អ្នកដឹកនាំសម្ដែងដ៏ល្បីប្រចាំស្ថានីយទូរទស្សន៍ហង្សមាស លោក កៅ សីហា បានប្រកាសដំណឹងដ៏រំភើបមួយសម្រាប់អ្នកគាំទ្រតារាសម្ដែង សឿ សុធារ៉ា និង កូនស្រី ដោយលោកបានប្រកាសយកនាងតូច សាពូន ដារ៉ាភិមាន ដែលជាក្មេងស្រីមានឈាមជ័រសិល្បៈពេលខ្លួនេះ មកកែច្នៃឱ្យមានពន្លឺចែងចាំងរះលើវិថីសិល្បៈ។
ក្នុងនោះលោក កៅ សីហា ក៏បានទម្លាយពីអត្តចរិតរបស់នាងតូច សាពូន ដារ៉ាភិមាន ដែលជាកូនស្រីតារាសម្ដែង សឿ សុធារ៉ា ថា ៖ «សាពូន ដារ៉ាភិមាន ជាកុម៉ារីម្នាក់ដែលមានឈាមជ័រសិល្បៈដ៏ជោគជាំ ពីឪពុកម្ដាយ គឺបង សាពូន មីដាដា និង ប្អូនស្រី សឿ សុធារ៉ា។ ភិមាន ជាកូនស្រីច្បងមានអត្តចរិតសមសួន សុភាព ចេះគួរសម ស្គាល់ចាស់ទុំ ពិសេសនាងមានទេពកោសល្យសិល្បៈពេញខ្លួន ទាំងសម្ដែង និងច្រៀង»។
អ្នកដឹកនាំរឿងខាងលើនៅបន្តទៀតថា លោកបានយកម្ដាយកូន សឿ សុធារ៉ា ឱ្យចូលសម្ដែងរឿងមួយរយៈមកហើយ។ រឿងដែលរំភើបនោះ លោក កៅ សីហា បានលើកឡើងចំពោះកុមារី សាពូន ដារ៉ាភិមាន ថា ៖ «ខ្ញុំសូមផ្ញើតួឯកស្រីវ័យក្មេង មួយដួងនេះក្នុងក្រអៅបេះដូងរបស់បងប្អូនគ្រប់ស្រទាប់វណ្ណៈនៃវិស័យសិល្បៈទម្រង់ទី ៧ នេះផង។ ដុំពេជ្រមួយគ្រាប់នេះ ខ្ញុំបានយកមកកែច្នៃឱ្យមានពន្លឺចែងចាំង ជះរស្មី លើវិថីសិល្បៈចាប់ពីពេលនេះតទៅ»។
ក្រោយឃើញការរៀបរាប់របស់អ្នកដឹកនាំរឿងដ៏ល្បីរូបនេះ ក៏បានធ្វើឱ្យមហាជនជាច្រើនជួយត្រេកអរជំនួសម្ដាយកូន សឿ សុធារ៉ា ព្រោះថាពេលនេះនាងកំពុងជួបបញ្ហាជីវភាព ថែមទាំងមានជំងឺបាក់ទឹកចិត្តប្រចាំកាយទៀត៕