ប្រិយមិត្ត បានជ្រាបរួចមកហើយថា តារាចម្រៀង ងួន ចាន់ដេវីត ហៅG-Dvith និងកញ្ញាទេព បូព្រឹក្ស បានស្រឡាញ់គ្នាតាំងពីពួកគេ នៅជ្រកកោនក្រោមដំបូលផលិតកម្មហង្សមាសមកម្ល៉េះ រហូតបច្ចុប្បន្ន ក្លាយជាតារាចម្រៀងឯករាជ្យនោះ។
បើទោះ ពួកគេទាំង២ក្លាយជាអ្នកចម្រៀងឯករាជ្យមិនជ្រកកោនក្រោមផលិតកម្មណាក៏ដោយ ក៏នៅតែទទួលបានការគាំទ្រច្រើនដដែល ពីសំណាក់យុវវ័យ តាមរយៈការចេញបទចម្រៀងខ្លួនឯង ការលេចមុខតាមកម្មវិធីប្រគំតន្ត្រីធំៗមួយចំនួន ការធ្វើវីដេអូVlogs ជាពិសេសនោះ ពួកគេក៏ជាទូតសុឆន្ទៈរបស់ក្រុមហ៊ុនទូរសព្ទដ៏ល្បីមួយ រួមនឹងការផ្សព្វផ្សាយពាណិជ្ជកម្មឲ្យក្រុមហ៊ុនមួយចំនួនទៀត។
ងាកមកចាប់អារម្មណ៍មួយរយៈចុងក្រោយនេះវិញ គេសង្កេតឃើញថា ទេព បូព្រឹក្ស លេងស្ទីលសម្លៀកបំពាក់រលុងៗ ធ្វើឲ្យមានការសង្ស័យថា តារាចម្រៀងរូបនេះ អាចនឹងពពោះទាំងមិនទាន់រៀបការថែមទៀតផង។ តែពេលនេះការសង្ស័យ បានក្លាយជាការពិតហើយ។
តារាចម្រៀង ទេព បូព្រឹក្ស បង្ហាញពោះខ្ទាតធំទាំងមិនទាន់ចូលរោងការ និងគ្រោងចេញបទចម្រៀងថ្មីដែលមានចំណងជើងថា Goddess ស្វាគមន៍កូនដំបូង។ បង្ហោះភ្ជាប់ជាមួយរូបថតពោះខ្ទាត នៅថ្ងៃទី២១ ខែតុលា កន្លងទៅនេះ ទេព បូព្រឹក្ស បានរៀបរាប់ថា «អំណោយ ដែលមិនអាចកាត់ថ្លៃ អំណោយដោយក្តីអំណរ
ជាក្តីប្រាថ្នាដែលកើតមាននៅក្នុងចិត្តស្រ្តី និងមនុស្សគ្រប់រូប ដែលប្រាថ្មាក្លាយជាមាតាបិតា ដែលពោរពេញទៅដោយក្តីមេត្តាករុណា និងព្រហ្មវិហារធម៌នោះ ទើបបានបង្កើតជាឈ្មោះថា មាតាជាព្រះ ( Goddess ) ដោយកិត្តយសក៏សូមប្រកាសពីកាដូរពិសេស ដែលពួកយើងខ្ញុំទទួលបានពរពីព្រះ ថា G-DEVITH បានក្លាយជា Handsome Daddy ជាផ្លូវការហើយ ,
ដោយហេតុនេះក៏សូមចែករំលែកដំណឹងល្អនេះទៅកាន់អ្ននគាំទ្រ អ៊ំពូមីង លោកតាលោកយាយ ដែលតែងតែស្រលាញ់គាំទ្រដល់នាងខ្ញុំ ទោះជានៅក្នុងកាលៈទេសៈណាក៏ដូចនាងខ្ញុំក៏រីករាយនឹងចែករំលែកដំណឹងល្អក៏ដូចជាភាពសប្បាយរីករាយនៃយើងខ្ញុំជាមួយបងប្អូន។ នាងខ្ញុំនឹងមាន special M/V ដោយមានចំណងជើងថា { GODDESS } នៅក្នុងខែ វិច្ឆិកា ខាងមុខនេះជាមួយនឹងទស្សនីយភាពថ្មីពីនាងខ្ញុំ៕
អរគុណសម្រាប់ការស្រលាញ់ពីបងប្អូនទាំងអស់គ្នា ដោយក្តីគោរព ពីយើងខ្ញុំ : ទេព បូព្រឹក្ស និង ងួន ចាន់ ដាវីត»។
ក្រឡេកមកមើលសម្រស់តារាចម្រៀង ទេព បូព្រឹក្ស ពេលកំពុងពពោះវិញ នាងមិនបានបង្ហាញឲ្យឃើញនៅលើបណ្ដាញសង្គមហ្វេសប៊ុកឡើយ។ តែមានគណនីទីកតុកមួយ បានបង្ហោះសកម្មភាពរបស់តារាចម្រៀងរូបនេះ ស្ថិតក្នុងការតុបតែងខ្លួនពេលមានទម្ងន់យ៉ាងស្រស់ស្អាត មើលសឹងមិនស្គាល់។ តាមវីដេអូនេះ ឃើញពោះរបស់នាងឡើងខ្ទាតធំទៅហើយ។
គ្រាន់តែឃើញវីដេអូនេះភ្លាម អ្នកគាំទ្រចូលទៅខំមិនព្រោងព្រាត សរសើរពីរូបសម្រស់របស់នាង ក្នុងនោះអ្នកខ្លះក៏បានទាយពីភេទរបស់ទារក និងរយៈពេលនៃការទម្ងន់របស់នាងផងដែរ។ ជាក់ស្ដែងពួកគេ លើកឡើងស្រដៀងៗគ្នាថា «ប្រុស, កូនស្រី, កូនប្រុស, កូនស្រី, ពោះគាត់ប្រហែលជា៧ ៨ខែហើយមើលទៅ, តាមមើលអាច៤ខែព្រោះខ្ទាតពោះ ហើយ»៕