មហាជនប្រាកដជាធ្លាប់បានដឹងមកហើយពីកេរ្តិ៍ឈ្មោះល្បីរន្ទឺរបស់វីរសិល្បករ អ្នកស្រី ឌី សាវ៉េត ជាតារាភាពយន្តដ៏ល្បីសុសសាយក្នុងប្រទេសកម្ពុជា កាលពីអំឡុងទសវត្សរ៍ទី ៦០ និង ដើមទសវត្សរ៍ទី ៧០ ហើយមកទល់នឹងពេលនេះ ទោះវីរសិល្បករលោកស្រី ឌី សាវ៉េត មានវ័យជិត ៧៧ ឆ្នាំក្តី តែលោកស្រីក៏នៅតែទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់មហាជនទាំងក្មេងចាស់ប្រុសស្រីដូចដើម។
ដោយឡែក បើក្រឡេកទៅមើលជីវិតឯកជនរបស់លោកស្រី ឌី សាវ៉េត វិញ ក្រោយពីបានបែកបាក់ក្រុមគ្រួសារមក គឺលោកស្រីមានកូនប្រុស ១ នាក់ និង កូនស្រី ២ នាក់ ហើយបច្ចុប្បន្នកូនប្រុស និង កូនស្រីម្នាក់របស់លោកស្រីរស់នៅឯក្រៅប្រទេស រីឯកូនស្រីពៅគឺរស់នៅជាមួយនឹងលោកស្រីនៅឯប្រទេសកម្ពុជា ដោយបានចាប់យកអាជីពជាអ្នកសិល្បៈដូចលោកស្រីដែរ។
កូនស្រីពៅរបស់វីរសិល្បករ លោកស្រី ឌី សាវ៉េត មានឈ្មោះថា ឌី ហ៊្សូលី គឺមានដុងសិល្បៈដូចលោកស្រីខ្លាំងណាស់ ពោលគឺដូចពាក្យចាស់ថាស្លឹកឈើជ្រុះមិនឆ្ងាយពីគល់។ កញ្ញា ឌី ហ៊្សូលី មានក្រុមសិល្បៈរបាំបុរាណមួយក្រុម ហើយតែងតែឧស្សាហ៍ចេញច្រៀងញឹកញាប់តាមកម្មវិធីជាច្រើន ដូចជាតាមមហោស្រពសិល្បៈ និង ការឡើងសម្ដែងតាមកម្មវិធីសិល្បៈរបស់បណ្ដាទូរទស្សន៍មួយចំនួន។
លើសពីនោះ កញ្ញា ឌី ហ៊្សូលី ក៏បានចាប់យកអាជីពសម្តែងខ្សែភាពយន្តផងដែរ ដោយកាលពីប្រមាណ ២ ឆ្នាំមុន កញ្ញាបានសម្តែងរឿង «ញើសក្រហម» ដែលដឹកនាំដោយលោក ឆាយ បូរ៉ា ហើយកន្លងមក កូនស្រីពៅរបស់វីរសិល្បករខាងលើនេះ ក៏បានបង្ហាញវត្តមានក្នុងរឿង «ស្នាមសាក់លើស្មា»។
ជាការពិតកន្លងមក កញ្ញា ឌី ហ៊្សូលី តែងបង្ហាញទេពកោសល្យសិល្បៈផ្នែករបាំ ផ្នែកសម្តែង នៅលើកញ្ចក់ទូរទស្សន៍ និង កម្មវិធីជាច្រើនហើយដែរ តែយ៉ាងណាកូនស្រីពៅលោកស្រី ឌី សាវ៉េត រូបនេះ ក៏មានដុងផ្នែកតន្ត្រីមិនធម្មតាដែរ ពោលគឺកញ្ញា ឌី ហ៊្សូលី អាចលេងឧករណ៍ហ្គីតាបានយ៉ាងស្ទាត់ជំនាញ៕