តារាភាពយន្តដ៏ល្បីល្បាញ លោក យុត្ថារា ឆានី ដែលធ្លាប់ទទួលបានការគាំទ្រយ៉ាងច្រើនភ្លូកទឹកភ្លូកដីពីសំណាក់ទស្សនិកជននោះ បានឃ្លាតឆ្ងាយពីវិស័យសិល្បៈរាប់សិបឆ្នាំមកហើយ ដោយពេលនេះ លោកកំពុងរស់នៅសាងជីវិតគ្រួសារថ្មីជាមួយប្រពន្ធក្រោយយ៉ាងមានក្ដីសុខបំផុត។
ប្រិយមិត្តភាគច្រើន បានជ្រាបហើយថា យុត្ថារា ឆានី និង អ្នកនាង ចន ច័ន្ទលក្ខិណា បានអស់និស្ស័យជាប្ដីប្រពន្ធនឹងគ្នាច្រើនឆ្នាំមកហើយ ដែលបច្ចុប្បន្នអ្នកទាំងពីរ ក៏មានជីវិតរៀងខ្លួន មានគូប្រចាំចិត្តរៀងខ្លួន ប្រើជីវិតឯកជនរៀងៗខ្លួន។
និយាយដល់រឿងជីវិតគ្រួសារ ជារឿយៗលោក យុត្ថារា ឆានី តែងបង្ហាញពីសកម្មភាពផ្អែមល្ហែមជាមួយប្រពន្ធ និង កូនក្រោយរបស់លោកពោរពេញដោយក្ដីសុខ ហើយបើតាមការសង្កេតរបស់មហាជនអ្នកគាំទ្រក៏មានការលើកឡើងថា អតីតតារាប្រុសរូបនេះ ស្រឡាញ់ប្រពន្ធក្រោយរបស់លោកនេះខ្លាំងណាស់ ព្រោះអ្នកនាងមិនត្រឹមតែនៅក្មេង ស្រស់ស្អាត ពូកែទុកដាក់ប៉ុណ្ណោះទេ តែអ្នកនាងក៏ជាមនុស្សម្នាក់ដែលរួមទាំងសុខ និង ទុក្ខ ជាមួយលោកផងដែរ។
ទោះយ៉ាងណា លោក យុត្ថារា ឆានី នៅតែរាប់អានជាមួយអ្នកនាង ចន ច័ន្ទលក្ខិណា ដែលជាអតីតភរិយា ដូចបងប្អូនអញ្ចឹងដែរ។ ចំពោះគ្រួសារសងខាងក៏មានការរាប់អានដូចគ្នាដែរ។ ជាក់ស្ដែងថ្មីៗនេះ លោក យុត្ថារា ឆានី នាំ ភរិយាថ្មីញាំគុយទាវ នៅហាងអ្នក នាងចន ច័ន្ទ ហើយលោកថែមទាំង បានជួបអតីតម្ដាយក្មេកនៅទីនោះទៀតផង។
គួរបញ្ជាក់ថា អ្នកនាង ចន ច័ន្ទលក្ខិណា បានចាប់ដៃជាមួយលោកយុត្ថារ៉ា ឆានី ជាប្តីប្រពន្ធជាង១៧ឆ្នាំ ចំណងស្នេហ៍ក៏រលត់ត្រឹមឆ្នាំ២០១៤ ក្រោយរស់នៅមិនចុះសម្រុងគ្នា ដោយបន្សល់នូវចំណងដៃកូនស្រីម្នាក់ យ៉ាងស្រស់ស្អាត ឈ្មោះ នី ចិន្តាចូលី។
បច្ចុប្បន្ន នី ចិន្តាចូលីមានវ័យជិត១៦ឆ្នាំហើយ។ លោកយុត្ថារ៉ា ឆានី ឧស្សាហ៍មកលេងកូនស្រីរបស់ខ្លួនរូបនេះញឹកញាប់ខ្លាំងណាស់ ហើយតែងតែទិញនំខេកសម្រាប់ខួបកំណើតនាងផងដែរ។ ចំណុចនេះ បញ្ជាក់ថា ពួកគនៅតែរាប់អានគ្នាធម្មតា ជាឪពុកម្ដាយដ៏ល្អរបស់កូនដដែល ជាពិសេសពួកគេ មិនដែលនិយាយដដៀមដាមគ្នានោះឡើយ ក្រោយបែកគ្នាជាច្រើនឆ្នាំកន្លងមកនេះ៕