល្អប្រសើរពីសំណាក់អ្នកម្ដាយជាទីស្រឡាញ់លើវិថីសិល្បៈ។
គេនៅចាំបានថា ង៉ា ស្រីណាន ពេលស្ថិតក្នុងអាយុប្រមាណ១៥ឆ្នាំ នាង បានចូលប្រឡងចម្រៀងបញ្ចេញសមត្ថភាពនៅក្នុងកម្មវិធី Xfactor Cambodia កាលពីកំឡុងឆ្នាំ២០១៩ថែមទៀតផង ហើយកាលនោះនាងតូចរូបនេះ ក៏ទទួលបានប្រជាប្រិយភាពពីសំណាក់មហាជនអ្នកគាំទ្រច្រើនសន្ធឹកសន្ធាប់ផងដែរ ដោយសារតែនាងមានទឹកដមសំឡេងពីរោះក្រអួនក្រអៅបំពេអារម្មណ៍អ្នកស្ដាប់នោះ។
ដោយឡែក បើគិតមកទល់បច្ចុប្បន្ន ង៉ា ស្រីណាន មានអាយុ១៨ឆ្នាំ កំពុងពេញវ័យលូតលាស់ពេញរូបពេញរាងស្រស់ស្អាតមិនចាញ់អ្នកម្ដាយឡើយ ពោលគឺរូបសម្រស់ស្អាតប្លែកជាងពីក្មេងសឹងតែ ៣៦០ដឺក្រេ មានសម្បុរសថ្លា ទម្រង់មុខគួរឱ្យស្រឡាញ់ ជាពិសេសមានរូបរាងស្រឡូនស្អាតដូចទាក់ទាញដូចតារាម៉ូដែល តុបតែងខ្លួនស៊ីវិល័យស្រស់ស្អាតខ្លាំង អន្ទងចិត្តកំលោះៗឱ្យលង់ស្នេហ៍មិនតិចនោះឡើយ។
បើនិយាយពីការងារសិល្បៈវិញ មិនថាសម្ដែង ឬច្រៀងឡើយ ស្រីស្អាតមានរូបឆោមស្រស់បែបធម្មជាតិ ង៉ា ស្រីណាន តែងតែធ្វើបានយ៉ាងល្អ ហើយរមែងទទួលបានការគាំទ្រ និងកោតសរសើរមិនដាច់ពីមហាជន ដែលធ្វើឱ្យកេរ្តិ៍ឈ្មោះ និងប្រជាប្រិយភាពរបស់នាងល្បីសុសសាយមិនចាញ់ម្ដាយនោះឡើយ។
ស្របពេលកំពុងមានប្រជាប្រិយភាពនេះ ង៉ា ស្រីណាន ទទួលបានឱកាសការងារជាបន្តបន្ទាប់ដូចជាថតសម្អាងការ ថតផលិតផលឲ្យគេជាដើម ហើយអ្វីដែលគួរឲ្យសរសើរនោះ ពេលរកលុយបាននាងមិនទុកខ្លួនឯងនោះទេ គឺប្រគល់ឲ្យអ្នកម្ដាយតែម្ដង។
ជាក់ស្ដែងនៅយប់ថ្ងៃទី២ ខែតុលា នេះ នាង បានបង្ហោះវីដេអូ បង្ហាញពីសកម្មភាពប្រគល់លុយជូនអ្នកម្ដាយ ជាមួយនឹងការរៀបរាប់ថា «ពេលនឹង កូនរកបានប៉ុណ្ណឹងឲ្យម៉ាក់សិន កូនព្យាយាមរកឲ្យច្រើនជូនម៉ាក់ កូនចង់ឃើញម៉ាក់សប្បាយចិត្ត ម៉ាក់រីករាយពេលកូនចេះរកលុយខ្លួនឯង!! ពេលនេះកូនមានសមត្ថភាព300$ប៉ុណឹ្ណងឲ្យម៉ាក់កាន់សិន ចាំកូនព្យាយាមរកលុយរាប់ពាន់ឲ្យម៉ាក់កាន់ទៀត»៕