ថ្មីៗនេះរឿង BL ថៃចំណងជើងថា «អ្នកប្រុស ឬ Khun Chai» ហាក់ទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់អ្នកគាំទ្រទាំងក្នុង និង ក្រៅប្រទេស ព្រោះតែជារឿងភាគដែលមានសាច់រឿងប្លែក មានគ្រប់រសជាតិ ជាពិសេសសម្ដែងដោយតួល្បីៗជាច្រើន។
ក្នុងនោះមហាជនហាក់ចាប់អារម្មណ៍ជាខ្លាំង ជាមួយតារាសម្ដែងចំណូលថ្មីលោក Jam Rachata Hambananda ឬ តួនាយ អាជីវ ដែលជាតួប្រុសសំខាន់ម្នាក់ក្នុងរឿងនេះ ព្រោះតែលោកមានរូបរាងសង្ហា ហើយមានប្រវត្តិឆ្លងកាត់ការប្រកួត Mister Grand តំណាងឱ្យប្រទេសថៃ ក្នុងឆ្នាំ ២០១៨។
យ៉ាងណាមិញ មុននឹងក្ដោបបានតំណែងតួឯកមួយនេះ Jam បានទម្លាយឱ្យដឹងថា ៖ «ខ្ញុំចាប់ផ្ដើមចូលសម្ដែងដំបូងជាតួអមឆាក ដោយមួយថ្ងៃបានថ្លៃខ្លួនប្រមាណ ៤០០ បាត (ប្រមាណ ១០ ដុល្លារ) ហើយវាបន្ដមកបែបនេះជាង ៣-៤ ឆ្នាំហើយ ដោយចាំបានថាកាលនោះរឿងដែលខ្ញុំសម្ដែងមុនគេគឺបានលេងជាមួយ DJ Push ហើយក៏ស្រមៃថាថ្ងៃណាមួយខ្ញុំចង់ធ្វើដូចគាត់ ចង់មានមុខមាត់ ចង់ល្បីឈ្មោះ និង មានអ្នកស្រឡាញ់ដូចគាត់»។
«ខ្ញុំធ្លាប់សាកល្បងតាមរកប្រជាប្រិយភាព ដោយការថតផ្សាយឃោសនាតូចៗផ្សេងៗ តួអង្គអមឆាក ឬ តួរាយរង ក៏ធ្លាប់ធ្វើទាំងអស់ឱ្យតែមានឱកាស មុននឹងបានតំណែងមួយនេះ ហើយរកចំណូលបានខ្ទង់ម៉ឺន ឡើងដល់សែន។ ខ្ញុំសប្បាយចិត្តជាខ្លាំងដែលតម្លៃខ្លួនឡើងដល់ខ្ទង់សែន ទោះបីជាការងារមិនទាន់មានច្រើន ក៏ខ្ញុំនៅតែសប្បាយចិត្ត ព្រោះខ្ញុំគិតថាវាជាការផ្លាស់ប្ដូរធំធេង ពីមនុស្សដែលធ្លាប់តែបានខ្ទង់រយបាត ប្ដូរឡើងមកសែនបាត វាមិនមែនជារឿងងាយទេ។ ហើយការងារនេះបានតម្លៃខ្លួនខ្ពស់ ដែលការខិតខំ និង តម្រូវការក៏ខ្ពស់មិនចាញ់គ្នាដែរ ព្រោះជាតួសំខាន់ម្នាក់ គឺត្រូវការហ្វឹកហាត់ និង សម្ដែងឱ្យត្រូវតាមអ្នកដឹកនាំចង់បានវាមិនងាយប៉ុន្មានទេ តែខ្ញុំនឹងរកវិធីអភិវឌ្ឍន៍ខ្លួនឯងបន្ដទៀត»៕