ក្រោយពីមានអ្នកយកឈ្មោះរបស់ខ្លួនទៅប្រើប្រាស់ដោយសម្អាងថា ជាសាច់ញាតិនោះ នៅយប់ថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២២ ថៅកែហាងពេជ្រ ចិត្តធម៌ អ្នកស្រី ទ្រី ដាណា ប្រកាសថា ខ្លួនគ្មានសាច់ញាតិអ្វីទាំងអស់ ធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើលជាខ្លាំង។
អ្នកស្រី ទ្រី ដាណា បានបង្ហោះសារយ៉ាងវែងអន្លាយដូច្នេះថា «សូមជម្រាបបងប្អូនមហាជនទាំងអស់ឲ្យបានជ្រាបថា ប្រសិនបើមានជនណាមួយប្រកាសថា ខ្លួនជាសាច់ញាតិរបស់នាងខ្ញុំ ហើយលក់គ្រឿងមាសគ្រឿងពេជ្រ ឬគ្រឿងអលង្ការ ឬមួយក៏លក់ផលិតផលអ្វីផ្សេង ដោយសំអាងថា ជាសាច់ញាតិរបស់នាងខ្ញុំ នាងខ្ញុំសូមធ្វើការបដិសេធទាំងស្រុង ពីព្រោះនាងខ្ញុំមិនមានសាច់ញាតិណាទាំងអស់ ដែលលក់គ្រឿងអលង្ការក្រៅពីនាងខ្ញុំផ្ទាល់។ ការប្រកាសនេះ ជៀសវាងមានជនខិលខូចណាមួយនិយាយប្រាប់ថា ជាសាច់ញាតិរបស់ខ្ញុំដើម្បីទាញយកប្រយោជន៍ ធ្វើឲ្យមានការភាន់ច្រឡំ សូមអរគុណ
សូមបញ្ជាក់ផងដែរថា គ្រប់គ្រឿងអលង្ការមាសនិងពេជ្ររបស់នាងខ្ញុំមិនមានចែកចាយបន្តទៅឲ្យជនណាយកទៅលក់បន្តទាំងអស់ ពីព្រោះខ្ញុំលក់តែនៅហាងផ្ទាល់តែប៉ុណ្ណោះមិនមានបោះដុំទៅកន្លែងណាដាច់ខាត ហើយហាងរបស់ខ្ញុំមានចំនួនពីរសាខាគឺច្បារអំពៅនិងព្រែកព្នៅ
បងប្អូនទាំងអស់គ្នាគួរចាំថា សាច់ញាតិ ដែលល្អគឺគេឃើញយើងមានបាន គេជួយអបអរសាទរយើង តែសាច់ញាតិ ដែលមិនល្អគេឃើញយើងមានបាន គេឃើញយើងមានកិត្តិយសគេនឹងបំផ្លាញយើងគ្រប់យ៉ាង ហើយបានគេចាប់ផ្ដើមដើរតួធ្វើជាល្អ និងតួកម្សត់ ប៉ុន្តែអ្វីៗវាហួសពេលអស់ទៅហើយ មនុស្សខ្ញុំស្លូតណាស់ តែការឈឺចាប់ក៏ខ្ញុំមិនអាចបំភ្លេចបានដែរ
ការឈឺចាប់ និងការបំផ្លើសរបស់អ្នកធ្វើឲ្យខ្ញុំចងចាំរហូតដល់សព្វថ្ងៃនេះ ដោយសារតែចង់ល្បីយកកិត្តិយសរបស់ខ្ញុំទៅជាន់ឈ្លីនិយាយបំផ្លើសបំពានគ្រប់យ៉ាងខ្ញុំចងចាំមិនភ្លេចទេ សាកគិតមើលបន្តិចទៅមើលគ្រាន់តែលុយនិងកិត្តិយសហេតុអីបានចាំបាច់បំផ្លាញគេយកល្អខ្លួនឯង?
ប៉ុន្តែមនុស្សខ្ញុំមិនមាត់ ហើយក៏មិនធ្វើអ្វីទាំងអស់។ ប៉ុន្តែកុំយកឈ្មោះខ្ញុំទៅលុបឈ្មោះអាក្រក់របស់អ្នកតទៀត ការឈឺចាប់មួយនេះ ខ្ញុំនឹងផ្ដាំតកូនតទៅចៅរបស់ខ្ញុំ (អំពើអ្នកណាសាងអ្នកនោះនឹងទទួល) ហើយក៏ចង់ផ្ញើសារទៅកាន់បងប្អូនមួយចំនួនផងដែរ ថាកុំព្រោះតែលុយធ្វើអ្វីមិនមានការគិតឲ្យបានវែងឆ្ងាយនោះ កុំព្រោះតែលុយលះបង់កិត្តិយសនិងកេរ្តិ៍ឈ្មោះ កុំព្រោះតែលុយលះបង់សាច់ញាតិបងប្អូនលះបង់បំផ្លាញកិត្តិយសរបស់គ្រួសារខ្លួនឯងដាច់ខាត។ ពេលវេលាទៅមុខមិនអាចបកក្រោយបានទេ»។
តាមរយៈសារនេះ អ្នកគាំទ្រអ្នកស្រី បានចូលទៅខំមិនជាច្រើន ក្នុងនោះមានការលើកឡើងថា «មានខ្លាំងពេក ភ្លេចសាច់ញាតិអស់»។ ឆ្លើយទៅនឹងការលើកឡើងនេះ អ្នកស្រី បញ្ជាក់ថា «សាច់ញាតិរបស់ខ្ញុំមិនដូចញាតិគេទេបង ដូចឃើញស្រាប់ហើយ បើញាតិល្អ គេមិនដើរហែកសាច់របស់ខ្លួនអោយគេដឹងទេ អរគុណបង»។
មតិមួយទៀតលើកឡើងថា «សសើរ ដែលអាចនិយាយបានថាគ្មានបងប្អូន»។ អ្នកស្រី ទ្រី ដាណា ឆ្លើយថា «ខ្ញុំអត់ដែលមានបងប្អូនទេបង ហើយអោយខ្ញុំនិយាយថាមេចវិញបង»។ រីឯមតិមួយទៀត លើកជាសំណួរថា «ចុះបងស្រី ទ្រី សុផានិត ជំទាវបង»។ អ្នកស្រី ឆ្លើយថា «សុំទោសបងខ្ញុំអត់ដែលស្គាល់ទេ»៕