វរហើយ​អាមេរិក​! ក្រុម IS តែងតាំង​មេដឹកនាំ​ថ្មី​និង​គំរាម​សងសឹក​ក្រោយ​ការស្លាប់​លោក Baghdadi

​ក្រុម​ជី​ហាដ​រដ្ឋ​ឥស្លាម​បានបញ្ជាក់​ពី​ការស្លាប់​របស់​មេដឹកនាំ​លោក Abu Bakr al-Baghdadi នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ហើយ​បានប្រកាសថា លោក Abu Ibrahim al-Hashimi al-Quraishi ជា​អ្នក​ស្នង​តំណែង​គាត់​។​
​លោក Abu Hamza al-Quraishi ដែលជា​អ្នកនាំពាក្យ​ថ្មី​របស់​ក្រុម​ជី​ហាដ​នេះ​បាន​និយាយ​ក្នុង​សេចក្តីថ្លែងការណ៍​ជា​សំឡេង​មួយ​ថា “​យើង​សូម​កាន់ទុក្ខ​ចំពោះ​មេបញ្ជាការ​ដ៏​ស្មោះត្រង់​”​។​
​លោក Baghdadi ដែល​បាន​ដឹកនាំ​ក្រុម IS ចាប់តាំងពី​ឆ្នាំ​២០១៤​មក​និង​ជា​មនុស្ស​ដែល​គេ​តាម​ចាប់​បំផុត​នៅលើ​ពិភពលោក​គឺ​ត្រូវបាន​សម្លាប់​នៅក្នុង​ការ​វាយឆ្មក់​របស់​កងកម្លាំង​ពិសេស​អាមេរិក​នៅក្នុង​ខេត្ត Idlib ភាគ​ពាយព្យ​ប្រទេស​ស៊ី​រី​កាលពី​ថ្ងៃអាទិត្យ​។​
​អ្នកនាំពាក្យ​ក្រុម IS ក៏​បានចេញ​ការព្រមាន​យ៉ាងខ្លាំង​ដល់​សហរដ្ឋអាមេរិក​ផងដែរ​បន្ទាប់ពី​លោក​ប្រធានាធិបតី Donald Trump បានប្រកាស​អំពី​ការស្លាប់​របស់លោក Baghdadi នៅក្នុង​សុន្ទរកថា​តាម​ទូរទស្សន៍​ពី​សេត​វិមាន​។​
​នៅក្នុង​សារ​ជា​សំឡេង អ្នកនាំពាក្យ​ថ្មី​របស់​ក្រុម IS បាន​ហៅ​លោក Trump ថា​ជា “​មនុស្ស​ចាស់​ចម្កួត​” ហើយ​បាន​ព្រមាន​សហរដ្ឋអាមេរិក​ថា ក្រុម​អ្នកគាំទ្រ​របស់​ក្រុម​នេះ​នឹង​សងសឹក​ចំពោះ​ការស្លាប់​របស់លោក Baghdadi៕

Related posts

Leave a Comment