ទម្លាយឈុតតំណាងជាតិ ឆន ស្រីណេត នឹងគ្រងប្រកួតកម្មវិធី MTI 2022 ឈ្មោះក៏ពីរោះ ហើយមានអត្ថន័យល្អទៀត

បើគិតមកដល់ពេលនេះ រយៈពេល ៤ ថ្ងៃមកហើយ ដែលលំដាប់រងទី ១ Miss Universe Cambodia 2021 កញ្ញា ឆន ស្រីណេត បានចាកចេញពីប្រទេសកម្ពុជា ទៅកាន់ប្រទេសម៉ាឡេស៊ី ក្នុងនាមជា Miss Tourism Cambodia 2022 តំណាងឱ្យកម្ពុជាចូលរួមប្រកួតលើឆាកអន្តរជាតិ Miss Tourism International 2022 លើកទី ២៥។

ជាការពិតដំណើរនៃការប្រកួតនៅកម្មវិធី Miss Tourism International 2022 ចាប់ផ្តើមពីថ្ងៃទី ១១ ខែវិច្ឆិកា ដល់ថ្ងៃទី ២៨ ខែវិច្ឆិកា ឆ្នាំ ២០២២ ដែលបាន និង កំពុងរៀបចំដំណើរការប្រកួតពីបណ្តាបេក្ខភាពបវរកញ្ញាជាច្រើនប្រទេសចូលរួម ហើយមកទល់ពេលនេះ វត្តមានរបស់បវរកញ្ញាជាច្រើនប្រទេសក៏បានជួបជុំគ្នា និង កំពុងតែបង្ហាញសមត្ថភាព ព្រមទាំងហ្វឹកហាត់បន្ថែមទម្រាំដល់ថ្ងៃផ្តាច់ព្រ័ត្រផងដែរ។

គួរឱ្យដឹងថា ការចូលរួមប្រកួតតំណាងឱ្យកម្ពុជាក្នុងកម្មវិធី Miss Tourism International 2022 នេះដែរ កញ្ញា ឆន ស្រីណេត នឹងលើកយកប្រធានបទនិយាយពីការផ្សព្វផ្សាយវិស័យទេសចរណ៍បង្ហាញលើឆាកអន្តរជាតិដ៏ធំនេះ។

ជាងនេះទៅទៀត នៅថ្ងៃទី ១៤ ខែវិច្ឆិកា ឆ្នាំ ២០២២ លោក ម៉ែន និមលរ័ត្ន អ្នកគ្រប់គ្រងកម្មវិធី MUC និង កម្មវិធីប្រកួតជាច្រើនទៀតនោះ បានបង្ហាញនូវឈុតតំណាងជាតិជាផ្លូវការ ដែល Miss Tourism Cambodia 2022 ឆន ស្រីណេត នឹងគ្រងបង្ហាញលើឆាកប្រកួត Miss Tourism International 2022 គឺជាឈុត «នាងទេពអប្សរ»។

ឈុតតំណាងជាតិដែលឆ្លុះបញ្ចាំងពីអរិយធម៌ វប្បធម៌ នៃកេរតំណែលពីដូនតារបស់កម្ពុជានេះដែរ តាមលោក ម៉ែន និមលរ័ត្ន បានរៀបរាប់ពីអត្ថន័យថា ៖ «នាងទេពអប្សរ ជាសមិទ្ធផលមួយក្នុងចំណោមសមិទ្ធផលផ្សេងទៀត ដែលបានកើតឡើងអំពីមហិទ្ធិប្ញទ្ធិនៃការកូរសមុទ្រទឹកដោះរវាងអសុរៈ និង ទេវតា ហើយបានក្លាយទៅជាស្រីរបាំសួគ៌។ ពេលរេរាំ ពពួកនាងតែងកាន់ផ្កាបណ្ណជាតិជានិច្ច ដែលតំណាងឱ្យទេវលោក សុភមង្គល និង ភាពរុងរឿងរបស់សត្តនិករគ្រប់ឋាន»៕

Related posts

Leave a Comment