កាលពីប៉ុន្មានថ្ងៃមុន ប្រិយមិត្តអ្នកគាំទ្រតាមដានវិស័យសិល្បៈនៅកម្ពុជាភាគច្រើនបានជ្រាបហើយថា បទចម្រៀង «Time To Rise» ដែលបកស្រាយដោយព្រឹទ្ធាចារ្យ គង់ ណៃ និង តារាចម្រៀងរ៉េប វណ្ណដា ទទួលបានការគាំទ្រខ្លាំងក្លារហូតមានអ្នកចុចចូលស្ដាប់ដល់ទៅ ១០០ លានដងឯណោះ។
ដើម្បីតបស្នងទៅកាន់លោកតា គង់ ណៃ ផលិតកម្មបារមីបានបង្កើតយុទ្ធនាការ ១០០ លានរៀល «Rise For Master Kong Nay» ដើម្បីរៃអង្គាសថវិកាក្នុងគោលបំណងជួយសម្រាលបន្ទុកថ្លៃចំណាយព្យាបាលជម្ងឺ និងជីវភាពប្រចាំថ្ងៃរបស់ ព្រឹទ្ធាចារ្យ គង់ ណៃ ដោយហេតុថាបច្ចុប្បន្ន លោកតា គង់ ណៃ បានសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យយូរហើយ ហើយពេលនេះលោកតាក៏បានធូរស្បើយពីជំងឺបន្តិចដែរ ប៉ុន្ដែនៅមិនទាន់មានកម្លាំងអាចធ្វើដំណើរ និង សម្ដែងបានដូចមុនឡើយ។
ដោយបានឃើញស្ថានភាពលំបាកបែបនេះ តារាចម្រៀងរ៉េប វណ្ណដា បានហូតថវិកាផ្ទាល់ខ្លួនចំនួន ៩៩៩ ដុល្លារ ជូនដល់លោកតា គង់ ណៃ ក្នុងយុទ្ធនាការខាងលើ ដែលទង្វើនេះគឺជាគំរូដល់ល្អ ស្ដែងពីទឹកចិត្តគួរឱ្យកោតសរសើរបំផុត៕