តារា ៣ រូប ជាអ្នកខេត្តព្រះសីហនុ សាងភាពល្បីល្បាញខ្លាំងលើវិស័យសិល្បៈ

ដូចមហាជនបានជ្រាបមកហើយ មានតារាប្រុសស្រីជាច្រើនក្នុងវិស័យសិល្បៈ ដែលកំពុងតែរះព្រោតព្រាតទទួលបានភាពល្បីល្បាញ ដោយម្នាក់ៗមកពីបណ្តាខេត្តផ្សេងៗគ្នាជាច្រើន។ ក្នុងនោះ ក៏មានតារាប្រុសស្រីជាច្រើនក៏មានស្រុកកំណើតមកពីខេត្តព្រះសីហនុផងដែរ។

ជាក់ស្តែង មកមើលតារាប្រុសស្រី ៣ រូប ដែលជាអ្នកខេត្តព្រះសីហនុ រួមមានតារាចម្រៀងរ៉េប វណ្ណដា តារាចម្រៀងរ៉េប ពូឃ្លាំង និង Miss Grand Cambodia 2022/ Miss Grand International 2022 លំដាប់រងទី ៥ កញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី ដែលសុទ្ធសឹងតែជាតារាល្បី ជាពិសេសគឺកំពុងផ្ទុះប្រជាប្រិយភាពខ្លាំងក្នុងឆ្នាំ ២០២២ នេះ។

១. វណ្ណដា

កំពូលតារារ៉េបជំនាន់ក្រោយ វណ្ណដា គឺជាកូនអ្នកខេត្តព្រះសីហនុ ដោយកាលពីតូច មុនពេលលោកចូលសិល្បៈ លោកធ្លាប់ប្រកបរបរជាក្មេងកោសដូងលក់នៅផ្សារ។ យ៉ាងណា ត្រឹមរយៈពេលខ្លីលើវិថីសិល្បៈ វណ្ណដា ក៏បានក្លាយទៅជាតារាចម្រៀងរ៉េបវ័យក្មេង និង ជាលំដាប់ Rapper ជួរមុខនៅប្រទេសកម្ពុជា។ ជាងនេះទៅទៀត ក្នុងឆ្នាំ ២០២២ នេះ តារាចម្រៀងរ៉េបប្រចាំផលិតកម្មបារមីរូបនេះ បានបំបែកកំណត់ត្រាទទួលបានភាពល្បីល្បាញខ្លាំងទាំងក្នុង និង ក្រៅប្រទេស។

២. ពូ ឃ្លាំង

តារាចម្រៀងរ៉េបរៀមច្បង ពូ ឃ្លាំង មានឈ្មោះបោះសំឡេងតាំងពីប្រមាណជាង ១៥ ឆ្នាំមុនមកម្ល៉េះ។ លោកក៏ជាអ្នកខេត្តព្រះសីហនុដូចគ្នាដែរ។ កាលនោះ គេចាំបានថា លោកក៏ទទួលបានពានរង្វាន់ ជាតារាចម្រៀងរ៉េបមានប្រជាប្រិយភាពខ្លាំងនាពេលកន្លងមកផងដែរ។ ក្នុងឆ្នាំ ២០២២ នេះ ពូ ឃ្លាំង ក៏បានវិលត្រលប់មកកាន់វិថីសិល្បៈជាថ្មី ដោយផ្ទុះប្រជាប្រិយភាពខ្លាំងដូចដើម តាមរយៈបទ «គ្រលាស់»។

៣. ពេជ្រ វត្តីសារ៉ាវឌ្ឍី

Miss Grand Cambodia 2022 និង ជា Miss Grand International 2022 លំដាប់រងទី ៥ កញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី ក៏មានស្រុកកំណើត មកពីខេត្តព្រះសីហនុ ផងដែរ។ ក្រោយពីក្តោបតំណែងជា MGC 2022 និង ជា MGI 2022 លំដាប់រងទី ៥ កញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី ផ្ទុះការគាំទ្រយ៉ាងខ្លាំង ពីសំណាក់អ្នកគាំទ្រក្នុងស្រុក និង ក្រៅស្រុកផងដែរ។ បច្ចុប្បន្ន តារាស្រីរូបនេះ ក៏កំពុងក្តោបការងារជាច្រើន នៅឯប្រទេសថៃទៀតផង៕

Related posts

Leave a Comment