កាលពីប៉ុន្មានខែមុន អ្នកគាំទ្រមានការភ្ញាក់ផ្អើលជាខ្លាំង ក្រោយទទួលដំណឹងថា តារាសម្ដែងប្រុសលោក ឆឹម សក្កដា និងតារាចម្រៀងស្រីហង្សមាស អ្នកនាង ពេជ្រ សោភា បានដើរដល់ផ្លូវបំបែក ទាំងដែលគ្មាននរណាម្នាក់ ដឹងពីមូលហេតុច្បាស់លាស់។
ក្រោយដំណឹងនេះ ត្រូវបានសុសសាយមួយរយៈ ស្រាប់តែ មហាជន មានមន្ទិលសង្ស័យថា អ្នកទាំងពីរកំពុងសម្ងំផ្សះផ្សាចំណងស្នេហ៍ជាមួយគ្នាជាថ្មី ឬកំពុងតែត្រូវរ៉ូវគ្នាវិញថែមទៀតផង។ មន្ទិលសង្ស័យនេះ បានកើតមានឡើង បន្ទាប់ពីមហាជនបានឃើញពួកគេនៅតែមានទំនាក់ទំនងនឹងគ្នាយ៉ាងស្អិតល្មួតនោះ។
ជាក់ស្ដែង កាលពីថ្ងៃទី០៨ ខែមិថុនា ជាថ្ងៃកំណើតរបស់តារាចម្រៀងអ្នកនាង ពេជ្រ សោភា នោះ លោក ឆឹម សក្កដា បានបង្ហោះសារជូនពរមនុស្សម្នាក់ពីចម្ងាយ ខណៈនៅល្ងាចថ្ងៃដដែលនេះ ពេជ្រ សោភា ទទួលបានកាដូនំខេកយ៉ាងស្រស់ស្អាតមួយ អមដោយអក្សរ សរសេរដូចទៅនឹង លោក ឆឹម សក្កដា បានបង្ហោះ។
បន្ថែមលើនេះ ថ្មីៗកន្លងទៅ អ្នកនាងពេជ្រ សោភា បានយកធៀបការក្មួយទៅអញ្ជើញអ្នកស្រី ទ្រី ដាណា ដល់ហាង ហើយអ្នកស្រី ទ្រី ដាណា ក៏បានជជីកសួររឿងអ្នកនាងពេជ្រ សោភា រៀបការ។ ក្រោយមក ក៏លេចឮដំណឹងល្អថា តារាស្រីរូបនេះ បានសម្រេច ទៅថត Pre-Wedding ដល់ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។
នៅពេលនោះ គេមិនទាន់ដឹងឡើយថា កូនកំលោះរបស់អ្នកនាងពេជ្រ សោភា ជាអ្នកណា ដល់អ្នកស្រី ទ្រី ដាណា ទៅការក្មួយរបស់តារាស្រីរូបនេះ ហើយបង្ហោះរូបថត១សន្លឹក ទើបគេគិតថា កូនកំលោះអាចជាលោក ឆឹម សក្កដា តែម្ដង។
បង្ហោះភ្ជាប់ជាមួយរូបថត១សន្លឹករបស់ខ្លួនអង្គុយពេបមាត់ ពេលឃើញ ពេជ្រ សោភា និង ឆឹម សក្កដា កៀកកើយគ្នានោះ អ្នកស្រី ទ្រី ដាណា បានពោលពាក្យនៅយប់ថ្ងៃទី៣ ខែវិច្ឆិកាថា «បងពេជ្រសោភា កុហកខ្ញុំ»។
ក្រោយបង្ហាញភាពស្និទ្ធស្នាលជាមួយគ្នារួចមក អ្នកនាង ពេជ្រ សោភា បានហៅលោក ឆឹម សក្កដា ថាជាមិត្តភក្ដិ។ បន្ថែមលើនេះ នៅថ្ងៃទី១០ ខែវិច្ឆិកា អ្នកនាង ពេជ្រ សោភា បង្ហោះរូបថតជាមួយលោក ឆឹម សក្កដា ហើយពោលពាក្យថា «មិត្តភាពយូរអង្វែង មិត្តភាពខ្ញុំចេះ ខឹង ងរ ប្រច័ណ្ឌ អ្នកណាថា Private សប្បាយ មួម៉ៅ ហប់ៗចិត្តចង់ស្ទះ»។
ក្រោយមក ស្រាប់តែលោក ឆឹម សក្កដា បានបង្ហោះរូបថតជាមួយអ្នកនាងពេជ្រ សោភា ហើយនិយាយថា « អត់មានសង្សារនឹងគេ ថតជាមួយមិត្តភក្តិក៏បានដែរ មែនទេពួកម៉ាក? ពេជ្រ សោភា Pich Sophea»។ ជាការឆ្លើយតប ពេជ្រ សោភា បញ្ជាក់ថា «មែនតើមិត្តភក្តិ មិត្តភាពយូអង្វែង»។
តាមរយៈនេះ អ្នកគាំទ្រចូលទៅខំមិនព្រោងព្រាត ក្នុងនោះ ដោយឃើញចិញ្ចៀនពួកគេ មានការសន្និដ្ឋានថា ពួកគេនឹងចូលរោងការជាមួយគ្នាច្បាស់ណាស់។ ការពិត ឬយ៉ាងណានោះ មានតែរង់ចាំទស្សនាទាំងអស់គ្នា៕