ផ្ទុះសរសើរ ឆន ស្រីណេត បង្ហាញក្បាច់គុនល្បុក្កតោខ្មែរ លើឆាក MTI វគ្គ Talent Show

បើគិតមកដល់ពេលនេះ រយៈពេល ៦ ថ្ងៃមកហើយ ដែលលំដាប់រងទី ១ Miss Universe Cambodia 2021 កញ្ញា ឆន ស្រីណេត បានចាកចេញពីប្រទេសកម្ពុជា ទៅកាន់ប្រទេសម៉ាឡេស៊ី ក្នុងនាមជា Miss Tourism Cambodia 2022 តំណាងឱ្យកម្ពុជាចូលរួមប្រកួតលើឆាកអន្តរជាតិ Miss Tourism International 2022 លើកទី ២៥។

ជាការពិតដំណើរនៃការប្រកួតនៅកម្មវិធី Miss Tourism International 2022 ចាប់ផ្តើមពីថ្ងៃទី ១១ ខែវិច្ឆិកា ដល់ថ្ងៃទី ២៨ ខែវិច្ឆិកា ឆ្នាំ ២០២២ ដែលបាន និង កំពុងរៀបចំដំណើរការប្រកួតពីបណ្តាបេក្ខភាពបវរកញ្ញាជាច្រើនប្រទេសចូលរួម ហើយមកទល់ពេលនេះវត្តមានរបស់បវរកញ្ញាជាច្រើនប្រទេសក៏បានជួបជុំគ្នា និង កំពុងតែបង្ហាញសមត្ថភាព ព្រមទាំងហ្វឹកហាត់បន្ថែមទម្រាំដល់ថ្ងៃផ្តាច់ព្រ័ត្រផងដែរ។

គួរឱ្យដឹងថា ការចូលរួមប្រកួតតំណាងឱ្យកម្ពុជាក្នុងកម្មវិធី Miss Tourism International 2022 នេះដែរ កញ្ញា ឆន ស្រីណេត នឹងលើកយកប្រធានបទនិយាយពីការផ្សព្វផ្សាយវិស័យទេសចរណ៍បង្ហាញលើឆាកអន្តរជាតិដ៏ធំនេះ។

ជាងនេះទៅទៀត នៅថ្ងៃទី ១៤ ខែវិច្ឆិកា ឆ្នាំ ២០២២ កន្លងទៅ កម្មវិធីឈានដល់វគ្គប្រកួតឈុតតំណាងជាតិ ដែល Miss Tourism Cambodia 2022 ឆន ស្រីណេត បានគ្រងឈុត «នាងទេពអប្សរ»បង្ហាញលើឆាកប្រកួត Miss Tourism International 2022 នេះ។

ដោយឡែក មកដល់ថ្ងៃទី ១៦ ខែវិច្ឆិកា ឆ្នាំ ២០២២ នេះ កម្មវិធី Miss Tourism International 2022 ក៏បានរៀបចំធ្វើការប្រកួតវគ្គ Talent Show ដែលកម្មវិធីបានតម្រូវឱ្យបេក្ខភាពបវរកញ្ញាតំណាងប្រទេសនីមួយៗបង្ហាញសមត្ថភាពរៀងៗខ្លួន។

ក្នុងនោះ ក្រឡេកមើលបវរកញ្ញាកម្ពុជា ឆន ស្រីណេត វិញ កំពុងផ្ទុះការចាប់អារម្មណ៍ និង សរសើរខ្លាំងពីមហាជនអ្នកគាំទ្រខ្មែរ ដែលបានឃើញកញ្ញាលើកយកក្បាច់គុនល្បុក្កតោបង្ហាញយ៉ាងអស្ចារ្យលើឆាកអន្តរជាតិក្នុងវគ្គ Talent Show នេះផងដែរ៕

Related posts

Leave a Comment