អបអរសាទរ! វីរកីឡាការិនី ខាន់ ចេសា កូនកាត់បីសាសន៍ឈ្នះមេដាយមាសពិភពលោកលើវិញ្ញាសាកីឡាជឺជីតស៊ូ

វីរកីឡាការិនីជឺជីតស៊ូជម្រើសជាតិ ខាន់ ចេសា បានដណ្ដើមបានមេដាយមាស ក្នុងព្រឹត្តិការណ៍ប្រកួតកីឡាជឺជីតស៊ូ ជើងឯកពិភពលោក Jiu-Jitsu World Championship 2022 ដែលបានធ្វើឡើងនៅទីក្រុង អាប៊ូដាប៊ី ប្រទេសអារ៉ាប់រួម ដោយនាងបានយកឈ្នះលើកីឡាការិនីអេស្ប៉ាញឈ្មោះ Mathews Martin Naiomi ក្នុងវគ្គផ្ដាច់ព្រ័ត្រកាលពីរាត្រីថ្ងៃទី ២ ខែវិច្ឆិកា ឆ្នាំ ២០២២ កន្លងទៅ។

ការប្រកួតលើវិញ្ញាសា Jiu Jitsu (Newaza) គឺបានកំណត់ទម្ងន់ក្រោម ៥២ គីឡូក្រាម ដោយមានបេក្ខភាពប្រកួតប្រជែងចំនួន ១៧ រូប ដោយប្រើរូបមន្តឈ្នះឡើង ចាញ់ធ្លាក់ ហើយកីឡាការិនីកូនកាត់ខ្មែរ អាមេរិក ម៉ិកសិក ខាន់ ចេសា ក៏បានឆ្លងកាត់ការប្រកួត និង ទទួលបានជ័យជម្នះចំនួន ៥ ប្រកួតជាប់ៗគ្នា ដើម្បីបានគ្រងតំណែងជាជើងឯកលើវិញ្ញាសានេះ។

គួរបញ្ជាក់ដែរថា កាលពីជុំទី ២ កីឡាការិនីរូបនេះបានផ្ដួលកីឡាការិនីហ្វីលីពីន Baluyot Ashley Jeraine ឱ្យបោះបង់ការប្រកួត ដោយប្រើពេលត្រឹមតែ ២ នាទី និង ២៣ វិនាទី។ រីឯនៅជុំទី ៣ បានប្រើពេលត្រឹមតែ ៥៣ វិនាទីប៉ុណ្ណោះ ក្នុងការផ្ដួលកីឡាការិនីម្ចាស់ផ្ទះអារ៉ាប់រួម Shraim Maitha ហើយនៅជុំទី ៤ ឬ វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ កីឡាការី ខាន់ ចេសា បានធ្វើការផ្ដួលកីឡាការិនីមកពីប្រទេសអ៊ីស្រាអ៊ែល Aronov Pnina ឱ្យបោះបង់ការប្រកួតដោយប្រើពេល ៣ នាទី និង ១៩ វិនាទី។ ដោយឡែក ក្នុងជុំទី ៥ ឬ វគ្គផ្ដាច់ព្រ័ត្រកាលពីថ្ងៃទី ២ កន្លងទៅ នាងបានយកឈ្នះលើកីឡាការិនីអេស្ប៉ាញ Mathews Martin Naiomi ដោយពិន្ទុ បន្ទាប់ពីប្រើពេល ៦ នាទី ដើម្បីបានក្លាយជាម្ចាស់មេដាយមាស៕

Related posts

Leave a Comment