មួយរយៈចុងក្រោយនេះ តារាចម្រៀងនាយចឺម ក្លាយជាទីចាប់អារម្មណ៍សម្រាប់អ្នកគាំទ្រ បន្ទាប់ពីនាយបែកជាមួយអ្នកនាង សេង សុខឃីម ដែលគេគិតថា ជាស្នេហាច្បាស់លាស់ ហើយបង្ហាញមុខតួស្រីជាបន្តបន្ទាប់ ពិសេសជួបអតីតសង្សារម្ដងដល់ទៅ២នាក់នោះ។
ប្រការនេះហើយ ទើបអ្នកគាំទ្រមួយចំនួនចាត់ទុកចឺម ថា ជាបុរសសាវា តែកាលពីពេលកន្លងមក ចឺម ធ្លាប់ បកស្រាយថា មនុស្សប្រុសមានសង្សារច្រើន មិនប្រាកដថា សាវាទេ គ្រាន់តែថា យើងស្វែងរកមនុស្សស្រី ដែលរស់នៅជាមួយយើងបាន អាចយកទៅជាអនាគតបាន។ យើងស្វែងរកមនុស្សល្អ អ្នកណាក៏ចង់បានមនុស្សល្អដែរ ប្រពន្ធសំខាន់ណាស់។
ងាកមក តារាស្រី ផន សុផារី ត្រូវបាន មហាជនជាច្រើនស្គាល់ថា ជាអតីត តារាកំប្លែង ដ៏ល្បីឈ្មោះម្នាក់ ស្ថិតក្នុងក្រុម នាយ ពាក់មី។ បច្ចុប្បន្ន អ្នកនាង និងស្វាមី ធ្លាប់ ហែលឆ្លងព្យុះភ្លៀងជាច្រើន ធ្លាប់ត្រូវបាន ម្តាយឪពុកបំបែក តែអាចតស៊ូកសាងគ្រួសារមួយ សែនសុភមង្គល មានអ្វីគ្រប់យ៉ាងទាំងផ្ទះ ឡាន និងកូនៗជាទីស្រលាញ់ថែមទៀតផង។
និយាយពីកូនរបស់អ្នកនាងឈ្មោះ វណ្ណារ៉ា ហៅ អ៊ែលលី (Ellie)វិញ ត្រូវបានអ្នកលេងបណ្ដាញសង្គមមានការចាប់អារម្មណ៍ និងក្នាញ់ខ្លាំងណាស់ ដោយសារតែកុមារីរូបនេះ ពូកែ សើច យំ លេងទឹកមុខ ក្រមិចក្រមើម គួរឲ្យស្រឡាញ់នោះ រហូតមានអ្នកខ្លះហៅនាងថា ជាស្ដេចមនុស្សទៀតផង។
អ្វីជាការចាប់អារម្មណ៍នោះ ពេលនេះ នាយចឺម ដែលគេហៅថាជាបុរសសាវានោះ បានជួបគ្នាជាមួយអ៊ែលីលី ដែលជាស្ដេចមនុស្សហើយ។ បង្ហោះភ្ជាប់ជាមួយរូបថត១សន្លឹកថតជាមួយគ្នា នាយចឺម ដាក់Captionថា «Good morning បងប្អូនទាំងអស់គ្នា ថតយូរហើយភ្លេចផុសជាមួយស្តេចមនុស្ស»។
ដោយឃើញពួកគេទាំង២ជួបគ្នានោះ អ្នកគាំទ្រ បានផ្អើលខំមិនស្រដៀងៗគ្នាថា «ចឹងហ៎ពូកំពូលព្រាន, ស្ដេចមនុស្សជួបជាមួយស្ដេចសាវា, ស្តេចមនុស្សថតជាមួយស្តេចសាវាត្រូវបាន cmt ដោយស្តេចស្មោះ, ស្ដេចមនុស្ស ប៉ះកំពូលស្ដេចស្រី, មហាទេពស្មើមេឃប៉ះគ្នាហើយ»៕