អំឡុងពេលធ្វើបទសម្ភាសផ្សាយផ្ទាល់ជជែកកម្សាន្តជាមួយអ្នកគាំទ្រ កាលពីថ្ងៃទី ១៣ ខែវិច្ឆិកា ឆ្នាំ ២០២២ កន្លងទៅ តារាសម្ដែងស្រីហុងកុង Charmaine Sheh បានបង្ហើបពីគំនិតផ្ទាល់របស់នាង ទៅលើជីវិតអាពាហ៍ពិពាហ៍ និង ជីវិតនៅលីវរបស់នាង បើទោះជាពេលនេះនាងមានអាយុជិតចូល ៥០ ឆ្នាំក៏ដោយ។
ក្នុងកម្មវិធីជជែកនោះ Charmaine បាននិយាយថា ៖ «ពិតណាស់ ការស្វែងរកដៃគូរួមជីវិត និង រស់នៅជាមួយគ្នា គឺជារឿងដ៏រីករាយ ប៉ុន្តែនៅពេលដែលអ្នកមិនអាចរកឃើញមនុស្សត្រូវចិត្តនោះ សូមអ្នកផ្តោតលើរឿងដែលអ្នកចាប់អារម្មណ៍វិញ។ អ្នកនឹងសប្បាយចិត្តជាមួយនឹងទំនាក់ទំនងស្និទ្ធស្នាល ហើយមិនចាំបាច់ខ្វល់ខ្វាយច្រើនពេកអំពីជីវិតអាពាហ៍ពិពាហ៍ឡើយ»។
ជាមួយគ្នានោះ តារាស្រីរូបនេះបន្ថែមថា ៖ «ខ្ញុំអត់ខ្វល់រឿងខ្លួនឯងមិនទាន់រៀបការទេ ខ្ញុំសប្បាយចិត្តជាមួយនឹងគ្រួសាររបស់ខ្ញុំនាពេលបច្ចុប្បន្ន ខ្ញុំមានសុខភាពល្អ និង មានមិត្តភក្តិល្អច្រើន ហើយខ្ញុំអាចធ្វើការងារដែលខ្ញុំស្រឡាញ់ អាចហូបចុកបានស្រួល និង សម្រាកបានល្អ។ ប៉ុណ្ណឹងខ្ញុំសប្បាយចិត្តហើយ អ្វីដែលសំខាន់បំផុតក្នុងជីវិតគឺការពេញចិត្តនឹងអ្វីដែលយើងមាន បើសិនអ្នកពេញចិត្តគ្រប់យ៉ាងពេលនេះ នោះអ្នកនឹងមានអារម្មណ៍ថាស្ងប់សុខ»។
ដូចដែលអ្នកគាំទ្រវិស័យភាពយន្តហុងកុង ដែលស្គាល់ Charmaine Sheh មកហើយ ឥឡូវនេះតារាស្រីរូបនេះ មានអាយុ ៤៧ ឆ្នាំហើយ នាងគឺជាតារាស្រីដែលមានជាងគេ និង ទទួលបានប្រាក់ខែខ្ពស់នៅក្នុងឧស្សាហកម្មកម្សាន្តហុងកុង។ បើតាមការចុះផ្សាយរបស់ HK01 កន្លងទៅ តារាស្រីរូបនេះមានប្រាក់ប្រចាំឆ្នាំលើសពី ១២ ៨០០ ០០០ ដុល្លារអាមេរិក។ ក្រៅពីនេះ នាងក៏បានបោះទុនយ៉ាងច្រើនលើវិស័យអចលនទ្រព្យផងដែរ៕