ចាំទេ តារាកំប្លែងនាង សាឡាឡា? បាត់មុខឈឹង ពីសិល្បៈ ខណៈដែល​បច្ចុប្បន្ន​នេះ​…

បើរំឭកទៅអតីតកាលខ្ទង់ឆ្នាំ ២០០០ និង ២០០០ ជាង ក្រុមកំប្លែង នាយក្រឹម និង នាយកុយ ត្រូវបានគេចាត់ទុកជាក្រុមកំប្លែងមានភាពល្បីល្បាញ និង ផ្ទុះការគាំទ្រយ៉ាងខ្លាំង ដោយក្រុមកំប្លែងដឹកនាំសម្តែងពីតារាកំប្លែងល្បីទាំង ២ រូបនេះ តែងតែបានពាំនាំយកសំណើចសើចក្អាកក្អាយតាមរយៈកាយវិការ និង ពាក្យសម្តីកំប្លែងចាក់ទឹកមិនលិចនានា បង្ហាញដល់មហាជនដែលបានទស្សនាឱ្យភ្លេចទុក្ខកង្វល់។

ពិតណាស់ ក្នុងក្រុមកំប្លែងដែលដឹកនាំដោយ នាយក្រឹម និង នាយកុយ កាលជំនាន់នោះមានសមាជិកឆ្នើមៗ និង សម្បូរថ្វីមាត់ជាច្រើនរូបទាំងប្រុស និង ស្រី មានដូចជា នាយក្រឹម នាយកុយ ផ្ទាល់ដែលជាមេក្រុម នាយសានម៉ៅ នាយក្ដិប នាយវីតាមីនសេ នាយសង់ស៊ីស យាយអឿន យាយយ៉យ នាងគ្រត នាង ស៊ុន ណារីម៉ូនីកា នាងកាឆយ និង នាង សាឡាឡា ព្រមទាំងអ្នកកំប្លែងល្បីៗជាច្រើនទៀតជាដើម។

យ៉ាងណាមិញ មកដល់ពេលបច្ចុប្បន្ននេះពួកគាត់មិនបាននៅជុំក្រុមគ្នាទៀតឡើយ ដោយមានតារាកំប្លែងខ្លះបានស្លាប់បាត់បង់ជីវិត តួយ៉ាងដូចជា នាយវីតាមីនសេ នាយសានម៉ៅ ហើយខ្លះទៀតក៏មានវ័យកាន់តែចាស់ ពិការ និង ខ្លះក៏បានលាឈប់បាត់មុខពីសង្គមសិល្បៈឈឹងគ្មានដំណឹង ដូចជា អ្នកនាង សាឡាឡា ពោលគឺនៅសល់តែមួយចំនួនតូចប៉ុណ្ណោះដែលកំពុងនៅប្រឡូកក្នុងវិស័យសិល្បៈដល់បច្ចុប្បន្ន។

មកដល់ត្រឹមនេះ បើនិយាយដល់ឈ្មោះ នាងសាឡាឡា ភ្លាម បានធ្វើឱ្យមហាជននឹកភ្នកដល់សុខទុក្ខរបស់នាងភ្លែត ព្រោះចាប់តាំងពីបែកក្រុម និង នាងបានលាស្ងាត់ពីអាជីពកំប្លែងកាលពីប្រមាណជាង ១០ ឆ្នាំមុននោះមក គេលែងបានដឹងដំណឹងពីនាងទៀតហើយ ដោយគេមិនដឹងថានាងបានចេញទៅរស់ក្រៅប្រទេសដូចបណ្តាមិត្តអ្នកសិល្បៈមួយចំនួន ឬ កំពុងរស់នៅឯណា និង ក្នុងស្ថានភាពជីវិតបែបណាឡើយ ហើយរហូតមកដល់បច្ចុប្បន្ននេះក៏នៅតែគ្មានដំណឹងពីតារាកំប្លែងដ៏មានថ្វីមាត់រូបនេះដដែល៕

Related posts

Leave a Comment