ទីបំផុត Aerin ទម្លាយថ្ងៃរៀបការហើយ ក្រោយគូស្នេហ៍លុតជង្គង់បំពាក់ចិញ្ចៀនបានជិត ១ សប្ដាហ៍

ជឿជាក់ថាប្រិយមិត្តដែលនិយមតាមដានរឿងភាគថៃភាគច្រើនមុខជាបានស្គាល់ច្បាស់ Aerin Yuktadatta តារាស្រីជើងចាស់វ័យ ៣៣ ឆ្នាំ ដែលនិយមសម្ដែងតួកាចឆ្នាស់ មានបទពិសោធលើវិថីសិល្បៈមកជិត ២០ ឆ្នាំហើយមានស្នាដៃរឿងច្រើនរាប់មិនអស់។

កាលពីថ្ងៃទី ៥ ខែវិច្ឆិកា ឆ្នាំ ២០២២ កន្លងទៅនេះ Aerin បានប្រកាសដំណឹងល្អ ក្រោយត្រូវគូស្នេហ៍ហាយសូរដែលមានឈ្មោះថា Benja បានលុតជង្គង់សុំបំពាក់ចិញ្ចៀនរៀបការ ក្រោយទាក់ទងសាងស្នេហ៍ជាមួយគ្នាជាង ៥ ឆ្នាំ។

ក្រោយប្រកាសដំណឹងនេះ Aerin ក៏មិនលាក់ទុកយូរបានដាច់ចិត្តទម្លាយឱ្យដឹងថា ៖ «ខ្ញុំបានរៀបចំពិធីជប់លៀងលាភាពនៅលីវរួចរាល់ហើយចាស ហើយថ្ងៃរៀបការរបស់ពួកយើងក៏ដេញពេលាបានរួចរាល់ដែរ គឺនឹងធ្វើឡើងនៅថ្ងៃទី ២ ខែធ្នូខាងមុខនេះ គឺធ្វើឡើងនៅទីក្រុងបាងកកផ្ទាល់។ យើងក៏មានធ្វើពិធីឆ្លងពិសេសនៅថ្ងៃទី ៤ ខែធ្នូ ដែលនឹងធ្វើឡើងនៅភូកេត ដោយពិធីនោះអាចមិនធំដុំទេ គឺគ្រាន់តែជាការជប់លៀងឆ្លងអាពាហ៍ពិពាហ៍ និង ដំណើរកម្សាន្ដពេលខ្លីជាមួយមនុស្សសំខាន់ៗដូចជាក្រុមគ្រួសារ និង មិត្តភក្តិជិតស្និទ្ធប៉ុណ្ណោះ។ ពេលនេះគ្រប់យ៉ាងគឺពួកយើងបានត្រៀមទុករួចរាល់ប្រមាណជា ៨០ ទៅ ៩០ ភាគរយ គឺរង់ចាំតែថ្ងៃមកដល់ទេចាស»៕

Related posts

Leave a Comment