លើកដំបូង អ៊ុន សិទ្ធា នឹងសម្តែងប៉ះបវរកញ្ញា ប៉ូគឹមថេង សុតធីតា ជាប្តីប្រពន្ធ ក្នុងរឿងប្រវត្តិសាស្រ្ត

ដូចមហាជនជ្រាបរួចមកហើយ ការផលិតរឿង «អប្សរាមហាអង្គរ» កាន់តែកៀកខិតជិតមកដល់ហើយ ក្រោយពីឯកឧត្តម ហ្វៃ សំអាង អ្នកនិពន្ធ​ និង ដឹកនាំនៃផ្ទាំងទស្សនីយភាពខ្សែភាពយន្តបែបប្រវត្តិសាស្ត្រខ្នាតធំខាងលើកំពុងតែចាប់ផ្តើមបង្ហាញពីតួអង្គសំខាន់ៗជាបន្តបន្ទាប់។

តួអង្គសំខាន់ៗ បានចូលរួមសម្តែងក្នុងខ្សែភាពយន្តបែបប្រវត្តិសាស្ត្រខ្នាតធំខាងលើដែលឯកឧត្តម ហ្វៃ សំអាង បានបង្ហាញជូនកន្លងមកមានដូចជា អ្នកនាង អម្ពរ ទេវី លោក ទេព រិន្ធដារ៉ូ អ្នកនាង លី ម៉ារីណា កញ្ញា ប៉ូគឹមថេង សុតធីតា កញ្ញា រឿន ណាត កញ្ញា សេង រដ្ឋា កញ្ញា ប៊ី សុធារី និង កញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី ជាដើម។

នៅថ្ងៃទី ១៤ ខែតុលា ឆ្នាំ ២០២២ នេះ ឯកឧត្តម ហ្វៃ សំអាង ក៏បានបង្ហាញពីតួអង្គសំខាន់ ២ រូប ទៀតហើយ ដោយរួមមានតារាសម្តែងប្រុស អ៊ុន សិទ្ធា និង តារាស្រីវ័យក្មេង ស៊ឹម ស្រីនិច ធ្វើឱ្យមហាជនអ្នកគាំទ្រកាន់តែអន្ទះសាទស្សនាកាន់តែខ្លាំងឡើង។

អ្វីដែលធ្វើឱ្យមហាជនចាប់អារម្មណ៍ តារាសម្តែងប្រុស អ៊ុន សិទ្ធា ត្រូវបានដើរតួជាព្រះអង្គម្ចាស់ ​ព្រះ​នាម​ថា​ វរនន្ទ​ ដែលមាន​ព្រះ​ជាយា​ដល់ទៅ ៥ ព្រះ​អង្គ ដោយព្រះជាយាទី ១ របស់តួអង្គនេះត្រូវបានសម្តែងដោយ Miss Grand Cambodia 2021 កញ្ញា ប៉ូគឹមថេង សុតធីតា ជាតួព្រះនាម កែវ មណី។

ក្រោយដឹងពីការប៉ះគ្នាសម្តែងជាតួអង្គ ព្រះស្វាមី និង ព្រះមហេសី នឹងគ្នាក្នុងខ្សែភាពយន្ត «អប្សរាមហាអង្គរ» នោះ មហាជនបានលាន់មាត់ថា គូនេះពិតជាស័ក្តិសមនឹងគ្នាយ៉ាងខ្លាំង ក៏ព្រោះតែរូបសម្រស់របស់លោក អ៊ុន សិទ្ធា និង កញ្ញា ប៉ូគឹមថេង សុតធីតា សុទ្ធតែមានទម្រង់បែបខ្មែរ និង មានទេពកោសល្យនៃការសម្តែងយ៉ាងល្អឥតខ្ចោះទៀតផង៕

Related posts

Leave a Comment