កាន់តែក្ដៅ! លោក Nawat ដាក់ចំៗឱ្យអ្នកគាំទ្រវៀតណាម បវរកញ្ញាជាប់ Top ឬ មិនជាប់ ពឹងលើលក្ខណៈសម្បត្តិ មិនមែនពឹងឈ្មោះប្រទេស

កាលពីរាត្រីថ្ងៃទី ២៥ ខែតុលា ឆ្នាំ ២០២២ កន្លងទៅនេះ គឺ​ជា​រាត្រី​មួយ​ដែល​មហាជន​អ្នក និយម​តាម​ដានកម្មវិធីប្រកួតសម្រស់ មានអារម្មណ៍រំភើបជាខ្លាំង ក្រោយពីតាមដានអស់រយៈពេលដ៏យូរ ទីបំផុតកម្មវិធី Miss Grand International 2022 ក៏បានរកឃើញម្ចាស់តំណែងថ្មីហើយ ដោយ​បាន​ទៅ​លើបវរកញ្ញាមកពីប្រទេសប្រេស៊ីល នាង Isabella Menin អាយុ ២៦ ឆ្នាំ និង បញ្ចប់​ថ្នាក់​អនុបណ្ឌិត​ផ្នែកគណនេយ្យ និង ហិរញ្ញវត្ថុ។

ចំពោះលទ្ធផល ដែលទទួលបានកាលពីយប់ម្សិលមិញនេះ បាន​ធ្វើ​ឱ្យ​មហាជន​ជាច្រើន​ស្ទើរ​ពាស​​ពេញពិភពលោក មានការអបអរសាទរជាខ្លាំងចំពោះម្ចាស់ជយលាភី ក៏​ដូច​ជា​លំដាប់​រង​នីមួយៗ។ ទោះជាយ៉ាងណា ក៏មានអ្នកគាំទ្របណ្ដាប្រទេសមួយចំនួនទៀត ពោលគឺ ប្រទេស​វៀតណាម ហាក់បង្ហាញការមិនពេញចិត្តខ្លាំង ចំពោះ​លទ្ធផល​ដែល​បវរកញ្ញា​តំណាង​ឱ្យ​ប្រទេស​របស់ខ្លួន មិនបានទទួលលទ្ធផលល្អ រហូតមានការរិះគន់វាយប្រហារកម្មវិធី និង នាំគ្នាចុច unfollow​ ជាង ២ លាន Followers ក្នុងគណនីផ្លូវការរបស់កម្មវិធី MGI លើ Instagram ផងដែរ។

ទន្ទឹម​នឹងឃើញធ្លាក់ Follow យ៉ាងច្រើននេះ លោក Nawat ដែលជាស្ថាបនិកកម្មវិធី ក៏​បាន​ចេញ​បង្ហោះសារយ៉ាងចាក់ដោតមួយ ថែមទាំងភ្ជាប់ជាមួយទង់ជាតិប្រទេសវៀតណាម ហើយ​សរសេរថា ៖ «ខ្ញុំបានពិនិត្យគណនីអ៊ីស្តាក្រាម MIG រួចរាល់ហើយ ភាគច្រើនអ្នកដែលចុច Unfollow គឺអ្នកគាំទ្រប្រទេសវៀតណាម។ អរគុណដែលចុច Unfollow យើងនៅតែគោរព និង ផ្តល់ភាពយុត្តិធម៌ចំពោះគ្រប់គ្នា និង បណ្ដាប្រទេសផ្សេងៗ»។

ដោយ​ឡែក​ក្រោយ​ការ​បង្ហោះ​សារ​ហើយ​នោះ ស្ថាបនិក​កម្មវិធី MGI រូប​នេះ ក៏​បាន​ធ្វើ​ការ​ឡាយ​វីដេអូ​បន្ត​និយាយ​បកស្រាយ​ឱ្យ​កាន់​តែ​ច្បាស់​ជាមួយ​អ្នក​គាំទ្រ​ប្រទេស​វៀតណាម ដោយ​រូបលោក​បាន​រៀបរាប់​ថា ៖ «វា​ជា​កម្មវិធី​ប្រកួត​សម្រស់​ដោយ​មិន​លំអៀង ឱ្យ​ខ្ញុំ​ផ្ដល់​ឱ្យ​អ្នក​របៀប​មិច? វា​មិន​អាច​ទៅ​រួច​ទេ វៀតណាម។ ប្រសិន​បើ​អ្នក​មិន​ចូលចិត្ត​ខ្ញុំ អ្នក​ចង់​ធ្វើ​អី​ក៏​ធ្វើ​ទៅ។ អ្នក​ទៅមើល​​មើល៍ប្រទេស​ហ្វីលីពីន បាន​ត្រឹម Top 20 ដូច​អ្នក​ដែរ។ អ្នក​ក៏​ឃើញ​ថា​មាន​ប្រទេស​ជាច្រើន​មិន​បាន​ឡើងដូច​នៅ​អាស៊ី​ដែរ។ ម៉ាឡេស៊ី​​ក៏​ស្រស់​ស្អាតជាង ឡាវ​ក៏​ស្រស់​ស្អាតជាង ហើយ​ឥណ្ឌា​ក៏​ស្រស់​ស្អាតជាង តែ​ពួកគេ​មិន​បាន​ជាប់​ឡើង​ទេ តែ​អ្នក​បាន​ឡើង​ដល់ Top 20។ ដល់​អ៊ីចឹង ខ្ញុំ​មិន​យល់​សោះ! អ្នកដឹងហើយខ្ញុំដាក់ពិន្ទុលើអ្វីទាំងអស់ ហើយសូម្បីតែទង្វើរបស់អ្នកទាំងអស់គ្នាពេលនេះ ក៏ជាពិន្ទុរបស់អ្នកនៅពេលអនាគតដូចគ្នា។ អូខេ ឈប់​សួរ​ខ្ញុំ​ទៀត វា​ពឹង​ទៅ​លើ​លក្ខណៈសម្បត្តិ​របស់​អ្នក មិន​មែន​ពឹង​លើ​ឈ្មោះ​ប្រទេស​របស់​អ្នក​ឡើយ។ ខ្ញុំ​ចូលចិត្ត​ប្រទេស​អ្នក តែ​នេះ​គឺ​ជា​ការ​ប្រកួត​ប្រជែង​បវរ​កញ្ញា»៕

Related posts

Leave a Comment