បើទោះជារំលងផុតទៅជាច្រើនថ្ងៃហើយក្តី តែរឿងរ៉ាវនៃការបែកធ្លាយបទចម្រៀងមួយ Folder របស់ វណ្ណដា នៅតែជាប្រធានបទក្តៅគគុកនៅលើបណ្តាញសង្គមហ្វេសប៊ុក សម្រាប់អ្នកគាំទ្រតារាចម្រៀងរ៉េបរូបនេះ។ មិនត្រឹមតែប៉ុណ្ណោះ មហាជនអ្នកគាំទ្រនៅតែបន្តសំនួរជាច្រើនពាក់ព័ន្ធនឹងបុគ្គលដែលបានធ្វើឱ្យបែកធ្លាយចម្រៀងនោះថា៖ «ហេតុអ្វីមិនបង្ហាញមុខ?»។
ជាការពិតណាស់ ក្រោយពី វណ្ណដា បានប្រកាសថាបោះចោលចម្រៀងមួយ Folder ដែលបានបែកធ្លាយ ហើយនោះ សង្ហា ដែលជាមិត្តជំនិត និង ជាអ្នកគ្រប់គ្រង Folder ចម្រៀង វណ្ណដា ក៏បានចេញមកបញ្ជាក់ដើមហេតុដែរថា ចម្រៀងនោះគឺត្រូវបានគេលួចចម្លងចេញពីកុំព្យូទ័រស្ទូឌីអូផ្ទាល់ខ្លួនរបស់លោកផ្ទាល់ ហើយក្មេងម្នាក់នោះ គឺជាបុគ្គលដែល សង្ហា បានផ្ដល់ឱកាសឱ្យចូល Studio ដើម្បីផលិតបទផ្ទាល់ខ្លួន ហើយមានឱកាសបានដុសខាត់ សមត្ថភាពទាំងដែលបុគ្គលមិនមែនជាសមាជិករបស់ La Cima Cartel & Baramey Crew នោះទេ។
យ៉ាងណាមិញ បើទោះជាផលិតកម្ម បារមី និង វណ្ណដា បានចេញមុខមកប្រាប់ពីមូលហេតុនៃការបែកធ្លាយដូចទៅនឹងការបកស្រាយរបស់ សង្ហា ខាងលើនេះដែរ តែមហាជនជាច្រើន នៅកាន់តែជជីកសួរចង់ឃើញបុគ្គលអ្នកចម្លងចម្រៀងនោះយកទៅ រហូតខ្លះលើកឡើង និង ចោទថាមូលហេតុដែលមិនបានបង្ហាញមុខបុគ្គលនោះ គឺអាចពាក់ព័ន្ធនឹង សង្ហា ក៏ថាបាន។
ការចោទប្រកាន់ទៅ សង្ហា នៅតែបន្តមានជាហូរហែរបែបនេះ ធ្វើឱ្យអ្នកជិតដិតក្រោមផលិតកម្មបារមី លោក All3rgy (អលជ្ជី) តារាចម្រៀងរ៉េបនៃផលិតកម្ម La Cema Cartel និង សមាជិកនៃក្រុមចម្រៀង La Cema ក៏បានចេញមុខមករៀបរាប់ និង ទម្លាយច្បាស់ៗពីមូលហេតុនៃការលាក់មុខរបស់បុគ្គលទី ៣ នោះថា៖ «ខ្ញុំមិនដែលចង់ ហើយក៏មិនដែលបានបញ្ចេញមតិអ្វីនៅក្នុងបណ្ដាញសង្គមទេ ព្រោះតែគិតថាខ្ញុំជាសិល្បៈករម្នាក់ ត្រូវធ្វើជាគំរូដល់មហាជន និង អ្នកគាំទ្ររបស់ខ្ញុំទាំងអស់។ ខ្ញុំពិតជាទទួលយកមិនបាននៅពេលដែល ឃើញការចោទប្រកាន់ទាំងគ្មានហេតុផល និង ព័ត៍មានដែលគ្មានប្រភពច្បាស់លាស់ ពីសំណាក់មនុស្សមួយចំនួន និង Page សារព័ត៍មានជាច្រើនផ្សេងទៀត។ ខំវែកញែក ខំសន្និដ្ឋានសព្វគ្រប់ទាំងមិនដឹងថា ស្គាល់ពួកខ្ញុំពីពេលណា ធ្លាប់ជួប ធ្លាប់ស្និទ្ធស្នាល ធ្លាប់រស់នៅដឹងចិត្តថ្លើមពីពួកខ្ញុំប៉ុណ្ណា។ ហេតុអីដឹងច្បាស់ម្ល៉េះ? បញ្ហារបស់ពួកខ្ញុំ នៅក្នុងចង្កោមពួកខ្ញុំ ដោះស្រាយនៅក្រោមដំបូលផ្ទះពួកខ្ញុំ ដូច្នេះមានតែពួកខ្ញុំទើបដឹងរឿងនេះច្បាស់។ មូលហេតុ ដែលពួកយើងមិនបង្ហាញមុខជនទី ៣ ដែលធ្វើឱ្យបែកធ្លាយបទចម្រៀងទាំងអស់នោះ ដោយសារតែគោលបំណងតែមួយគត់ គឺចង់រក្សាសុវត្ថិភាពដល់ក្មេងម្នាក់នោះ តែមិននឹកស្មានថាបំណងល្អត្រូវបានសងត្រលប់មកវិញ ដោយការចោទប្រកាន់យ៉ាងដូចច្នេះទេ។ ណុំ ចាន់រតនៈ ជារៀមច្បងទាំងក្នុងការងារ ជាបងប្រុស និង ជាអ្នកដែលតែងឱ្យដំបូន្មានខ្ញុំ គាត់ធ្លាប់និយាយមិនខុស «មិនបាច់ទាមទារអ្នកណាឲ្យមកជឿយើងទេ ត្រឹមមានអ្នកក្បែរខ្លួនជឿ និង យល់ គឺគ្រប់គ្រាន់»។ ដូច្នេះ មានតែសុំចិត្ដអ្នកទាំងគ្នា ឈប់ចោទប្រកាន់ និង ស្មានតាមគំនិតអវិជ្ជមានរបស់អ្នកទាំងអស់គ្នា មកលើគាត់ទៀតទៅ។ អរគុណ»៕