នៅព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២២នេះ អ្នកគាំទ្រ មានការចាប់អារម្មណ៍ និងភ្ញាក់ផ្អើលជាខ្លាំង ក្រោយទទួលដំណឹងថា តារាចម្រៀង ពេជ្រ សោភា បានចូលរោងភ្ជាប់ពាក្យបញ្ចប់ភាពនៅលីវជាមួយតារាសម្ដែង ឆឹម សក្កដា ដែលកន្លងមកល្បីថា បែកបាក់គ្នានោះ។
មុនភ្ជាប់ពាក្យមួយថ្ងៃ, ពោលនៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២២ ពួកគេ ទាំង២នាក់ បានហៅគ្នាថា ជាមិត្តភក្ដិ, មិត្តភក្ដិ ដែលចេះប្រច័ណ្ឌ ហួងហែង ជាដើម ដល់ថ្ងៃកំណត់ ស្រាប់តែលេចវត្តមាន ក្នុងពិធីដ៏ពិសេសនេះ ធ្វើឲ្យអ្នកគាំទ្រភ្ញាក់ក្រញាងតែម្ដង។
ដំណឹងភ្ជាប់ពាក្យរបស់ពួកគេទាំង២នាក់ បានធ្វើឲ្យមិត្តភក្ដិរួមអាជីព និងអ្នកគាំទ្រ រំភើបចិត្តមិនស្ទើរនោះទេ ដោយម្នាក់ៗ ចូលរួមអបអរសាទរព្រោងព្រាត ស្រាប់តែអ្នកនាង ពេជ្រ សោភា បែរជាបង្ហោះសារថា ជាការថតMVទៅវិញ។
បង្ហោះភ្ជាប់ជាមួយរូបថត១សន្លឹកនៅរសៀលថ្ងៃទី១១ ខែវិច្ឆិកា, ពេជ្រ សោភា បានប្រាប់ថា «ព្រឹកមិញMV បទ មិត្ត១០០ឆ្នាំ វគ្គ២ មិត្តភាពយូរអង្វែង Chhoem Sakada មែនអត់មិត្តភក្តិ?តែខ្ញុំហាមតាមគេ ខ្លាចមិត្តភក្តិឯងច្រឡំថាអត់មានមិត្តភក្តិម្នាក់នេះ យើងនៅថតវគ្គ៣ទៀតណា»។ ងាកមក លោក ឆឹម សក្កដា បានប្រាប់ដែរថា «ព្រឹកនេះថត MV បទ មិត្ត១០០ឆ្នាំ វគ្គ២»។
ទោះជា ពេជ្រ សោភា បង្ហោះសារហាក់លេងសើចថាជាការថតMV បទមិត្ត១០០ឆ្នាំ វគ្គ២ក៏ពិតមែន តែអ្នកគាំទ្រជឿជាក់ថា ពិធីមង្គលពិសាស្លាដកកន្លែងរបស់ពួកគេជាការពិត។ អ្វីដែលកាន់តែច្បាស់ទៀតនោះ នៅព្រលប់ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២២នេះ ពេជ្រ សោភា បានបញ្ជាក់បន្ថែមពីស្នេហារបស់ពួកគេ។
បង្ហោះភ្ជាប់ជាមួយស្ក្រីនសតជាច្រើន ពេជ្រ សោភា បានរៀបរាប់ថា «មិនបាច់ប្រាប់អ្នកណាថា យើងស្រលាញ់គ្នាប៉ុនណា មិចបាច់ផ្គាប់ចិត្តអ្នកណាថាយើងស្គាល់គ្នាប៉ុនណា មិនបាច់និយាយច្រើន សំខាន់អ្នកក្នុងផ្ទះដឹងច្រើន អរគុណដែលគោរពពាក្យសន្យា11.11.2016 Pu Da: មីងអាចចាំខ្ញុំបានទេ
11.11.2022 Pu Da: សំខាន់មីងលែងមានអ្នកញ៉ែហើយ»៕