អីយ៉ា​! អាយុទើបតែ ១៣ ឆ្នាំ ធ្វើឱ្យគណៈកម្មការ និង មហាជនទប់អារម្មណ៍មិនបាន លង់ស្នេហ៍ទឹកដមសំឡេង

នៅថ្ងៃទី ០១ ខែតុលា ឆ្នាំ ២០២២ ថ្មីនេះ កម្មវិធីប្រឡងចម្រៀងលំដាប់ពិភពលោក The Voice Kid Cambodia រដូវកាលទី ៣ ដែលមហាជនអ្នកគាំទ្រវិស័យចម្រៀងទន្ទឹងរង់ចាំបានចាប់ផ្ដើមដំណើរការហើយ គឺកម្មវិធីចាប់ផ្ដើមប្រឡងក្នុងវគ្គ The Blind Auditions ធ្វើការជ្រើសរើសបេក្ខភាពប្រឡងចម្រៀងកុមារជាបន្តបន្ទាប់ក្នុងសប្ដាហ៍ទី ១ នេះ។

នៅរាត្រីនៃវគ្គ The Blind Auditions សប្ភាហ៍ទី ១ នេះ ឃើញថាមានបេក្ខភាពកុមារជាច្រើនគួរឱ្យចាប់អារម្មណ៍ខ្លាំង ជាមួយនឹងការបង្ហាញសមត្ថភាពរបស់ពួកគេសុទ្ធសឹងតែមានសំឡេងពីរោះៗ។

ដោយឡែក ក្នុងសប្ដាហ៍នេះដែរ ក្នុងចំណោមបេក្ខភាពកុមារជាច្រើនដែលបានបង្ហាញសមត្ថភាព ឃើញថាមហាជនអ្នកគាំទ្រជាច្រើនលើបណ្ដាញសង្គម ជាពិសេសអ្នកតាមដានកម្មវិធីមួយនេះ បានចាប់អារម្មណ៍ និងសរសើរខ្លាំងចំពោះ សមត្ថភាពរបស់ កុមារាអាយុ ១៣ ឆ្នាំ សារុំ បញ្ញាស័ក្ត។

ក្នុងនោះ សារុំ បញ្ញាស័ក្ត បានលើកយកបទចម្រៀង «ជំងឺខ្វះអ្នកថែរស់បានយូរប៉ុណ្ណា» មកបកស្រាយ ដែលពិតជាធ្វើបានល្អខ្លាំង សំឡេងពីរោះពោរពេញដោយមនោសញ្ចេតនា បូករួមនឹងអត្ថន័យបទចម្រៀងបែបកំសត់ចាក់ដោតយ៉ាងព្រឺសម្បុរ ដោយអាចឆក់បានការចិត្តគណៈកម្មការបង្វិលកៅអីទាំង ៣ រូបតែម្ដង និងបានបញ្ចេញមតិសរសើរចំពោះកុមារារូបនេះពេញៗមាត់ផងដែរ៕

Related posts