ស៊ិន យូប៊ីន ចាប់ដៃប្អូនស្រីរត់ ៩ គីឡូ ជូនដំណើរ សាយ យ៉ាងកក់ក្តៅពោរពេញដោយក្តីស្រឡាញ់

កម្មវិធី «រត់ជាមួយសាយ ៤ សែន ជំហាន» បានចាប់ផ្តើមដំណើរការហើយ ដោយក្នុងការរត់ក្នុងយុទ្ធនាការនេះ ចាប់ផ្តើមនៅព្រឹកថ្ងៃទី ២២ ខែតុលា ឆ្នាំ ២០២២ ដល់​ថ្ងៃទី ៣០ ខែតុលា ឆ្នាំ ២០២២ មានរយៈពេល ៩ ថ្ងៃ ក្នុងរយៈចម្ងាយ ៣០៣ គីឡូម៉ែត្រ ទៅកាន់ខេត្តសៀមរាម ដើម្បីប្រមូលថវិកាចំនួន ៤០ ម៉ឺនដុល្លារ ជួយដល់​មន្ទីរ​ពេទ្យ​កុមារអង្គរ ទ្រទ្រង់ព្យាបាលផ្នែកមហារីក។

ដំណើរនៃការរត់ថ្ងៃដំបូងនៃ «រត់ជាមួយសាយ ៤ សែន ជំហាន» ដែលបានចាប់ផ្តើមឡើងនៅព្រឹកវេលាម៉ោង ៥ និង ៣០ នាទី ព្រឹកមិញនេះ នៅឯសហភាព​សហ​ព័ន្ធយុវជន​​កម្ពុជា ​រាជធានី​ភ្នំពេញ គឺមានការចូលរួមជូន​ដំណើរយ៉ាងច្រើន​កុះករពីថ្នាក់ដឹកនាំ ​សិល្បករ ​សិល្បការិនី និង​ អ្នកគាំទ្រផងដែរ។

ក្នុងនោះដែរ នៅព្រឹកថ្ងៃដំបូងនៃការរត់ ដោយមានការរៀបចំកម្មវិធីពិសេស «៩ គីឡូ ​ជូនដំណើរ ​សាយ» មហាជនក៏​បានចាប់អារម្មណ៍​ទៅដល់​តារាស្រីស្រស់​សោភា​កញ្ញា ស៊ិន យូប៊ីន ដូចគ្នាដែរ ដោយតារាសម្តែងល្បីឈ្មោះរូបនេះ បានចាប់ដៃប្អូនស្រីជាទីស្រឡាញ់ គឺតារាសម្តែង ជេននី មកចូលរួម ដើម្បីផ្តល់កម្លាំងចិត្តដល់លោក សាយ ថែមទៀតផង។

តារាស្រី ស៊ីន យូប៊ីន និង តារាស្រី ជេននី បានធ្វើឱ្យមហាជនពោលពាក្យសរសើរសឹងមិនជឿដែរថា តារាស្រីតូចល្អិត ២ រូប ជាបងប្អូនខាងលើនេះ បានស៊ូរត់​រហូត​ដល់​គោល​ដៅ ៩ គីឡូម៉ែត្រថែម​ទៀតផង។ ជាងនេះ​ទៅទៀត បើក្រឡេកទៅមើល​សកម្មភាពនៃការ​រត់របស់កញ្ញា ស៊ិន យូប៊ីន ​និង ​កញ្ញា ជេននី វិញ ​ទោះជាស្ថិតក្នុង​កាលៈ​ទេសៈ​​ណាក៏មើលទៅនៅតែបង្ហាញស្នាមញញឹម ឃ្យូដគួរឱ្យស្រឡាញ់ណាស់៕

Related posts

Leave a Comment