កូនរៀងធំៗបន្តិចហើយ កែវ វាសនា ត្រូវភរិយាសំណព្វទទូចសុំថែមសមាជិកថ្មីម្នាក់ទៀត

តារាចម្រៀងស្ថិតក្នុងដួងចិត្តយុវវ័យ កែវ វាសនា កំពុងរស់នៅក្នុងជីវិតគ្រួសារមួយពោរពេញដោយសុភមង្គល ក្រោយរៀបការជាមួយភរិយារូបស្រស់កាលពីថ្ងៃទី ១១ ខែឧសភា ឆ្នាំ ២០១៦ កន្លងទៅ ដោយមកដល់ពេលនេះចំណងអាពាហ៍ពិពាហ៍របស់ពួកគេទាំងពីរ ក៏ទទួលបានតំណក់ឈាមកូនប្រុសម្នាក់ និង ស្រីម្នាក់។

និយាយដល់រឿងកូនៗ ដ្បិតថា កែវ វាសនា និង ភរិយាមមាញឹកនឹងការងារ ក៏ដូចជាមុខជំនួញខ្លាំងយ៉ាងណា ប៉ុន្ដែប្ដីប្រពន្ធមួយគូនេះ តែងបង្ហាញសកម្មភាពជួយគ្នាមើលថែកូនៗប្រកបដោយភាពកក់ក្ដៅ និង ពោរពេញដោយក្ដីស្រឡាញ់ ហើយជារឿយៗ ភរិយាតារាចម្រៀងប្រុសរូបនេះតែងបង្ហោះសារសរសើរពីលោក ថាជាស្វាមី និង ជាឪពុកដ៏ល្អ តែងតែជួយមើលថែកូនដោយមិនប្រកាន់ការងារប្រុស ឬស្រីឡើយ។

ខណៈកូនប្រុសច្បងរបស់ពួកគេមានអាយុ ៥ ឆ្នាំ ចំណែកកូនស្រីទីពីរមានអាយុ ៤ ឆ្នាំ អាចនិយាយបានថាកូនៗរៀងធំៗរឹងដៃរឹងជើងបន្តិច ស្រាប់តែតារាចម្រៀង កែវ វាសនា បង្ហើបថា ភរិយាបណ្ដូលចិត្តរបស់លោកទទូចសុំចង់បានកូនម្នាក់ទៀត។ កែវ វាសនា លើកឡើងលាយឡំនឹងសំណើចថា ៖ «កូនរៀងធំៗបន្តិចហើយ ឥលូវប្រពន្ធមកចង់បានមួយទៀត គិតម៉េចឥលូវ? ធ្លាប់តែហៅកូនអ៊ីងថាកូនពៅ»។

យ៉ាងណាមិញ បើតាមការអះអាងរបស់អ្នកនាង លឹម សុគន្ធារី ដែលជាភរិយាតារាចម្រៀងរូបនេះបានឱ្យដឹងថា មិនមែនមានតែខាងប្រពន្ធទេដែលចង់បានកូននោះ តែលោក កែវ វាសនា ផ្ទាល់ក៏ចង់បានដូចគ្នាដែរ៕

Related posts

Leave a Comment