ត្រឹម ១ ឆ្នាំ មានតារាចម្រៀងស្រី ៣ រូប ប្រកាសទម្លាយអាថ៌កំបាំងជីវិតជាសាធារណៈ ផ្អើលអ្នកគាំទ្រ

បើគិតត្រឹមខែវិច្ឆិកា ឆ្នាំ ២០២២ នេះ មានរឿងរ៉ាវឯកជនជាច្រើនរបស់តារាប្រុសស្រី ដែលត្រូវបានមហាជនបានចាប់ក្រសែភ្នែកមើល និង ភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយម្នាក់ៗបានប្រកាសរឿងដ៏អាថ៌កំបាំងនៃជីវិតឯកជនរបស់ខ្លួន ដូចជាខ្លះបានរៀបការរួច ខ្លះទទួលបានទាយាទស្នងត្រកូល និង ខ្លះដឹកដៃគ្នាភ្ជាប់ពាក្យស្ងាត់ៗក៏មាន។

១. តារាចម្រៀង មាស សុខសោភា

តារាចម្រៀង មាស សុខសោភា ធ្វើឱ្យអ្នកគាំទ្រជាច្រើនភ្ញាក់ផ្អើលយ៉ាងខ្លាំងកាលពីចុងឆ្នាំ ២០២១ ដោយកាលនោះអ្នកគាំទ្រ បានត្រឹមដឹងថាអ្នកនាងបានសាងចំណងស្នេហ៍នឹងខ្មែរអនិកជនមួយរូបស្ថិតក្នុងនាមជាសង្សារនឹងគ្នាប៉ុណ្ណោះ ប៉ុន្តែការពិតអ្នកទាំង ២ បានរៀបការយ៉ាងស្ងប់ស្ងាត់ តាំងពីថ្ងៃទី ២៨ ខែធ្នូ ឆ្នាំ ២០០៨ មកម្ល៉េះ។

២. តារាចម្រៀង ពេជ្រ សោភា

កាលពីចុងឆ្នាំ ២០២១ អ្នកនាង ពេជ្រ សោភា ក៏បានធ្វើឱ្យមហាជនភ្ញាក់ផ្អើលម្តងរួចមកហើយ ក្រោយពីអ្នកនាងបានប្រកាសបែកបាក់នឹងលោក ឆឹម សក្កដា ដែលបានសាងចំណងស្នេហ៍រយៈពេល ៥ ឆ្នាំមកនោះ។ ក្រោយបែកបាក់គ្នាប្រមាណជាជិត ១ ឆ្នាំ ស្រាប់តែនៅថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ ២០២២ នេះ តារាចម្រៀងប្រចាំផលិតកម្មហង្សមាសរូបនេះ និង អតីតមិត្តប្រុស បានធ្វើឱ្យអ្នកគាំទ្រភ្ញាក់ផ្អើល និង រំភើបចិត្តយ៉ាងខ្លាំង ដោយអ្នកទាំង ២ បានដឹកដៃគ្នាភ្ជាប់ពាក្យតាមប្រពៃណី។

៣. តារាចម្រៀង ទេព បូព្រឹក្ស

តារាចម្រៀង ទេព បូព្រឹក្ស ក៏បានធ្វើឱ្យអ្នកគាំទ្រ ព្រមទាំងមិត្តក្នុង និង ក្រៅរង្វង់សិល្បៈមានការភ្ញាក់ផ្អើលខ្លាំងណាស់ដែរ ក្រោយពីសាងចំណងស្នេហ៍នឹងលោក ជី ដេវីដ បានរយៈពេល ៦ ឆ្នាំ ហើយនោះ កាលពីថ្ងៃទី ២១ ខែតុលា ឆ្នាំ ២០២២ តារាចម្រៀងស្រីរូបនេះ ក៏បានប្រកាសពពោះកូនដំបូងជាចំណងស្នេហ៍ផងដែរ៕

Related posts