បើនិយាយចំពោះជីវិតស្នេហារបស់បវរកញ្ញាចក្រវាលឆ្នាំ ២០២១ កញ្ញា ងិន ម៉ារ៉ាឌី កាលចុងខែឧសភា ឆ្នាំ ២០២២ កន្លងទៅ កញ្ញាបានធ្វើឱ្យអ្នកគាំទ្រភ្ញាក់ផ្អើល និង រំភើបចិត្តជំនួស ខណៈកញ្ញាបានធ្វើការប្រកាសបើកចំហចំណងស្នេហ៍ជាសាធារណៈ ជាមួយបុរសមានរូបរាងស្រស់សង្ហាម្នាក់ឈ្មោះថា Vannora Tith។
យ៉ាងណាមិញ ក្រោយពីបើកចំហចំណងស្នេហ៍បានមួយរយៈ បវរកញ្ញារូបនេះក៏បានបង្ហើបពីគម្រោងដឹកដៃគូស្នេហ៍រូបសង្ហាចូលរោងការនៅឆ្នាំក្រោយនេះហើយ។ ដោយឡែក មកដល់ថ្ងៃទី ២៤ ខែតុលា ឆ្នាំ ២០២២ នេះ អ្វីដែលធ្វើឱ្យមហាជនអ្នកគាំទ្រកាន់តែរំភើបចិត្ត និង បានបង្ហាញការអបអរខ្លាំង ក្រោយទទួលដំណឹងថា បវរកញ្ញា ងិន ម៉ារ៉ាឌី បានសម្រេចដឹកដៃគូស្នេហ៍រូបសង្ហារៀបចំពិធីភ្ជាប់ពាក្យព្រឹកមិញនេះហើយ។
ទន្ទឹមនឹងនោះដែរ លើបណ្ដាញសង្គម មហាជនអ្នកគាំទ្រវិស័យបវរកញ្ញា ក៏ដូចជាអ្នកសិល្បៈជាច្រើន បានបង្ហាញការរំភើបចិត្ត និង អបអរសាទរចំពោះថ្ងៃពិសេសរបស់បវរកញ្ញារូបនេះ និង គូស្នេហ៍ផងដែរ។
យ៉ាងណាមិញ បើងាកមមើលកញ្ញា រឿន ណាត ដែលជារៀមច្បងក្នុងវិស័យបវរកញ្ញាក៏បានចូលរួមអបអរសារទរដល់កញ្ញា ងិន ម៉ារ៉ាឌី ដែរ ប៉ុន្តែអ្វីដែលមហាជនចាប់អារម្មណ៍នោះ បវរកញ្ញាចក្រវាលកម្ពុជា ឆ្នាំ ២០១៨ រូបនេះ បានបង្ហោះសារមួយបែបលេងសើចនឹងកញ្ញា ងិន ម៉ារ៉ាឌី ដោយសារនោះនាងបានសរសេរថា ៖ «គ្មានណាធ្វើអ៊ីចឹងទេ មកក្រោយគេការមុនគេអ៊ីចឹងទេ»។ ក្រោយពីឃើញ រឿន ណាត បង្ហោះសារនេះរួច អ្នកគាំទ្រជាច្រើនបានចូលរួមបញ្ចេញមតិព្រោងព្រាត៕