អតីតបេក្ខភាពក្នុងកម្មវិធីប្រឡងចម្រៀងលំដាប់ពិភពលោក Cambodian Idol រដូវកាលទី ៤ ថុល សុភិទិ នៅតែជាសំណព្វចិត្តរបស់មហាជនអ្នកគាំទ្រជាច្រើន ហើយបើទោះបីជាលោកមិនទទួលបានពានរង្វាន់ក៏ពិតមែន តែមកដល់ពេលនេះ ភិទិ នៅតែរក្សាប្រជាប្រិយភាពយ៉ាងច្រើនក្រាស់ក្រែលពីមហាជន។
ដ្បិតថា ភិទិ គឺជា Idol របស់មហាជនជាច្រើន ប៉ុន្ដែរូបលោកក៏មានតារាចម្រៀង Idol ក្នុងដួងចិត្តផ្ទាល់ខ្លួនដែរ ដែលតារាប្រុសរូបនោះមិនត្រឹមតែជារៀមច្បងក្នុងសិល្បៈទេ តែជានិមិត្តរូបក្នុងដួងចិត្តរបស់លោកតែម្ដង។
ពិតណាស់កន្លងមក ថុល សុភិទិ ធ្លាប់ទម្លាយនៅលើគណនីហ្វេសប៊ុកជាសាធារណៈថា តារាចម្រៀង ដួង វីរៈសិទ្ធ គឺជានិមិត្តរូបរបស់លោករាប់ឆ្នាំមកហើយ។ គេចាំបានថា កាលតារាចម្រៀងវ័យក្មេង ថុល សុភិទិ បានជួប និង ថតរូបជាមួយរៀមច្បង ដួង វីរៈសិទ្ធ លើកដំបូង ភិទិ បង្ហាញអារម្មណ៍រំភើបចិត្តជាខ្លាំង។
ងាកមក ដួង វីរៈសិទ្ធ វិញ ក៏បានបង្ហាញអារម្មណ៍រីករាយ ហើយក្នុងនោះលោកក៏បានណែនាំដល់សិស្សប្អូន ព្រមទាំងជូនពរ ភិទិ ឱ្យជោគជ័យលើវិថីសិល្បៈទៀតផង៕