កាន់តែរំភើប! កំពូលតារាចម្រៀង ឱក សុគន្ធកញ្ញា ក៏ចូលរួមធ្វើរឿងនេះគាំទ្រ ពេជ្រ វត្តីសារ៉ាវឌ្ឍី ដើម្បីបានឈ្នះដែរ

នៅរាត្រីថ្ងៃទី ២០ ខែតុលា ឆ្នាំ ២០២២ កន្លងទៅនេះ កម្មវិធី Miss Grand International បានឈានដល់វគ្គបង្ហាញឈុតតំណាងជាតិ ក្នុងនោះ Miss Grand Cambodia 2022 កញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី ក៏បានបង្ហាញឈុតតំណាងជាតិ «កាហ្វេសែនមនោរម្យភូមិភាគឥសាន» ឬ «គោព្រៃ» រហូតធ្វើឱ្យមហាជនអ្នកគាំទ្រ មានការរំភើបចិត្ត និង មានមោទកភាពជាខ្លាំងចំពោះរូបនាង ដែលធ្វើបានយ៉ាងល្អ និង លេចធ្លោខ្លាំង។

ដូចមហាជនបានជ្រាបមកហើយថា មុននឹងធ្វើដំណើរទៅកាន់ប្រទេសឥណ្ឌូនេស៊ី ឈុតតំណាងជាតិ «កាហ្វេសែនមនោរម្យភូមិភាគឥសាន» ឬ ឈុត «គោព្រៃ» ហាក់មិនទទួលបានការពេញចិត្តពីសំណាក់មហាជនកម្ពុជាឡើយ តែទោះជាយ៉ាងណានេះ ដោយសារការបង្ហាញចេញយ៉ាងល្អពីបវរកញ្ញានោះ បានធ្វើឱ្យមហាជនរំភើបចិត្ត និង ស្ញើចសរសើរ ព្រមទាំងការលើកទឹកចិត្តដល់ MGC 2022 កញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី ចំពោះការធ្វើបានល្អខ្លាំងក្នុងវគ្គនេះរបស់នាង ដោយជាមួយគ្នានោះក៏មានការបានចូលរួម Vote ដើម្បីឱ្យនាងបានជាប់ជាឈុតល្អផ្តាច់គេថែមទៀតផង។

លើសពីនោះ ក្រោយពីការបង្ហាញឈុតតំណាងជាតិលើឆាកដ៏អស្ចារ្យនេះហើយ កញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី ក៏ត្រូវបានសិល្បករ សិល្បការិនីរួមជំនាន់ និង រៀមច្បងជាច្រើន បានចេញមកចែករំលែក និង បង្ហោះរូបភាពរបស់ MGC 2022 រូបនេះ អមដោយសារគាំទ្រលើកទឹកចិត្តជាច្រើន។

ជាមួយគ្នានោះដែរ កាន់តែធ្វើឱ្យមហាជនអ្នកគាំទ្រវិស័យបវរកញ្ញារំភើបចិត្តជំនួសទៀត ខណៈបានឃើញបណ្ដាញសង្គមហ្វេសប៊ុកផេករបស់កំពូលតារាចម្រៀងស្រី ឱក សុគន្ធកញ្ញា ក៏បានធ្វើការចូលរួមបង្ហោះរូបភាពឈុតតំណាងជាតិរបស់ ពេជ្រ វត្តីសារ៉ាវឌ្ឍី ព្រមទាំងបានធ្វើការប្រកាសសូមឱ្យបងប្អូនមហាជនខ្មែរចូលរួមបោះឆ្នោតសម្រាប់ឈុតតំណាងជាតិនេះផងដែរ។

ក្នុងនោះ ឱក សុគន្ធកញ្ញា បានសរសេររៀបរាប់ថា ៖ «បោះឆ្នោតសម្រាប់វគ្គឈុតតំណាងជាតិ NATIONAL COSTUME របស់កម្មវិធី Miss Grand International 2022 បានចាប់ផ្តើម។ សូមចូលរួមបោះឆ្នោតទាំងអស់គ្នា Instagram 1 Like : 10 ពិន្ទុ ការបោះឆ្នាតចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី 22 ខែតុលា វេលាម៉ោង 9 ព្រឹក។ សូមអរគុណពុកម៉ែបងប្អូនទាំងអស់គ្នា»៕

Related posts

Leave a Comment